ព័ត៍មានទាន់​ហេតុការណ៏
Search

ជើងឯក​អាស៊ាន​ ៖ U-15 នារី​កម្ពុជា ជួប​មី​យ៉ាន់​ម៉ា វគ្គ​លេខ​៣ ហើយ​ហ្វីលីពីន ប៉ះ​ថៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ

ពានរង្វាន់​ជើងឯក​យុវនារី​បាល់ទាត់​តំបន់​អាស៊ាន (AFF U15 Woman Championship 2017) ដែល​រៀបចំ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ បាន​ធ្វើ​ដំណើរ​ដល់​ប្រកួត​ថ្ងៃ​ចុងក្រោយ​ហើយ​នៅ​ថ្ងៃសៅរ៍ ទី​២០ ខែឧសភា ឆ្នាំ​២០១៧ នេះ​ដោយ​ក្រុម​យុវនារី​ក្រោម​អាយុ​១៥​ឆ្នាំ (U-15) របស់​កម្ពុជា ជួប​ក្រុម​មី​យ៉ាន់​ម៉ា ក្នុង​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ ហើយ​ក្រុម​ហ្វីលីពីន ត្រូវ​ជួប​ក្រុម​ថៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

សរុប​លទ្ធផល​សរុប​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នា​ពេល​កន្លងមក​ក្រុម​កម្ពុជា បាន​ចាញ់​ក្រុម​ថៃ ៦​ទល់​០ ហើយ​ក្រុម​ហ្វីល​ពី​ន បាន​យកឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា ៣​ទល់​២​។ ចំពោះ​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ រវាង​ក្រុម​ចាញ់​និង​ចាញ់ គឺ​កម្ពុជា និង​មី​យ៉ាន់​ម៉ា ត្រូវ​ជួបគ្នា​នៅ​វេលា​ម៉ោង​៤​រសៀល ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ថៃ និង​ហ្វីល​ពី​ន នៅវេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច។

ពានរង្វាន់​នេះ ​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) ដោយមាន​ក្រុម​ចំនួន​៩ ចូលរួម ចាប់​ប្រកួត​ពីថ្ងៃ​ទី​៨ ដល់​២០ ខែឧសភា ឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន KM16 Stadium ខណៈ​ការប្រកួត​បែងចែក​ជា​ដំណាក់កាល​វគ្គ​ជម្រុះ​តាម​ពូ​ល វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​។ ការប្រកួត​សម្រាប់​នារី​នេះ​តម្រូវ​ឲ្យ​ប្រើ​រយៈពេល​៤០​នាទី​ចំនួន​២ លើក​ដើម្បី​ប្រកួត​យកឈ្នះ​ចាញ់​។ ក្រុម​ទាំង​២​ពូ​ល​មាន​ពូ​ល A​មាន​ម្ចាស់ផ្ទះ​ឡាវ​, ថៃ​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា និង​វៀតណាម ហើយ​ពូ​ល B មាន​កម្ពុជា សិង្ហ​បុរី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​។

បើ​និយាយ​តែ​លទ្ធផល​របស់​ក្រុម​កម្ពុជា គឺ​ប្រកួត​បើកឆាក​ពូ​ល B ឈ្នះ​សិង្ហ​បុរី ២​ទល់​១ ហើយ​ប្រកួត​បន្ទាប់​ចាញ់​ហ្វីលីពីន ៣​ទល់​០ និង​បន្ត​ស្មើ​ជាមួយ​ឥណ្ឌូណេស៊ី ១​ទល់​១ ខណៈ​ជំនួប​ចុងក្រោយ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចាញ់​ថៃ ៦​ទល់​០​។

លោក មាស សំអឿន អតីត​គ្រូ​បង្វឹក​របស់​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត វេ​ស្ទើ​ន​ភ្នំពេញ និង​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​ក​ម្ពុ​ជា ត្រូវ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តែងតាំង​ឲ្យ​ដឹកនាំ​ក្រុមបាល់ទាត់​នារី​របស់​កម្ពុជា​។ លោក​ធ្លាប់​មាន​បទពិសោធន៍​សិក្សា​វគ្គ​គ្រូបង្វឹក​បាល់ទាត់​នារី ហើយ​ធ្លាប់បាន​ដឹកនាំ​ក្រុមបាល់ទាត់ U-14 របស់​កម្ពុជា ចេញទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​ឡាវ កាលពី​ឆ្នាំ​២០១៦ កន្លងទៅនេះ​ផងដែរ​។

សម្រាប់​កីឡាការិនី ដែល​ធ្វើដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម​មាន​ចំនួន​២៣​នាក់​ដូចជា ថុល ពិសី​, ភឺន ស្រី​ល័​ក្ខ​, ជឿន គា​នី​, មូល ស្រី​ផែ​, លឹម សុជា​, ជុំ សុ​រី​, ឆន ស្រី​នី​ត​, យ៉​ន សោ​ភ័​ណ្ឌ​រស្មី​, ផឹ​ម ស៊ី​និ​ត​, ទី សំណាង​, ហ៊ា ស្រី​ឡាស់​, ញ៉ ស្រី​ណែ​ត​, ពឿ​ន គ​ន្ធា​, កឿ​ន សុ​កេ​នី​ត​,​ហឿង សា​រិ​, នន មិនា​, ពេ​ជ យូ​ឈុន​អ៊ី​, ក​យ មួយ​កញ្ញា​, សំ​រ៉ិ​ត និមល​, ចាន់ ធី​ន​, ចាយ ស្រី​លាប​, ជិន សូ​វៀត និង វៃ ស្រី​ទូច។

សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន ធ្លាប់​បាន​បង្កើត​ពានរ​ង្វាន់​បាល់ទាត់​នារី U-13, U-14, U-15 និង​ឈុត​ធំ​ដាក់​ឲ្យ​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ប្រកួតប្រជែង ខណៈ​កម្រិត U-15 នេះ​ខាន​រៀបចំ​តាំងពី​ឆ្នាំ​២០០៩ មក​ម្ល៉េះ ដោយ​កាលនោះ​ក្រុម​អូស្ត្រាលី ឈ្នះ​ជើងឯក​ក្រោយ​យកឈ្នះ​លើ​ក្រុម​ថៃ ដោយ​លទ្ធផល ៨​ទល់​០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ក្រុម​វៀតណាម ឈ្នះ​បាន​លេខ​៣ ក្រោយ​បំបាក់​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា A ដោយ​លទ្ធផល ៣​ទល់​០៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684