ព័ត៍មានទាន់​ហេតុការណ៏
Search

ទម្រង់​នៃ​ការ​តភ្ជាប់​ទំនាក់ទំនង​ការ​ដឹកជញ្ជូន​រវាង កម្ពុជា – ថៃ ដើម្បី​ការ​រីកចម្រើន​ប្រកបដោយ​ចេរភាព

ភ្នំពេញ ៖ សន្និសីទ​កាសែត​ស្តី​អំពី ការ​ជំរុញ​ការ​ភ្ជាប់​ទំនាក់ទំនង​ការ​ដឹកជញ្ជូន​រវាង កម្ពុជា – ថៃ ដើម្បី​ការ​រីកចម្រើន​ប្រកបដោយ ចីរភាព​បាន​រៀប​ចំ​ឡើង​កាលពី​ថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ២០១៧ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​​ប្រព័ន្ធ​ការដឹកជញ្ជូន​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ សម្រាប់​ការដឹកជញ្ជូន​និង​ការទំនាក់ទំនង តាមរយៈ​ការ​អញ្ជើញ​សហគ្រិន​កម្ពុជា​ទៅ​ចូលរួម “​ពិព័រណ៍​ការ​ដឹកជញ្ជូន​ដ៏​ចាំបាច់​បំផុត អាស៊ាន ស្តីអំពី បច្ចេកវិទ្យា​ដឹកជញ្ជូន ដំណោះស្រាយ​និង​ឧបករណ៍​ក្នុងការ​ដឹកជញ្ជូន – TILOG-LOGISTIX 2017 ដែល​នឹង​រៀបចំ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៦ – ១៨ សីហា ឆ្នាំ ២០១៧ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ BITEC ទីក្រុង​បាងកក ប្រទេស​ថៃ។

លោក​ជិ​រ៉ាវុធ សុ​វ៉ាន់​ណា​អាត ភារធារី​ស្ថានទូត​ថៃ​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម ការិយាល័យ​កិច្ចការ​ពាណិជ្ជកម្ម ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា បានធ្វើការ​បង្ហាញ​អំពី “​គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ថៃ​ដែល​គាំទ្រ​ដល់​ឧស្សាហកម្ម​ដឹកជញ្ជូន​រវាង ថៃ – កម្ពុជា​”​។ លោក​បាន​លើក​ឡើង​អំពី ពិព័រណ៍ TILOG-LOGISTIX 2017 ដែល​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ថៃ​តាមរយៈ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ ដោយ​រួមសហការ​រៀបចំ​ជាមួយ​ក្រុមហ៊ុន Reed Tradex ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ ការ​ដឹកជញ្ជូន​សម្រាប់​ពង្រឹង​ពាណិជ្ជកម្ម​រវាង កម្ពុជា-ថៃ និង​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច – សង្គម ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​ជាមួយ​បណ្តា​ប្រទេសជិតខាង​។

លោក​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ធ្វើ​កំណែ​ទម្រង់​គោលនយោបាយ​ពាណិជ្ជកម្ម​សេរី ជា​មួយ​នឹង​បរិយាកាស​នយោបាយ​ដ៏​ល្អ​ និង​ ការ​បន្ត​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​។ ក្នុងនាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​យូរអង្វែង​ជា​មួយនឹង​ការ​ជឿ​ទុកចិត្ត​ខ្ពស់​លើ​ផលិតផល​ថៃ បាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ២ របស់​កម្ពុជា​កាលពី ៥ ឆ្នាំ​កន្លងទៅ​។ នៅ​ក្នុង​ឆ្នាំ ២០១៦ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បាន​កើន​ដល់ ៥.៦ ពាន់​លាន​ដុល្លារ មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ ២០១៥ ដែរ ហើយ​សម្រាប់​ឆ្នាំនេះ លោក​រំពឹង​ទុក​ថា នឹង​កើន​ឡើងដល់ ៥.៨ ពាន់​លាន​ដុល្លារ ឬ​កើនឡើង​ប្រហែល ៥%​។

ជា​មួយ​នឹង​ទំហំ​ពាណិជ្ជកម្ម​ដ៏​ខ្ពស់​នេះ ការ​ជំរុញ​ការអភិវឌ្ឍ​ការដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ និង​ជួយ​ពង្រឹង​ការដោះដូរ​ពាណិជ្ជកម្ម​គ្នា​ឲ្យ​បន្ត​រីកចម្រើន​តទៅ​មុខ​។ ការ​ធ្វើ​ពាណិជ្ជកម្ម​សម័យ​ទំនើប ទាមទារ​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ការ​ដឹកជញ្ជូន​ងាយស្រួល ដែល​ភ្ជាប់​ការ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ឃ្លាំង​ស្តុក​ទំនិញ​បាន​ឆាប់រហ័ស​។ ប្រទេស​ថៃ មាន​ប្រព័ន្ធ​គ្រប់គ្រង​ការដឹកជញ្ជូន​ដែល​មាន​ការអភិវឌ្ឍ​ដ៏​ប្រណីត ដែល​អាច​ភ្ជាប់​ប្រទេស​កម្ពុជា​ជាមួយ​ប្រព័ន្ធ​ការ​ដឹកជញ្ជូន​ដ៏​រលូន​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​។

រាជរដ្ឋាភិបាល​ថៃ សម្លឹង​ឃើញ​នូវ​សារសំខាន់​នៃ​ការ​ជំរុញ​ការ​ដឹកជញ្ជូន ជាពិសេស​ពាណិជ្ជកម្ម​ទ្វេភាគី និង​មាន​គោលនយោបាយ​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ការ​ដឹកជញ្ជូន​ទំនិញ​និង សេវាកម្ម​ឲ្យ​មាន​កម្រិតស្តង់ដារ​អន្តរជាតិ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ការអភិវឌ្ឍ​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ។

លោក​ស៊ិន ច​ន្ធី ប្រធាន​សហព័ន្ធ​អ្នក​ឈានមុខ​ក្នុង​វិស័យ​ដឹកជញ្ជូន​កម្ពុជា – Cambodia Freight Forwarders Association (CAMFFA) បាន​លើក​បង្ហាញ​អំពី “​ការ​តភ្ជាប់​ទំនាក់ទំនង​ការ​ដឹកជញ្ជូន​រវាង កម្ពុជា – ថៃ ដែល​ជា​គន្លឹះ​ឈាន​ទៅ​រក​ជោគជ័យ​ក្នុង​វិស័យ​ដឹកជញ្ជូន​”​។

លោក​បាន​ចង្អុលបង្ហាញ​ថា ការ​តភ្ជាប់​ទំនាក់ទំនង​ការ​ដឹកជញ្ជូន​រវាង​កម្ពុជា-ថៃ បាន​កើត​ឡើង និង​ត្រូវ​បាន​ពង្រឹង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ តាមរយៈ​ការដោះដូរ​លិខិតអនុញ្ញាត​ឲ្យ​ចេញ​ចូល​រថយន្ត​និង​តារាង​តម្លៃ​ពន្ធគយ​ឆ្លងដែន​រវាង​ប្រទេស​ទាំងពីរ ឈាន​ឆ្ពោះ​ទៅកាន់​ការ​បង្កើត​ឲ្យ​មាន​នូវ​ទំហំ​ការ​ដឹកជញ្ជូន​កាន់តែ​ច្រើន​ឡើង និង​ការ​បើក​ច្រកព្រំដែន​ថ្មីៗ​រវាង​ប្រទេស​ទាំងពីរ​។ ការអនុវត្ត​បែបនេះ ជួយ​ឲ្យ​ការដឹកជញ្ជូន​ទំនិញ​ទៅ​ដល់ដៃ​អតិថិជន​បាន​កាន់តែ​ឆាប់រហ័ស កាត់បន្ថយ​ថ្លៃដើម​ក្នុង​ការផ្ទេរ​ឆ្លងកាត់​តាម​ច្រកព្រំដែន​នៃ​ប្រទេស​វៀតណាម និង​ជួយ​ផ្ទេរ​ទំនិញ​ទៅកាន់​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ដឹក​ទៅកាន់​គោលដៅ​នីមួយៗ​ក្នុងប្រទេស​កម្ពុជា​បាន​ឆាប់រហ័ស​។

ជា​មួយ​នឹង​ប្រធានបទ​ដូច​គ្នា​នេះ​ដែរ លោក​ថង​យូ ឃុ​ង​ខាន់ អគ្គនាយក​សហភាព​ការ​ដឹកជញ្ជូន​ផ្លូវគោក ​នៃព្រះរាជាណាចក្រ​ថៃ ក៏បាន​បង្ហាញ​ទស្សនៈ​គាំទ្រ​នូវ​សារសំខាន់​នៃ​ការ​តភ្ជាប់​ការ​ដឹកជញ្ជូន​ក្នុង​តំបន់ ដោយ​ធ្វើការ​ចង្អុល​បង្ហាញ​ថា វា​មាន​សារសំខាន់​បំផុត​សម្រាប់​ការ​រីកលូតលាស់​នៃ​សេដ្ឋកិច្ច​និង​ការដោះដូរ​ពាណិជ្ជកម្ម​តាម​ព្រំដែន​នៃ​បណ្តា​ប្រទេស CLMV ដែល​ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​បំផុត​ក្នុង​តំបន់​ដែល​នឹង​រីក​លូតលាស់​បាន​ខ្ពស់​ផង​ដែរ។

កម្ពុជា​ផ្តោត​សំខាន់​ទៅលើ​ការ​ដឹកជញ្ជូន​ផ្លូវគោក ដែល​មាន​ការ​ចំណាយ​ពេល​តិច​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​ថ្នល់​រវាង​ប្រទេស​ទាំងពីរ​។ កំណែ​ទម្រង់​នូវ​ការ​តភ្ជាប់​ការ​ដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ​មាន​សារសំខាន់​បំផុត និង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បន្ត​រីក​លូតលាស់​បានជា​ដរាប​។ វា​នឹង​ឈាន​ទៅ​រក​កំណែ​ទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​រវាង​សហគ្រិន​ក្នុង​តំបន់ និង​ចុង​បញ្ចប់​នឹង​បង្កើត​ឡើង​នូវ​បណ្តាញ​ការដឹកជញ្ជូន​ដ៏​ទាន់សម័យ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ទៅកាន់​ឃ្លាំងទំនិញ​។ ពិ​ព័រ​ណ៍ TILOG-LOGISTIX 2017 នឹង​ជួយ​ឲ្យ​សហគ្រិន កម្ពុជា​ស្វែង​រក​ឃើញ​ដៃគូ​ធុរកិច្ច​ការ​ដឹកជញ្ជូន​ក្នុង​ប្រទេស​ថៃ​និង​បណ្តា​ប្រទេស​ដទៃ​ទៀត រួម​ទាំង​ផ្នែក​រដ្ឋ​នៃ​រាជរដ្ឋាភិបាល​ថៃ​ផង​ដែរ​។

លោក​ថង​យូ ឃុ​ង​ខាន់ បាន​ធ្វើ​ការ​ពន្យល់​បន្ថែ​ម​ទៀត​ថា លោកអ្នក​អាច​ទៅ​ទស្សនា​មើល​ដោយ​ផ្ទាល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ការ​ដឹកជញ្ជូន​ថៃ​ដែល​បម្រើ​ដល់​ការដឹកជញ្ជូន​ក្នុង​បណ្តា​ប្រទេស CLMV និង​ដើម្បី​ឃើញ​ឱកាស​រីកចម្រើន​ក្នុង​ធុរកិច្ច​ការដឹកជញ្ជូន សម្រាប់​ការតភ្ជាប់​តម្រូវការ​និង​ការផ្គត់ផ្គង់​ក្នុង​តំបន់។

អ្នកនាង ដួង​រ៉ាត់ ឧ​ត្ត​ម​ស៊ុម​ផន ប្រធាន​គ្រប់​គ្រង់​ផ្នែក​វិនិយោគ​ជាន់ខ្ពស់ នៃ​ក្រុមហ៊ុន Reed Tradex បានធ្វើ​បទ​បង្ហាញថា ពិព័រណ៍ TILOG-LOGISTIX 2017 ដែល​នឹង​រៀបចំ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី ១៦-១៨ សីហា ឆ្នាំ២០១៧ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ BITEC ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោម​ប្រធានបទ “​ការ​តភ្ជាប់​ទំនាក់ទំនង​ការ​ដឹកជញ្ជូន​ដើម្បី​ការ​រីកចម្រើន​ប្រកបដោយ​ចរភាព អាស៊ាន​បូក ៦” ជា​ពិ​ព័រណ៍​ដ៏​ល្អឥតខ្ចោះ​ដែល​បង្ហាញ​អំពី​សេវាកម្ម​ការ​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ក្នុង​តំបន់​។ ពិ​ព័រណ៍​នេះ​ក៏​នឹង​បង្ហាញ​ផងដែរ​នូវ​បច្ចេកវិទ្យា ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ម៉ាស៊ីន ឧបករណ៍ អ្នក​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន អ្នក​ផ្តល់​សេវាកម្ម​ផ្នែក​បច្ចេកវិទ្យា និង​ដំណោះស្រាយ​ផ្សេងៗ ដែល​មកពី​បណ្តា​ក្រុមហ៊ុន​ឈានមុខ​ចំនួន ៤១៥ ពី ២៥ ប្រទេស​ទូទាំង​ពិភពលោក។

ពិព័រណ៍​នេះ​ ក៏បាន​នាំមក​នូវ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ទាំង​ផ្លូវគោក ផ្លូវ​អាកាស និង​ផ្លូវទឹក ក្នុង​ឧស្សាហកម្ម​ធំៗ​ជាច្រើន​ក្នុង​តំបន់​អាស៊ាន ដើម្បី​ផ្តល់​ឱកាស​ការ​ជួបគ្នា​និង​បង្កើត​ទំនាក់ទំនង​គ្នា​សម្រាប់​បើក​ច្រកទ្វារ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ថែម​ទៀត​ផង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114