ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខេត្ត​កែប ​ប្រារព្ធ​មី​ទ្ទីង​រំលឹក​វិញ្ញាណក្ខន្ធ​២០​ឧសភា​ នៅ​វត្ត​កំពង់ត្រឡាច

កែប​ ៖ មី​ទ្ទីង​រំលឹក​វិញ្ញាណក្ខន្ធ ២០​ឧសភា ទិវា​ចងកំហឹង​នឹង​បន​ប្រល័យពូជសាសន៍​ប៉ុលពត ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​កំពង់ត្រឡាច ស្ថិត​ក្នុង​សង្កាត់​ព្រៃធំ ក្រុងកែប នា​ព្រឹក​ថ្ងៃ​ទី​១៩​ខែឧសភា ឆ្នាំ​២០១៧ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក​សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​និង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​អង្គភាព លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ចូលរួម​សរុប​២២៧២​នាក់។

ក្នុង​ពិធី​នោះ​ អាជ្ញាធរខេត្ត រួម​ទាំង​មន្ត្រីរាជការ គ្រប់​ជាន់ថ្នាក់​ក៏បាន​អុជ​ធូប​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​តម្កល់​អដ្ឋិធាតុ ប្រជាជន​ស្លូតត្រង់​ដែល​បាន​ស្លាប់​យ៉ាង​អយុត្តិធម៌​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ដ៏​សែន​ជូរចត់​ក្នុង​រយៈកាល​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ។

នា​ឱកាស​នោះ​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប ក៏បាន​ថ្លែង​ថា នេះ​ជា​ទិវា​មួយ​ប្រកបដោយ​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ មិន​អាច​បំភ្លេច​បាន​ ដែល​ប្រជាជន​កម្ពុជា​បានកំណត់​យក​ថ្ងៃ​២០​ឧសភា ជា​រៀងរាល់​ឆ្នាំ ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​និង​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​រួមមាន ព្រះសង្ឃ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី កងកម្លាំងប្រដាប់អាវុធ បញ្ញវន្ត សិស្ស និស្សិត មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់ រួមទាំង​ប្រជាជន​គ្រប់​ស្រទាប់ និង​មិត្តភក្តិ បរទេស ដែល​បាន​ចូលរួម​ពលី​កម្ម​តស៊ូ​បូជាជីវិត ក្នុង​បុព្វហេតុ​រំដោះខ្លួន​និង​ទឹកដី​ចេញពី​ក្រញាំ​មច្ចុរាជ ចេញពី​នឹម​ដែក ខ្នោះឃ្នាង​នៃ​គុក​ឥត​ជញ្ជាំង ហើយ​ត្រូវ​ស្លាប់​ និង ​ពលី​យ៉ាង​អាណោច​អធម អយុត្តិធម៌ ក្រោម​អំពើ​ដ៏​កាច​សាហាវ​ព្រៃផ្សៃ​យង់ឃ្នង​បំផុត ដោយ​ប្រើ​អំណាច​ផ្តាច់ការ ធ្វើ​មនុស្សឃាត​គ្មាន​ច្បាប់ គ្មាន​មេត្តា​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុលពត ក្នុង​រយៈពេល​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​។

លោក​បាន​បញ្ជាក់​ថា នេះ​គ្រាន់តែ​ការ​លើកឡើង​រំលឹក​ខ្លះ​ៗ​នូវ​ប្រវតិ្ត​អនុស្សាវរីយ៍​ដ៏​សែន​ឈឺចាប់​ខ្លោចផ្សា ​និង ​ល្វីង​ជូរចត់​ដែល​បន​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​ប្រព្រឹត្ត​ជាក់​ស្តែង​មក​លើ​អាយុជីវិត​ប្រជាជន​ស្លូតត្រង់​ដូច​សត្វ​ធាតុ​ និង ​ដឹកនាំ​ប្រទេសជាតិ​ពី​ភាព​រុងរឿង​ទៅកាន់​ភាព​វិនាស​ហិនហោច សល់​តែ​ទឹកភ្នែក ឈាម ឆ្អឹង​ជា​គំនរ​រាយប៉ាយ​ពេញ​ផ្ទៃ​ប្រទេស និង​បានធ្វើ​ឲ្យ​ប្រជាជន​ព្រាត់ប្រាស់ និរាស​គ្រួសារ​គ្មាន​ថ្ងៃ​ជួប​វិញ​ឡើយ​។

បន្ទាប់ពី​រង​នូវ​អំពើ​កៀប​សង្កត់​របស់​បន​ប្រល័យពូជសាសន៍​នោះ​មក ក៏​មាន​កម្លាំង​តស៊ូ​រើ​បម្រះ​ដ៏​ខ្លាំងក្លា ជា​បន្តបន្ទាប់​រហូត​ទទួល​បាន​ជ័យជំនះ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​អគ្គ​ពញា​ចក្រី ហេង សំរិន សម្តេច​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម និង​ជា​ប្រមុខ​នៃ​ចលនា​តស៊ូ​រំដោះ​ជាតិ ហើយ​កម្លាំង​តស៊ូ​នេះ​ បាន​រីក​រាលដាល​គ្រប់​ខេត្ត​រហូត​ប្រមែប្រមូល​ក្រុម​អ្នកតស៊ូ​ទាំងអស់​កសាង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​២ ​ខែធ្នូ ឆ្នាំ​១៩៧៨ ​នៅ​ក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ ក្រោយមក​កម្លាំង​ខាងក្នុង​និង​ខាងក្រៅ​ក៏​មាន​កម្លាំង​អានុភាព​ដ៏​មហិមា ដោយមាន​កម្លាំង​មហាជន​គាំទ្រ​និង​ជួយឧបត្ថម្ភ​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​ជា​អ្នកជិតខាង​បាន​ឲ្យ​ផែន​សាមគ្គី​ជាតិ​ទាំងមូល​វាយ​បណ្តេញ​បន​ប្រល័យពូជសាសន៍​ឲ្យ​រត់​ខ្ចាត់ខ្ចាយ​ដោយ​ប្រើ​តែ​រយៈពេល​៣៦​ថ្ងៃ​ប៉ុណ្ណោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684