ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​បំពាក់​មេដាយ​ជូន​ឯកអគ្គរដ្ឋទូត​បារាំង ដើម្បី​ជា​សក្ខីភាព​ក្នុង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ និង​ការ​ខិតខំ​ស្វែងរក​សន្តិភាព

ភ្នំពេញ ​៖ ការ​បំពាក់​មេដាយ​ជូន​លោក Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ ខណៈដែល​លោក​បាន​ចូល​ជួប និង​ជម្រាបលា​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅពេល​លោក​ចប់​អាណត្តិ។

លោក ឈី​វ យី​ស៊ា​ង អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​សិក្សា​អន្តរជាតិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នេះ​ជា​ការ​ជំនួប​ជម្រាបលា​របស់​ឯកអគ្គ​រដ្ឋទូត​បារាំង ដែល​ត្រូវ​ចប់​អាណត្តិ ហើយ​ជំនួប​នោះ​ដែរ លោក Jean-Claude Poimboeuf បាន​ចូលរួម​សម្តែង​នូវ​ការរំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​បាន​ទទួល​មរណភាព​នៅ​អាហ្វ្រិក​កណ្តាល​ក្នុង​បេសកកម្ម​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ។

តាម​លោក ឈី​វ យី​ស៊ា​ង ជំនួប​នោះ លោក Jean-Claude Poimboeuf បានលើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​បារាំង ដោយ​ផ្តោតលើ​ចំណុច​៣ សំខាន់ គឺ​ទី​១-​កិច្ចសន្ទនា​នយោបាយ​ចំណុច​ខ្ពស់ ទី​២-​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​ជាច្រើន និង​ទី​៣-​ភាពជា​ដៃគូ​ក្នុងការ​សម្រេច​នូវ​គម្រោង​របស់​បារាំង និង​ប្រទេស​កម្ពុជា​។ ជាមួយគ្នា​នោះ លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​វាយ តម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រីកចម្រើន​ថែមទៀត ហើយ​លោក​បាន​ជម្រាប​លោក​រដ្ឋមន្ត្រី​អំពី​ប្រទេស​បារាំង​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ផ្តល់​កិច្ចសហប្រតិបត្តិការ ខណៈ​ដែល​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បង្កើត​នូវ​វិទ្យាស្ថាន​ការទូត​មួយ​ឡើង ហើយ​បារាំង​បាន​សន្យា​ផ្តល់​អ្នកជំនាញ​។

លោក​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ដែរ​ថា ពេលនេះ​ប្រទេស​បារាំង​មាន​រដ្ឋាភិបាល​ថ្មី មាន​ប្រធានាធិបតី​ថ្មី មាន​រដ្ឋមន្ត្រីការបរទេស​ថ្មី ប៉ុន្តែ​ទោះជា​យ៉ាង ណា បារាំង​នៅតែ​ប្រកាន់​ជំហរ​កិច្ច​សហប្រតិបត្តិ ការ​ជាមួយ​កម្ពុជា​តទៅទៀត។

ជា​កិច្ច​ឆ្លើយតប លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ដល់​លោក​ឯកអគ្គរដ្ឋទូត បារាំង​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​មរណភាព របស់​ទាហាន​មួក​ខៀវ​កម្ពុជា ដែល​បាន​ស្លាប់​នៅ​អាហ្វ្រិក​កណ្តាល ដែល​ជា​ការបាត់បង់​មួយ​របស់​ប្រទេស​កម្ពុជា ហើយ​ជា​ការ​ពលី​កម្ម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​សម្រាប់​អាហ្វ្រិក​កណ្តាល ដើម្បី​ឲ្យ​មាន​ស្ថេរភាព​សន្តិសុខ​នៅ​អាហ្វ្រិក​កណ្តាល ក្រោមឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ហើយ​បើទោះបីជា​អំពើ​ភេ​វរ​កម្ម​ដែល​នាំ​ឲ្យ​កងទ័ព​កម្ពុជា​មរណភាព​នេះ ក៏​មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាក់​ទឹកចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ហ្វឹកហាត់​ទាហាន​មួក​ខៀវ ដើម្បី​មាន​សមត្ថភាព​បំពេញការងារ​កាន់​តែ​ខ្លាំង​ក្លា​ក្រោម​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ​នោះឡើយ។

ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី​បាន​វាយតម្លៃ ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បារាំង ក្នុង​អាណត្តិ​នៃ​បេសកកម្ម​ការទូត​នេះ ហើយ​បេសកកម្ម ដ៏​ល្អ​នេះ បាន​ជួយ​ជំរុញ​ឲ្យ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា និង​បារាំង ដែល​មាន​លក្ខណៈ​ចម្រុះ​កាន់តែ​រឹងមាំ​និង​ក្លាំង​ក្លាយ​ថែមទៀត​។ តាម​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បារាំង​បាន ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​នាំមក​នូវ​សន្តិភាព​មក កាន់​ប្រទេស​កម្ពុជា ហើយ​ក៏បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​កសាង​ប្រទេស​កម្ពុជា​គ្រប់​វិស័យ ជាពិសេស​បារាំង​បាន​ចូលរួមចំណែក​ធ្វើ​ឲ្យ ប្រទេស​កម្ពុជា​មានការ​លូតលាស់​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់ ហើយ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ការដ្ឋាន​សាងសង់​អគារ​មួយចំនួន​បន្ថែមទៀតរ​បស់​ក្រសួង ក្នុងនោះ​ក៏មាន​អគារ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ការទូត​អន្តរជាតិ ហើយ​លោក​បាន​អរគុណ​បារាំង​ដែល​បាន​សន្យា​ផ្តល់​អ្នកជំនាញ​សម្រាប់​សិក្សា​ដល់​អ្នកការទូត​ផងដែរ​។​

នៅ​ទីបញ្ចប់ ក្នុងន័យ​ថ្លែង​អំណរ​គុណ​ចំពោះ​បារាំង​ បាន​ចូលរួមចំណែក​ជួយ​ស្វែងរក​សន្តិភាព​និង​អបអរសាទរ​ចំពោះ​បេសកកម្ម និង​ផលិតផល​ជា​វិជ្ជមាន​របស់​លោក Jean-Claude Poimboeuf លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាម​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បំពាក់​មេដាយ​សហ​មេត្រី​ថ្នាក់​មហា​សេនា​ជូន​ដល់​ឯកអគ្គរដ្ឋទូត​ផង​ដែរ ហើយ​ការ​បំពាក់​មេដាយ​នេះ ក៏​ជា​សក្ខីភាព​បង្ហាញ​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114