ព័ត៍មានទាន់​ហេតុការណ៏
Search

លោក សុខ ឥសាន ​៖ សមិទ្ធផល​សន្តិភាព និង​ការ​អភិ​វ​ឌ្ឍ​គ្មាន​បាតដៃ​របស់​បក្សប្រឆាំង​បន្តិច​ឡើយ​

​ភ្នំពេញ ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើងថា សមិទ្ធផល​សង្គមជាតិ ដែលមាន​ព្រោងព្រាត​នា​សព្វថ្ងៃនេះ គឺជា​ស្នាដៃ​ផ្តាច់មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​បាតដៃ​របស់​គណបក្សប្រឆាំង គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​បន្តិច​ណា​ឡើយ មានតែ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ ហើយ​មិនតែប៉ុណ្ណោះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ស្ថាបនិក​នៃ​សន្តិភាព និង​ការ​អភិ​វ​ឌ្ឍ​ទៀតផង​។​

តាម​លោក សុខ ឥសាន ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហ៊ាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជ​សាស​ន៍ សង្គ្រោះ​អាយុជីវិត​ប្រជាជន​ឲ្យ​រួច​ផុតពី​ការកាប់សម្លាប់ ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ជីវភាព ស្វែងរក​ដំណោះស្រាយ​នយោបាយ​តាម​នយោបាយ​បង្រួបបង្រួម​ជាតិ ឈានដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣ ខែតុលា ឆ្នាំ១៩៩១ ចូលរួម​បោះឆ្នោត​សកល​ឆ្នាំ​១៩៩៣ បង្កើតរ​ដ្ឋ​ធម្មនុញ្ញ​ថ្មី ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ នាំមក​នូវ​សន្តិភាព​ពេញ​លេញ​ជូន​មាតុភូមិ ដឹកនាំ​កសាង​ និង​អភិ​វ​ឌ្ឍ​ប្រទេស​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​បច្ចុប្បន្ន កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាជន​បានល្អ​ប្រសើរ​។​


​ចំណែក​បក្សប្រឆាំង​មានតែ​សកម្មភាព​ប្រឆាំង ធ្វើ​ឲ្យ​រាំងស្ទះ​ប៉ុណ្ណោះ មានដូចជា ប្រឆាំង​ផែនការ​ទប់ស្កាត់​មិន​ឲ្យ​ពួក​ប៉ុលពត​ត្រឡប់មកវិញ ចង់​ឲ្យ​ពួក​វាល ពិឃាដ​ត្រឡប់មកវិញ​, ធ្វើ​សកម្មភាព​បាតុកម្ម​តូចធំ បង្ក​ឲ្យសង្គមជាតិ​វឹកវរ​ចលាចល​, អំពាវនាវ​ឲ្យ​បរទេស​កាត់​ជំនួយ កសាង​អភិ​វ​ឌ្ឍ​។ បំភិតបំភ័យ​អ្នក​វិនិយោគិន​មិន​ឲ្យ​ចូល​មករក​ស៊ី ​ក្នុងប្រទេស​កម្ពុជា​, ញុះញង់​ឲ្យ​កម្មករនិយោជិកធ្វើបាតុកម្ម​​ទាមទារ​នោះទាមទារ​នេះ បំភិត​បំភ័យ​វិនិយោគិន​ឲ្យ​ចេញទៅ​ក្រៅប្រទេស​, ញុះញង់​ប្រជាជន​តវ៉ា​មិន​ឲ្យ​រាជរដ្ឋាភិបាល​អភិ​វ​ឌ្ឍ​​ទំនប់​វា​រី​អគ្គិសនី មិន​ឲ្យ​កសាង​រោងចក្រ​សហគ្រាស​។​ល​។​, ញុះញង់​ប្រជាជន​តវ៉ា​មិន​ឲ្យ​មានការ​អភិ​វ​ឌ្ឍ​ផ្លូវថ្នល់​ផ្សេងៗ​នាំ​ឲ្យ​រាំងស្ទះ​, បំផុស​ចលនា​តវ៉ា​មិនចេះចប់ ដើម្បី​ធ្វើជា​ឧបសគ្គ​ដល់​ការកសាង និង​ការអភិ​វ​ឌ្ឍ​។ សរុបមក រាល់​សមិទ្ធផល​របស់​សង្គមជាតិ​ដែលមាន​បច្ចុប្បន្ននេះ គឺ​សុទ្ធតែជា​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សុទ្ធសាធ គ្មាន​បាតដៃ​របស់​គណបក្សប្រឆាំង​ទាល់តែសោះ។ លោក​បញ្ជាក់ថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រ​ជា​ជនកម្ពុជា មាន​សន្តិភាព និង​ការ​អភិ​វ​ឌ្ឍ ! បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​ឲ្យ​ខ្លួនឯង​។​

លោក សុខ ឥសាន លើកឡើង​ដែរ​ថា ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ស្ថិតនៅ​ចំពោះមុខ​នៃ​គ្រោះ​មរណៈ អ្នកស្នេហាជាតិ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ងើបឡើង​ប្រមូល​កម្លាំង​មហា​សាមគ្គី ដើម្បី​វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជ​សាស​ន៍ ប៉ុលពត សង្គ្រោះ​ប្រជាជន​ឲ្យ​រួច​ផុតពី​សេចក្តីស្លាប់ និង​ទប់ស្កាត់​មិន​ឲ្យរបប​ ដ៏​យង់ឃ្នង​នេះ​វិលត្រឡប់​មកវិញ​។ គណបក្ស​ប្រជាជន​កម្ពុជា​ដាក់ចេញ​នូវ​នយោបាយ​បង្រួបបង្រួម​ជាតិ ដើម្បី​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​ក​ម្ពុ​ជា ឈានដល់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ១៩៩១ ។ មាន​កិច្ចព្រមព្រៀង​នេះ ទើប​អ្នកនយោបាយ​អាចមាន​ឱកាស​ចូលមក​ក្នុងប្រទេស​កម្ពុជា ធ្វើ​នយោបាយ​រហូត​សព្វថ្ងៃ​។ ដូច្នេះ​អ្នកនយោបាយ​បក្សប្រឆាំង គឺជា​អ្នក​ស៊ី​ពែរ​របស់​គណបក្ស​ប្រជា​ជនក​ម្ពុ​ជា​។ គណបក្សប្រឆាំង មិនបាន​ធ្វើ​អ្វី​ដើម្បី​សន្តិភាព​ទេ មានតែ​ធ្វើ​សកម្មភាព​ចង់​បំ​ផ្លិ​ច​បំផ្លាញ​សន្តិភាព​ប៉ុណ្ណោះ តាម​មហិច្ឆតា​អំណាច​របស់ខ្លួន។​

លោក សុខ ឥសាន លើកឡើង​ទៀតថា នៅពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​ខិតខំ​កសាង​ និង​អភិ​វ​ឌ្ឍ​ប្រទេស គណបក្សប្រឆាំង​បាន​ត្រឹម​យក​ជើង​រៀរ​ទឹក ប្រើ​គ្រប់​មធ្យោបាយ និង​ឧបាយកល​រារាំង​ការឈាន​ទៅមុខ​របស់​ជាតិ ក្នុង​ចេតនា​មិន​ចង់​ឲ្យ​ជាតិ​រីកចម្រើន ក្រែង​មានគុណ​សម្បត្តិ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា មានតែ​ញុះញង់ បំផុសបំផុល​ប្រជាជន​ឲ្យ​ប្រឆាំងនឹង​គណបក្ស​ប្រជាជន​កម្ពុជា ទប់ស្កាត់​រាល់​ការងារ​កសាង និង​អភិ​វ​ឌ្ឍ​ប្រទេស​តែប៉ុណ្ណោះ​។ ដោយសារ​មាន​នយោបាយ​បែបនេះហើយ បានជា​គណបក្សប្រឆាំង​មួយ​នេះ​មិន​ត្រូវបាន​ប្រជាជន​គាំទ្រ​ឡើយ​។ ដូច្នេះ​សន្តិភាព និង​បណ្តា​សមិទ្ធផល​ដែល​កើតឡើង​ព្រោងព្រាត​នៅ​ទូទាំងប្រទេស​នេះ គ្មាន​ការចូលរួម​ពី​គណបក្សប្រឆាំង​ឡាយ មានតែ​យក​ជើង​រៀរ​ទឹកតែ​ប៉ុណ្ណោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684