ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​អញ្ជើញ​ចុះ​ពិនិត្យមើល ការអនុវត្ត​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច និង​រោងចក្រ​ផលិត​ស្ករអំពៅ រូ​យ ហ្វេ​ង​នៅ​ខេត្តព្រះវិហារ​

​ភ្នំពេញ​ ៖ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧ បាន​ដឹកនាំ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច និង​រោងចក្រ​ផលិត​ស្ករអំពៅ រូ​យ ហ្វេ​ង ដែល​ស្ថិតនៅក្នុង​ឃុំ​ម្លូព្រៃ​មួយ ឃុំ​ម្លូព្រៃ​ពីរ និង​ឃុំ​សង្កែ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ។​

លោក វេ​ង សាខុន រដ្ឋមន្ត្រី បានបញ្ជាក់​នៅក្នុង​បណ្តាញ​សង្គម​របស់លោក​ថា ការអនុវត្ត​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច របស់ ក្រុមហ៊ុន រួយ ហ្វេ​ង វិនិយោគ​ដាំ​អំពៅ​ចម្រាញ់​ធ្វើ​ស្ករ គិត​មកដល់ពេលនេះ ក្រុមហ៊ុន បាន សម្រេច​ធ្វើ​ការដាំដុះ​អំពៅ​បាន​ចំនួន ១៩ ០០០ ហិក​តា លើ​ផ្ទៃដី​សរុប​ចំនួន ៤០ ០០០ ហិត​តា ដោយ​ស្រូបយក​កម្លាំង​ពលករ ដាំ​ដុះ​បាន ចំនួន ១ ៣០០​នាក់ និង​កម្មករ​បច្ចេកទេស ១០០ នាក់។ ​

លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា កាលពី​ឆ្នាំ​កន្លងទៅ ក្រុមហ៊ុន រួយ ហ្វេ​ង ធ្វើ​ការផលិត​ស្ករស​នាំចេញ​បាន​ចំនួន ៣០ ០០០ តោន។ ពង្រីក​ការផ្សព្វផ្សាយ​បច្ចេកទេស​នៃ​ការដាំដុះ ​និង​ធ្វើ​កិច្ចសន្យា​ទិញ​ផលិតផល​ពី​កសិករ តាមរបៀប​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ប្រជាកសិករ​បាន​ចំនួន ១០៧ គ្រួសារ។ ចំនួន​នេះ​គឺមាន​ការកើនឡើង​ចំនួន​ ២០%​ជា​រៀងរាល់ឆ្នាំ។​


​សូម​រំលឹកថា លោក Liu Feng ប្រធាន​ក្រុមហ៊ុន រួយ ហ្វេ​ង វិនិយោគ​ដាំ​អំពៅ​ចម្រាញ់​ធ្វើ​ស្ករ ធ្លាប់បាន​បញ្ជាក់​នៅក្នុង​ជំនួប​ជាមួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ កាលពី​កន្លង​ថា ថា ក្រុមហ៊ុន របស់ លោក ចង់ ផលិត ស្ករ ឲ្យ​បាន ៣​លាន​តោន​ក្នុង​មួយឆ្នាំ ខណៈពេល​នេះ​ផលិត បាន​ប្រមាណ ១០០០០​តោន ស្របពេល ផ្ទៃដី​ដាំ​អំពៅ​មិនទាន់​អាច​ផ្គត់ផ្គង់​អំពៅ​ស្រស់​បាន​គ្រប់គ្រាន់​នៅឡើយ​។​


លោក​បន្ថែម ចំពោះ​ការអភិវឌ្ឍ​កសិដ្ឋាន​ដាំ​អំពៅ​កន្លងមក​គឺ​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​ដូចជា ផ្លូវ​ក្នុង​តំបន់​អភិវឌ្ឍន៍ អាង​ស្តុក​ទឹក និង​ប្រព័ន្ធ​ស្រោចស្រព​ជាដើម​។ ការ​ពិភាក្សាបាន​ផ្តោតទៅលើ​បី​ចំណុច ​៖ (១)​.ការបង់ថ្លៃ​សួយ​សារ​ឈើ ដែល​បាន​ពី​ការ​ឈូសឆាយ​ទៅតាម​បរិមាណ​ជាក់ស្ដែង។ (២).ការ​រិះរក​មធ្យោបាយ​ក្នុងការ​បង្កើនល្បឿន​ចុះបញ្ជី​ដី​រដ្ឋ។ និង​(៣). ពិនិត្យមើល​លទ្ធភាព​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្ថែម ​ដើម្បី​បង្កើន​ការផ្គត់ផ្គង់​អំពៅ​ដល់​រោងចក្រ​តាម​គម្រោង​ផែនការ​។​


ក្រោយពី​បាន​ស្តាប់​របាយការណ៍​វិវត្តន៍​នៃ​គម្រោង​វិនិយោគ និង​សំណូមពរ​រួចមក លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន ៖ ១.​ចំពោះ​ការបង់ថ្លៃ​សួយ​សារ​ឈើ​បាន​ពី​ការឈូសឆាយដី​ស្នើ​ក្រុមហ៊ុន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​ទំហំ​ផ្ទៃដី ​និង​សារពើ​ភណ្ឌ​ធនធាន​ព្រៃឈើ​ឡើងវិញ។ ​២. ជំរុញ​ការចុះបញ្ជី​ដី​សម្បទាន​ឲ្យ​បាន​ឆាប់រហ័ស​ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​។ ៣.ខិតខំ​អនុវត្តតាម​កិច្ចសន្យា​ទៅតាម​ទំហំ​ផ្ទៃដី​បច្ចុប្បន្នភាព​ដែល​បាន​ព្រមព្រៀងគ្នា ចំពោះ​ផ្ទៃដី​បន្ថែម​សម្រាប់​ផលិត​អំពៅ និង​ពិនិត្យ​ពី​ជម្រើស​លទ្ធភាព​នៅពេល​ក្រោយៗ​៕​

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684