ភ្នំពេញ ៖ ការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងត្រូវចាប់ផ្តើមនៅព្រឹកថ្ងៃសៅរ៍ទី២០ ខែឧសភា ឆ្នាំ២០១៧ ហើយគណបក្សនីមួយៗមានកម្មវិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតរៀងៗខ្លួន រយៈពេល១៤ថ្ងៃ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ហើយមានគណបក្សចំនួន១២ បានចូលរួមប្រកួតប្រជែង ដែលរួមមាន ទី១-គណបក្សប្រជាជនកម្ពុជា ទី២-គណបក្សសង្គ្រោះជាតិ ទី៣- គណបក្សហ្វ៊ុនស៊ិនប៉ិច ទី៤- គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ទី៥- គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ទី៦- គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី៧- គណបក្សខ្មែររួបរួមជាតិ ទី៨- គណបក្សសញ្ជាតិកម្ពុជា ទី៩- គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ទី១០- គណបក្សយុវជនកម្ពុជា ទី១១- គណបក្សអំណាចខ្មែរ និងទី១២- គណបក្សជនជាតិដើមប្រជាប្រជាធិបតេយ្យកម្ពុជា។
នៅតាមរាជធានី ខេត្ត គណបក្សនីមួយៗមានកម្មវិធីដង្ហែក្បួនឃោសនារៀងៗខ្លួន។ ដោយឡែកនៅភ្នំពេញ គណបក្សសង្គ្រោះជាតិនឹងធ្វើការជួបជុំគ្នាធំនៅលើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយធ្វើការជួបគ្នានៅវេលាម៉ោង៦ព្រឹក ហើយហែក្បួនទៅតាមបណ្តាផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស និងតម្រាយផ្លូវរបស់គណបក្ស។ ចំណែកគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងធ្វើការជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ។ ដោយឡែកគណបក្សផ្សេងៗទៀត មិនមានឃើញកម្មវិធីហែទេ តែមានកម្មវិធីជួបជុំសមាជិក សមាជិកា នៅតាមទីស្នាក់ការរបស់ខ្លួន។
ទាក់ទងបញ្ហានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានគូសបញ្ជាក់ថា គណបក្សនយោបាយទាំងអស់អាចដង្ហែក្បួនឃោសនារកសំឡេងឆ្នោតតែនៅក្នុងឃុំ សង្កាត់ ដែលខ្លួនបានចុះឈ្មោះប្រកួតប្រជែងតែប៉ុណ្ណោះ មិនអាចដង្ហែក្បួនទៅ ឃុំ សង្កាត់ ដែលមិនបានចុះឈ្មោះប្រកួតប្រជែងនោះឡើយ។ តាម គ.ជ.ប បើគណបក្សនយោបាយណាមួយចង់ដង្ហែក្បួនឆ្លងកាត់ពី ឃុំ សង្កាត់ មួយទៅកាន់ឃុំ សង្កាត់ ដទៃ ដែលខ្លួនបានចុះឈ្មោះចូលរួមប្រកួតប្រជែងដែរ គឺត្រូវតែសុំការអនុញ្ញាតជាមុនឲ្យបាន៣ថ្ងៃ ហើយគណបក្សនយោបាយមួយអាចដង្ហែក្បួនរកសំឡេងឆ្នោតបានតែពីរដងប៉ុណ្ណោះ នៅក្នុង ឃុំ សង្កាត់ ដែលពួកគេបានចុះឈ្មោះចូលរួមប្រកួតប្រជែង។
សូមបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ហើយការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះ មានរយៈពេល១៤ថ្ងៃ ពោលគឺនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧៕