ព័ត៍មានទាន់​ហេតុការណ៏
Search

ស្វា​ធំ​ក្រអាញ​របស់​ថៃ ​ទទួល​របប​អាហារ​ បន្ទាប់ពី​ស៊ី​ចំណី​ដែល​គេ​បោះចោល​

ស្វា​ព្រៃ​ធាត់​លើស​ទម្ងន់​មួយ​ក្បាល ​ដែល​ស៊ី​អាហារ​ និង​សូ​ដា​ដែល​បន្សល់ទុក​ដោយ​ភ្ញៀវទេសចរ​គឺ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ និង​ដាក់​ឲ្យ​តម​អាហារ​យ៉ាង​តឹងរ៉ឹង​។​

មន្ត្រី​សត្វព្រៃ​បាន​ចាប់​សត្វ​ស្វា​ធំ​ក្រអាញ​មួយ​នេះ​ ដែល​អ្នកស្រុក​ដាក់​រហស្សនាម​ឲ្យ​ថា “​ពូ​ធាត់​” បន្ទាប់ពី​រូបថត​នៃ​សត្វ​មួយ​ក្បាល​នេះ​បានចាប់ផ្តើម​ចរាចរ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ខែ​មុន​។​


​ស្វា​ព្រៃ​បាន​ដើរ​ដោយ​សេរី​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ប្រទេស​ថៃ​ ដើម្បី​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​បាន​ឲ្យ​ចំណី​ និង​លេង​ជាមួយ​វា​។ ភាគច្រើន​នៃ​សត្វ​ស្វា​ទាំងនោះ​គឺជា​សត្វ​ស្វា​ដូច​ពូ​ធាត់​ដែរ​ ហើយ​ពួកគេ​ជាទូទៅ​មាន​ទ​ម្ង​ន់​ប្រហែល​ ៩​គីឡូក្រាម​។​

Kacha Phukem មន្ត្រី​សត្វព្រៃ​ដែល​បាន​ចាប់​ និង​ជួយសង្គ្រោះ​នៅ​ថ្ងៃទី​២៧ ​ខែមេសា ​បាន​និយាយថា “​វា​មិនមែនជា​ការងាយស្រួល​ទេ​ក្នុង​ការចាប់​វា​។ វា​ជា​មេ​គេ​ហើយ​នៅពេលដែល​ខ្ញុំ​ព្យាយាម​ចូលទៅក្នុង ខ្ញុំ​ត្រូវតែ​ប្រយុទ្ធ​ជាមួយ​ពួកគេ​”​។​

Supakarn Kaewchot ពេទ្យសត្វ​ទទួលបន្ទុក​នៃ​របប​អាហារ​របស់​សត្វ​ស្វា​បាន​និយាយថា “​វា​មាន​ជំនួយការ​ហើយ​សត្វ​ស្វា​ផ្សេងទៀត​ បាន​នាំយក​នូវ​ចំណី​មក​ឲ្យ​វា​ ប៉ុន្តែ​វា​ក៏​ចែកចាយ​ទៅវិញ​ផងដែរ​ទៅ​ឲ្យ​សត្វ​ស្វា​ដែលមាន​វ័យក្មេង​ជាង​វា​”​។​

Supakarn បាន​ថ្លែង​ទៀតថា “​បន្ទាប់ពី​វា​ស៊ី​អាហារ​ដែល​ផ្ដល់​ឲ្យ​ដោយ​មនុស្ស​មួយរយៈ វា​បាន​អភិវឌ្ឍ​ជាតិ​ខ្លាញ់​ដែល​បាន​ក្លាយជា​ប្រភេទ​នៃ​ដុំ​សាច់​ស្លូត​មួយ​។ ឥឡូវនេះ វា​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​ទឹកនោមផ្អែម​”​។​

ពូ​ធាត់​ត្រូវបាន​គេ​ជឿថា​មាន​អាយុ​ចន្លោះ​ពី​ ១០​ ទៅ​ ១៥​ឆ្នាំ​។ ដើម្បី​ជួយ​វា​ឲ្យ​ស្រក​ទម្ងន់ របប​អាហារ​ថ្មី​របស់​វា​ត្រូវ​បានកំណត់​ត្រឹម​ ៤០០​ក្រាម​នៃ​ជាតិ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ផ្លែឈើ​ និង​បន្លែ​ពីរដង​ក្នុង​មួយថ្ងៃ​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684