ព័ត៍មានទាន់​ហេតុការណ៏
Search

មិត្ត​ភាពជា​ប្រពៃណី​កម្ពុជា​-​ចិន ជា​សម្បត្តិ​ដ៏​មានតម្លៃ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ហើយ​ចាំបាច់​ត្រូវ​ពង្រឹង និង​លើកកម្ពស់​បន្ថែមទៀត

ភ្នំពេញ ​៖ នេះ​ជា​ការ​លើកឡើង​នៅ​ក្នុង​ឯកសារ​សេចក្ដីប្រកាស​ព័ត៌មាន​រួម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ហើយ​ដែល​កម្ពុ​ជាថ្មី​ទើប​ទទួល​បាន​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧​។

សេចក្ដីប្រកាស​ព័ត៌មាន​រួម​បាន​បញ្ជាក់​ថា តាម​ការ​អញ្ជើញ​របស់​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ពី​ថ្ងៃទី​១៣ ដល់ ១៧ ឧសភា ២០១៧​។

ក្នុង​ឱកាស​ទស្សនកិច្ច​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជួប​ជាមួយ​ឯកឧត្ដម ស៊ី ជីន​ពីង ប្រធានាធិបតី និង​បាន​ជួបពិភាក្សា​ជាមួយ​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជួប​លោក ចាង តឺ​ជាំ​ង ប្រធាន​សភា​តំណាង​ប្រជាជន​ចិន និង​លោក យូ ជឹ​ង​ស៊ឹង ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​។ ភាគី​កម្ពុជា សូម​ជូនពរ​ដោយស្មោះ​ស្ម័គ្រ​ចំពោះ​ភាគី​ចិន សូម​សម្រេច​បាន​សមិទ្ធផល​ធំធេង​ក្នុង​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ជាតិ ព្រមទាំង​ការបើក និង​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​សមាជជាតិ​លើក​ទី​១៩ របស់​បក្ស​កុម្មុយនីស្ត​ចិន​។ ភាគី​ចិន​បានបញ្ជាក់​ជាថ្មី​ពី​ការគាំទ្រ​របស់ខ្លួន​ចំពោះ​ការ​ជ្រើសរើស​មាគ៌ា​អភិវឌ្ឍ​របស់​កម្ពុជា ដែល​សមស្រប​ទៅនឹង​លក្ខខណ្ឌ​របស់​ជាតិ​ខ្លួន ហើយ​សូម​ជូនពរ​ចំពោះ​ប្រជាជន​កម្ពុជា​បន្ដ​ស​ម្រេច​បាន​នូវ​ការ​រីកចម្រើន​ថ្មីៗ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា មិត្ត​ភាពជា​ប្រពៃណី​កម្ពុជា​-​ចិន គឺជា​សម្បត្តិ​ដ៏​មានតម្លៃ​នៃ​ប្រជាជន​យើង​ទាំងពីរ ហើយ​ចាំបាច់​ត្រូវ​ពង្រឹង និង​លើកកម្ពស់​បន្ថែមទៀត​។ នៅ​ក្នុង​សករាជ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ ភាគី​ទាំងពីរ​ត្រូវ​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ទៅ​កម្រិត​ថ្មី​មួយទៀត និង​កាន់តែ​ស៊ីជម្រៅ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​កាន់​តែ​ច្រើន​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​ចូលរួម​ចំណែក​កាន់​តែ​ខ្លាំង​ឡើង​ដល់​ការអភិវឌ្ឍ និង​វិបុលភាព​ក្នុង​តំបន់​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​រក្សា​ការ​ប្រាស្រ័យ​ទាក់ទង​កម្រិត​ខ្ពស់​តាមរយៈ​មធ្យោបាយ​នានា និង​រក្សា​ការទាក់ទង​ជា​យុទ្ធសាស្ត្រ​ឲ្យ​បាន​ទាន់​ពេល​វេលា​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​ដែល​សំខាន់ៗ​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើន​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​រវាង​រដ្ឋាភិបាល សភា និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ពាក់ព័ន្ធ​នឹង​បទពិសោធន៍​អភិបាលកិច្ច​ឲ្យ​កាន់តែ​ស៊ីជម្រៅ ព្រមទាំង​លើកកម្ពស់​កិច្ច​-​សហប្រតិបត្តិការ​ទ្វេភាគី​លើ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទាំងអស់​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ប្រើប្រាស់​ឲ្យ​បាន​ល្អ​នូវ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​រវាង​កម្ពុជា​-​ចិន ព្រមទាំង​សម្របសម្រួល និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង​លើ​វិស័យ​ទាំងអស់។

សេចក្ដីប្រកាស​ព័ត៌មាន​រួម​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បន្ត​បង្កើន​ការផ្លាស់ប្ដូរ និង​កិច្ច​សហប្រតិបត្តិការ​លើ​កិច្ចការ​ការបរទេស ការពារ​ជាតិ ព្រមទាំង​ការអនុវត្ត​ច្បាប់ និង​សន្តិសុខ​។ ភាគី​ទាំង​ពីរបាន​ឯកភាព​គ្នា​អនុវត្ត​កិច្ចព្រមព្រៀង​ស្ដីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ដំណាក់កាល​ថ្មី​រវាង​ក្រសួងការបរទេស​ទាំង​ពីរ និង​ពង្រឹង​ការ​ប្រាស្រ័យ ទាក់ទង និង​ការ​សម្របសម្រួល​គ្រប់​កម្រិត។ ភាគី​ទាំងពីរ​នឹង​រក្សា​ការផ្លាស់ប្ដូរ​គ្រប់​កម្រិត​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ និង​ការ​សម្របសម្រួល​គ្នា​លើ​វិស័យ​សន្តិសុខ​ពហុភាគី​។ ភាគី​ទាំងពីរ​នឹង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​យន្តការ​កិច្ចប្រជុំ​ក្រុមការងារ​អនុវត្ត​ច្បាប់ ដោយ​ផ្ដោតទៅ​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​-​ការ​ក្នុង​វិស័យ​នានា​ដូចជា ការ​ថែរក្សា​សន្តិសុខ​ក្នុង​ប្រទេស ការប្រឆាំង​ភេរវកម្ម ការប្រយុទ្ធប្រឆាំង​ការរត់ពន្ធ ការ​ជួញដូរ​មនុស្ស បទល្មើស​ទារ​ប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធើ​ណេ​ត រួម​ទាំង​ការ​តាម​ចាប់​ឧក្រិដ្ឋជន​នៅ​ឯ​ក្រៅប្រទេស​ទៀតផង។

ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី ឯកភាព​ព​ន្លឿ​ន​ការ​រួម​បញ្ចូល​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​ចំណុច​គោល​នៃ​ផែនការ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​រួមគ្នា​បង្កើត​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​កិច្ច​សហប្រតិបត្តិការ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី​២១ ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឱកាស​ទស្សនកិច្ច​នេះ និង​អនុវត្ត​គម្រោង​អាទិភាព​នៃ​កិច្ច​សហប្រតិបត្តិការ​សមត្ថភាព​ផលិត និង​វិនិយោគ​។ ភាគី​ទាំងពីរ​នឹង​បង្កើន​វិសាលភាព និង​កម្រិត​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដើម្បី​ឈាន​ទៅ​សម្រេច​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន ៦​ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២០​។ ភាគី​ចិន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​បន្ត​ផ្ដល់​ជំនួយ​តាម​សមត្ថភាព​របស់​ខ្លួន​ដល់​កម្ពុជា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា និង​គាំទ្រ​ដល់​សហគ្រាស​ចិន​ដើម្បី​ជំរុញ​គម្រោង​មួយ​ចំនួន​ដូចជា គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ និង​ព្រលាន​យន្ដហោះ​ថ្មី​ក្នុង​ខេត្តសៀមរាប ព្រមទាំង​រួមគ្នា​កសាង​តំបន់ សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ។

តាម​ក្រសួងការបរទេស ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នាវាចរណ៍ និង​ទេសចរណ៍ ឲ្យ​កាន់តែ​ស៊ីជម្រៅ​។ ភាគី​ទាំងពីរ​នឹង អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​អនុស្សរណៈ​យោគយល់​គ្នា ស្តី​ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ និង​អនុស្សរណៈ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​កសាង​សមត្ថភាព ពាក់ព័ន្ធ​វិស័យ​ដឹកជញ្ជូន ដែល​បាន​ចុះហត្ថលេខា​ក្នុងឱកាស​ទស្សនកិច្ច​នេះ​។ ភាគី​ចិន​នឹង​ផ្តល់​ជំនួយ​ដល់​កម្ពុជា ក្នុងការ​ប្រមូលផ្ដុំ​ផែនការ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប និង​ជំរុញ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ក្នុង​ការកែច្នៃ​ផលិតផល​កសិកម្ម​។ ភាគី​ទាំងពីរ​នឹង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​ឯកសារ​ស្តីពី​ការ​បង្កើត​ស្ថានីយ​សង្កេត​កិច្ចការ​បរិស្ថាន​សមុទ្រ​រួមនឹង​ការអនុវត្ត​ផែនការ​សម្រាប់​អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី​កិច្ច​សហ​ប្រតិប​ត្តិ​កា​រលើ​វិស័យ​ទេសចរណ៍ ហើយ​ភាគី​ចិន​បាន​បញ្ជាក់​សារជាថ្មី​នូវ​ការគាំទ្រ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការ​ការពារ​អធិបតេយ្យភាព ឯករាជ្យភាព និង​រក្សា​ស្ថិរភាព​នយោបាយ​របស់​ខ្លួន​។ ភាគី​កម្ពុជា​បាន​បញ្ជាក់​សាជាថ្មី​នូវ​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​គោលនយោបាយ​ចិន​តែមួយ ទទួលស្គាល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​រដ្ឋាភិបាល​ចិន​ស្របច្បាប់​តែមួយគត់ ហើយ​តៃវ៉ាន់​ជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់ផ្ដាច់​ពី​ចិន​បាន ប្រឆាំង​ចំពោះ “​ការប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​” តាម​គ្រប់​រូបភាព ព្រមទាំង​បន្ត​ការ​គាំទ្រ​ការអភិវឌ្ឍ​ដោយ​សន្តិភាព​នូវ​ទំនាក់ទំនង​ចិន និង​តៃវ៉ាន់ និង​បុព្វហេតុ​ដ៏​ឧតុង្គឧត្តម្ភ ក្នុង​ការ​បង្រួបបង្រួម​ចិន​ដោយ​សន្តិភាព​។ ភាគី​ចិន​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយោគយល់ និង​គាំទ្រ​របស់​ភាគី​កម្ពុជា។

ភាគី​ទាំងពីរ​ បាន​ចាត់ទុក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិនមែន​ជា​បញ្ហា​រវាង​ចិន និង​អាស៊ាន​ទេ​។ បញ្ហា​នេះ​គួរតែ​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​ការពិគ្រោះ​យោបល់ និង​ការចរចា​ដោយ​រដ្ឋ​អធិបតេយ្យ​ពាក់ព័ន្ធ​ផ្ទាល់​។ ចិន និង​អាស៊ាន គឺជា​ប្រទេស​ដែល​មាន​សមត្ថភាព​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង តាមរយៈ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ ប្រទេស​នៅក្រៅ​តំបន់​គួរ​ដើរ​តួនាទី​ស្ថាបនា​។ ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ធ្វើការ​ជាមួយ​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​ដទៃ​ទៀត ដើម្បី​អនុវត្ត​នូវ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ឲ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព និង​លើកកម្ពស់​ការពិគ្រោះ​យោបល់​ស្ដីពី «​ក្រម​ប្រតិ​ប​តិ្ត​នៅ​សមុទ្រ​ចិន​ខាងត្បូង​» ដោយ​ផ្អែកលើ​គោលការណ៍​កុងសង់ស៊ីស ក្នុង​គោលបំណង​សម្រេច​ក្រម​ប្រតិ​ប​តិ្ត​នេះ​ឲ្យ​បាន​ឆាប់។

ក្រសួងការបរទេស​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ផ្លាស់ប្តូរ​មតិយោបល់​លើ​បញ្ហា​អន្តរជាតិ និង​តំបន់​ដែល​ជា​ការ​យកចិត្តទុកដាក់​ រួមនឹង​បន្ត​លើកកម្ពស់​ការ​សម្របសម្រួល និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ ក្នុង​វេទិកា​ពហុ​-​ភាគី ដូចជា​អង្គការសហប្រជាជាតិ កិច្ច​សហប្រតិបតិ្តការ​ចិន​-​អាស៊ាន និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ឡាន​ឆាង​-​មេគង្គ​។

កម្ពុជា​អបអរសាទរ​ចំពោះ​ចិន ដែល​បាន​រៀប​ចំ​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិប​តិ្ត​ការ អន្តរជាតិ​បាន​ជោគជ័យ​។ ចិន​នឹង​គាំទ្រ​កម្ពុជា​យ៉ាង​ពេញទំហឹង ដើម្បី​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កិច្ច​សហ​-​ប្រតិ​ប​តិ្ត​ការ​ឡាន​ឆាង​-​មេគង្គ​។

​នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​នេះ ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហ​ប្រតិបតិ្តការ​ចំនួន១៣ ក្នុង​នោះ​រួមមាន “​ចំណុច​គោល​នៃ​ផែនការ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​រួមគ្នា​បង្កើត​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​កិច្ច​សហប្រតិបត្តិការ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី​២១” “​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​” “​អនុស្សារ​-​ណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​កសាង​សមត្ថភាព​ពាក់ព័ន្ធ​វិស័យ​ដឹកជញ្ជូន​” “​ការ​អនុវត្ត​ផែនការ​សម្រាប់​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ (២០១៧-២០២០)” និង “​ពិធីសារ​ស្ដីពី​ការ​បង្កើត​ស្ថានីយ​សង្កេត​កិច្ចការ​បរិស្ថាន​សមុទ្រ​រួម​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684