ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​ផ្តល់​អាហារូបករណ៍​សិក្សា​ខ្លី ​ដល់​គ្រូ​បច្ចេកទេស​ និង ​មន្ត្រីរាជការ​កម្ពុជា

ភ្នំពេញ​ ៖​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ជូនដំណឹង​ដល់​សាធារណជន​ទាំងពីរ​ភេទ​ឲ្យ​បាន​ជ្រាប​ថា Foreign & Overseas Chinese Affairs and Hong Kong & Macao Affairs Office of Beihai Municipal Government នៃ​ប្រទេស​ចិន បានផ្តល់​អាហារូបករណ៍​ចំនួន ១៥០ កន្លែង (៣០ កន្លែង​/​វគ្គ​) ដល់​គ្រូ​បច្ចេកទេស និង​មន្ត្រីរាជការ​កម្ពុជា សម្រាប់​វគ្គ​បណ្តុះបណ្តាល​រយៈពេល ៣​ខែ លើ​មុខជំនាញ​មួយចំនួន​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៧​ឧសភា។

មុខជំនាញ​ទាំងនោះ​រួមមាន​អេ​ឡេច​ត្រូ​និ​ក ជលផល ភាសា​ចិន គ្រប់គ្រង​សណ្ឋាគារ​និង​កុំព្យូទ័រ​។ វគ្គ​បណ្តុះបណ្តាល​ខ្លី​នេះ​ខាង​ភាគី​ចិន​ធានារ៉ាប់រង​លើ​ការ​ចំណាយ​ការរៀនសូត្រ ការ​ស្នាក់នៅ ការ​ហូបចុក​និង​ការធានារ៉ាប់រង​រីឯ​ការចំណាយ​លើ​សំបុត្រ​យ​ន្ត​ហោះ​ទៅ​មកជា​បន្ទុក​របស់​សាមីជន។

ប្រសិនបើ​បេក្ខជន​ណា​ជា​មន្ត្រីរាជការ​ណា ​មាន​ចំណាប់អារម្មណ៍​ចង់​ទៅ​បន្ត​ការសិក្សា​នូវ​មុខជំនាញ​ទាំងនេះ​ អាច​មក​ទាក់ទង​នៅ​ការិយាល័យ​អាហារូបករណ៍​នៃ​នាយកដ្ឋាន​គ្រប់​គ្រង​គ្រឹះស្ថានសិក្សា​ស្ថិតនៅ​អគារ​លេខ​៣​ផ្លូវ​មហាវិថី​សហព័ន្ធ​រុស្សី​ សង្កាត់​ទឹកល្អក់​១ ​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​ ដែល​កាលបរិច្ឆេទ​នៃ​ការ​ឈប់​ទទួល​ពាក្យ​ត្រូវ​បាន​ពន្យារ​រហូតដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៧៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684