ភ្នំពេញ ៖ ស្ត្រីម្នាក់ បានលោតទឹកស្ពានជ្រោយចង្វារសម្លាប់ខ្លួន តែមិនស្លាប់ ព្រោះមានទូកនេសាទជួយទាន់ បន្ទាប់ពីលួច លុយថៅកែ១០ដុល្លារទៅគូរយ័ន្តដាក់ស្នេហ៍ឲ្យថៅកែដំឡើងប្រាក់ខែឲ្យ ហើយត្រូវថៅកែដឹង ស្ដីបន្ទោសឲ្យបន្តិចបន្តួចនោះ។
ហេតុការណ៍នោះ បានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្ត្រីរងគ្រោះ ដែលប៉ុនប៉ងសម្លាប់ខ្លួនមានឈ្មោះធួន អាយុ៣០ឆ្នាំ មុខរបរកម្មការិនីកាត់ដេរតាមផ្ទះ មានកូនស្រីម្នាក់ និងមានប្តីឈ្មោះប៊ុនណា អ្នកទាំងអស់គ្នាស្នាក់នៅផ្ទះជួលសង្កាត់ទួលទំពូង ខណ្ឌចំការមន។
ស្ត្រីរងគ្រោះបានឲ្យដឹងថា ខ្លួននិងប្តីបានធ្វើការជាមួយថៅកែនោះអស់រយៈពេល៣ឆ្នាំមកហើយ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនថ្ងៃកើតហេតុជនរងគ្រោះបានយកលុយថៅកែចំនួន១០ដុល្លារ យកទៅគូរយ័ន្តបន្ទន់ចិត្ត ដើម្បីឲ្យថៅកែស្រលាញ់ចូលចិត្តដំឡើងប្រាក់ខែឲ្យ បន្ទាប់ពីគ្រូធ្វើមន្តបន្ទន់ចិត្តរួចហើយ ជនរងគ្រោះបានយកលុយទៅទុកនៅកន្លែងដើមវិញ ក្រោយមករឿងនេះត្រូវបែកធ្លាយដល់ថៅកែ ក៏សួរនាំនិងស្ដីបន្ទោសយ៉ាងខ្លាំងៗ។
ក្រោយពីថៅកែស្តីបន្ទោសរួច ស្ត្រីរងគ្រោះបានតូចចិត្តមិនចង់រស់ ក៏បានហៅម៉ូតូឌុបជិះចេញពីផ្ទះជួលរបស់ខ្លួន មកស្ពានជ្រោយចង្វារចាស់ លុះបានពាក់កណ្តាលស្ពានបានឲ្យម៉ូតូឌុបឈប់ ចុះពីលើម៉ូតូរួចឲ្យលុយ ហើយស្ត្រីរូបនោះបានដើរសំដៅទៅបង្កាន់ដៃស្ពាន ហក់លោតចូលក្នុងទន្លេដើម្បីសម្លាប់ខ្លួន តែការសម្លាប់ខ្លួននោះមិនដូចបំណងឡើយ ដោយលិចចូលទឹកហើយ ថប់ដង្ហើមទើបធាក់ឡើងលើវិញ ខំប្រឹងហែលរកច្រាំង ហើយក៏ត្រូវបានទូកនេសាទអ៊ីស្លាមជួយចេញសង្គ្រោះទាន់ពេលវេលាតែម្តង។
ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចសួរនាំនៅក្រោមស្ពាន ក្នុងគោលដៅទី៣ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកយកទៅផ្ទះវិញ៕