ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Harry Kane រកបាន​ ៤​គ្រាប់​ម្នាក់ឯង ពេលដែល​ក្រុម Spurs​ លត់​ក្រុម Leicester ៦-១​ នៅ Premier League ​

កីឡាករ Harry Kane បាន​បោះជំហាន​ឆ្ពោះទៅ​ការបញ្ចប់​រដូវ​កាល​បាល់ទាត់​កំពូល​អង់គ្លេស Premier League ក្នុងនាម​ជា​កំពូល​អ្នករក​គ្រាប់​បាល់​ជាមួយនឹង​ការរកបាន​ ៤​គ្រាប់​ម្នាក់ឯង ​ពេលដែល​ក្រុម Spurs​ លត់​ក្រុម Leicester ៦-១​ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។​

ថ្វី​ត្បិត​តែ​ក្រុម Spurs​ មិនអាច​ដណ្តើម​ជើងឯក ​Premier League​ ពី​ក្រុម​ Chelsea យ៉ាងណាក្តី តែ​ក្រុម​របស់លោក Mauricio Pochettino ធ្វើបាន​យ៉ាង​អស្ចារ្យ​បំផុត ហើយ​កីឡាករ Kane បានបង្ហាញ​យ៉ាងច្បាស់​ថា លោក​នឹងមាន​អនាគត​បវរ​រុងរឿង សម្រាប់​រដូវ​កាល​ក្រោយ​។​



កីឡាករ​ Kane កំពុង​តាម​ប្រមាញ់​ស្បែកជើង​មាស​ប្រចាំ​នៅ Premier League​ ហើយ​ខ្សែប្រយុទ្ធ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្នាក់នេះ ពិតជា​ធ្វើបាន​មិន​ខកបំណង​របស់ខ្លួន​ឡើយ ពេលដែល​គាត់​ជាន់ពន្លិច​ក្រុម Leicester ដល់​បាតទន្លេ​ជាមួយនឹង​ការ​ទម្លុះ​ខ្សែការពារ នឹង​ឡើង​មកឈរ​នៅលើ​កំពូល​តារាង​កំពូល​អ្នករក​គ្រាប់​បាល់​មាន​ ២៦​គ្រាប់​។​

ដោយឡែក កីឡាករ ​Romelu Lukaku របស់​ក្រុម Everton ​ឈរ​នៅ​លេខ​២ មាន​២៤​គ្រាប់ ប៉ុន្តែ​កីឡាករ Kane ​ឈរ​នៅលើ​ទីតាំង​ល្អ​បំផុត ហើយ​ទំនងជា​អាច​ឈ្នះ​រង្វាន់​មួយ​នេះ នៅ​ការប្រកួត​ផ្តាច់ព្រ័ត្រ​ប្រចាំ​រដូវ​កាល​របស់​ក្រុម ជាមួយ​ក្រុម​ Hull នា​ថ្ងៃអាទិត្យ​ខាងមុខនេះ​។​



ខណៈនោះ​ដែរ កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ Son Heung-Min រកបាន​២​គ្រាប់​ផងដែរ​ឲ្យ​ក្រុម Spurs ដែល​រកបាន​ជ័យជំនះ​១១​លើក​ពី​១២​ប្រកួត​ចុងក្រោយ​របស់​ពួកគេ ក្រោយ​កីឡាករ Ben Chilwell រកបាន​១​គ្រាប់​វិញ​ឲ្យ​ក្រុម Leicester នៅក្នុង​តង់​ទី​២​។​

ក្រុម Spurs​ ដែល​ធានាបាន​តំណែង​លេខ​២​ហើយ​នោះ ឥឡូវ​មាន​ពិន្ទុ​ច្រើនជាង​ពេលដែល​ក្រុម Leicester បានឈ្នះ​ក្រុម league កាលពី​រដូវ​កាល​មុន ប៉ុន្តែ​កីឡាករ​របស់លោក ​Pochettino​ ហាក់ដូចជា​ខកចិត្ត​ខ្លាំង​ចំពោះ​ការយឺតយ៉ាវ​នៃ​ការដណ្តើម​ជើងឯក​របស់​ពួកគេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684