ព័ត៍មានទាន់​ហេតុការណ៏
Search

លោកវេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខា​ប្រ​មាញ់​ និង​នេសាទ សំណេះសំណាល ​ជាមួយសហគមន៍​ព្រៃឈើ​អូ​សោម

​កំពង់ធំ ៖ លោកវេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រ​មាញ់​និង​នេសាទ បាន​ពាំ​នាំនូវ​សេចក្តី​នឹករលឹក​ពីស​ម្តេចតេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​សម្តេច​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ និង​សូម​ឲ្យ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ព្រៃឈើអូរ​សោម យកចិត្តទុកដាក់​លើ​ការ​ចិញ្ចឹម​សត្វ​ និង​ដាំ​បន្លែ​លក់ ដើម្បី​រកប្រាក់​ចំណូល​លើកស្ទួយ​ដល់​សហគមន៍។ ប្រសា​ស​ន៍នេះ​បាន​ថ្លែង​​នៅក្នុង​ពិធី​ជួបសំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​ជិត​២០០​នាក់ កាលពីរសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។

​លោក តិ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ បាន​មានប្រសាសន៍ថា ខេត្តកំពង់ធំ មាន​៨៧ សហគមន៍​ព្រៃឈើ ដែលមាន​ផ្ទៃដី​សរុប ៨៣,១៣២,៣៤​ហិក​តា ប្រជាពលរដ្ឋ​ជា​សមាជិក ១៣៧២០​គ្រួសារ ស្ថិតនៅ​២៨​ឃុំ ៦​ស្រុក សហគមន៍​ព្រៃឈើ​ចំនួន​ ២០​ទៀត​ដោយ​មិនទាន់មាន​ការប្រកាស​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ដោយសារ​ស្ថិតនៅក្នុងពេល​ដំណើរការ​ដោះស្រាយ​បញ្ហា​ជាមួយ​មូលដ្ឋាន ដើម្បី​ស្នើ​សុំ​ទទួលស្គាល់​ពី​ក្រសួងកសិកម្ម។ សកម្មភាព​ដែលសហគមន៍​ព្រៃឈើ បាន​អនុវត្ត ​ស្របតាម​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍ ដូចជា ​ការងារ​ដាំ​ដើមឈើ​ក្នុងព្រៃ​សហគមន៍ ថ្នាល​បណ្តុះ​កូនឈើ ធ្វើ​ផ្លូវ​ការពារ​ភ្លើង ដាក់​ស្លាក​សញ្ញា​ការពារ បោះបង្គោល ឬ​ជីក​ប្រឡាយព្រំប្រទល់​សហគមន៍ និងធ្វើការ​សុវុឌ្ឍិកម្ម​ព្រៃឈើ រៀបចំ​ឥណទាន​សហគម​ន៍ និង​លើកស្ទួយ​មុខរបរ​ចិញ្ចឹមជីវិត​របស់​សហគម​ន៍រួមមាន​ ការកែច្នៃ​ផល​អនុផល​ព្រៃឈើ កែច្នៃ​ផ្តៅ​ និង​ទឹកឃ្មុំ ដាំ​បន្លែ ឡ​ជី​ឧស្ម័ន ចិញ្ចឹមសត្វ និង​ចិញ្ចឹម​ត្រី​ជាដើម​។

​លោក ឈួន​ ឆេន ប្រធាន​សហគម​ន៍​ព្រៃឈើអូរ​សោម បាន​បញ្ជាក់ថា​ ​សហ​គម​ន៍​ព្រៃឈើអូរ​សោម​ នេះ បាន​បង្កើតឡើង​រយៈពេល​១៣​ឆ្នាំ​មកហើយ​ ចាប់ពី​ថ្ងៃទី​៣០​ ខែ​កក្ត​ដា ​ឆ្នាំ​២០០៤ មាន​ប្រជា​ពលរ​ដ្ឋ​ល​ចំនួន ​២១៥​គ្រួសារ នៅ​ភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក មកដល់​បច្ចុប្បន្ននេះ​សហគម​ន៍​មាន​ផ្លូវ​អាចធ្វើ​ដំណើ​ចូលទៅ​កាន់​តំបន់​ទឹកធ្លាក់​អូរ​សោម ​ដែល​កំពុងតែ​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ចូលទៅ​កម្សាន្ត​ ដោយ​ផ្អែក​តាម​គោល​ការ​ច្បាប់​គ្រប់គ្រង​ព្រៃ​សហគម​ន៍ដូចជា បទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ កិច្ចព្រមព្រៀង ​និង​ក្រុម​ល្បាត​ចំនួន​៧​ក្រុម ដើរ​ល្បាត​១​ខែ ​៤​ដង មានការ​លើកទឹកចិត្ត​ពី​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ជាប្រចាំ​។

​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​សហគមន៍ ឲ្យ​ចេះ​ស្រឡាញ់​ព្រៃ​ខ្លួនឯង ស្រឡាញ់​ព្រៃ​សហគមន៍ ទើបបាន​ព្រៃ​វា​នៅ​គង់​វង់ ពេល​បាន​ព្រៃ​សហគមន៍ហើយ​ បែរជា​បងប្អូន​មួយចំនួនចាត់ចែង​លើ​ផ្ទៃដី​របស់​សហគមន៍ លួច​កាត់​ព្រៃរបស់​សហគមន៍ដោយ​គ្មាន​ការ​អនុញ្ញាត​ទៀត។ មូលហេតុ​នេះហើយ​ទើប​អាជ្ញាធរ ខេត្ត ភូមិ ឃុំ ស្រុក ស្នើ​សុំ​ដើម្បី​បង្កើត​សហគមន៍ តែ​សហគមន៍​ខ្លះមានទំនាស់​ក្នុង​សហគមន៍នាំគ្នា​យក​ដី​លក់​ឲ្យ​ឈ្មួញ ចូរ​គិតថា​អ្វីៗ​ទាំងអស់នេះ​ ​គឺជា​របស់​បងប្អូន បើ​មាន​បញ្ហា​ត្រូវរាយ​ការ​ណ៍ឲ្យ​ភូមិ ឃុំ ស្រុក ខេត្ត ។

លោកវេ​ង ​សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​មាញ់​និង​នេសាទបាន​បន្ត​ថា នឹង​ជួយ​ផ្គត់​ផ្គត់​ដល់​ជីវភាព​ក្នុង​គ្រួសារ ក្រៅពី​មុខរបរ​បោច​វ័រ​ជ័រ​ផ្តៅ រក​ឃ្មុំ​ និង​បេះ​ផ្លែឈើ​លក់ ស្របពេល​បច្ចុប្បន្ន​បច្ចេកវិទ្យា​សម័យ​ទំនើប បាន​ស្រាវជ្រាវ​រកឃើញ​ពី​ប្រភេទ​សត្វ​ដែល​ងាយស្រួល​ក្នុងការ​ចិញ្ចឹម​ ហើយ​ទទួលបាន​តម្លៃ​ខ្ពស់ គឺ​ពូជ​សត្វ​គោដែល​យក​មកពី​ប្រទេស​អូស្ត្រាលី ព្រោះ​សត្វ​គោ​នេះ​អាច​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ ហើយ​កូន​របស់​វា​ក្នុង​១​ក្បាល​មានតម្លៃ​ដល់​ទៅ ​១​ពាន់​ដុល្លារ​(1000$) ចំណែក​ការដាំ​បន្លែ​វិលជុំ​វិញ ​ក៏​អាច​រកប្រាក់​ជួយ​ដល់​ជីវភាព​គ្រួ​សារបាន​មួ​យក​ម្រិត​ដែរ គឺមាន​បន្លែ​ដូចជា​ ប៉េង​បោះ សាឡាត ខាត់ណា ស្ពៃខ្តោប ខ្ទឹមបារាំង និង​ម្រះ​ជាដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114