ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​រកសំឡេង​ឆ្នោត​នៅ​ថ្ងៃទី​២​មិថុនា ដែលជា​ថ្ងៃ​បិទ​បញ្ចប់

ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ការ​បញ្ជាក់​ទៅកាន់​ជនរួមជាតិ​រាប់​លាន​នាក់ ​ដែលជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា សម្តេច​នឹង​ចេញ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៧ ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត។

ការចូលរួម​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​នេះ ធ្វើឡើង​តាម​ការ​អំពាវនាវ​រប​ស់​សមាជិក សមាជិកា​បក្ស​និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​ឲ្យ​សម្តេច​ចេញមុខ និង​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​សមាជិក សមាជិកា និង អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ការ​បញ្ជាក់​បែប​នេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច។ ខ្លឹមសារ​នៃ​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា «​ពិតជា​រីករាយ​ណាស់ ​នៅ​ពេល​ដែល​ខ្ញុំ​បាន​មើល​ការ​ដង្ហែ​ក្បួន​ពេល​បើក​យុទ្ធនា​ការឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។

សមាជិក​បក្ស​ដ៏​ថ្លៃថ្នូរ ​និង ​ប្រកបដោយ​វិន័យ​របស់​យើង​ ធ្វើដំណើរ​ប្រកបដោយ​ការ​សប្បាយរីករាយ​និង​សាមគ្គីភាព​។ មានគ្រួសារ​ដែល​ប្តី​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ ដែល​មាន​កូនតូច​ក្នុង​សម្លៀកបំពាក់​គណបក្ស​ប្រជាជន ដែល​មាន​សញ្ញា​ទេវតា​បាចផ្កា​»​។

សម្តេច​តេ​ជោ​បាន​បន្ថែម​ថា “​បងប្អូន​មួយចំនួន​បាន​ចូល​មក​សួរ​តាម​ហ្វេ​ស​ប៊ុ​ក​(Facebook) ថា​អត់​ឃើញ​សម្តេច​តេ​ជោ​ចេញ​ហែ​ក្បួន។

ដើម្បី​សាមគ្គីភាព​និង​ការ​គាំទ្រ​ដល់​បេក្ខជន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​នឹងចូលរួម​ហែ​ក្បួន ក្នុង​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នា​ពេល​ខាងមុខនេះ​”​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា “​សូម​សមាជិក​បក្ស​យើង​រាប់​លាន​នាក់​នៅ​គ្រប់ ខេត្ត ស្រុក ខណ្ឌ ក្រុង ឃុំ សង្កាត់ នៅ​ទូទាំង​ប្រទេស​ចាត់ទុកថា ខ្ញុំ​បាន​ចូលរួម​ជាមួយ​បងប្អូន​នៅ​គ្រប់​ទីកន្លែង​។ ចូលរួម​ហែ​ក្បួន​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បន្ត​រក្សា​សន្តិភាព និង ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​”។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជិត​៣​ទស្សវត្សរ៍ និង កំពុង​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង ការអភិវឌ្ឍ។

សម្តេច​នឹង​ចេញ​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ដោយ​ផ្ទាល់ ​ខុស​ពី​ព្រឹត្តិការណ៍​ឃោសនា​រក​សំឡេងឆ្នោត​នា​អាណត្តិ​មុន​ៗ។ ជាធម្មតា​ក្នុងអំឡុងពេល​ឃោសនា​រក​សំឡេងឆ្នោត​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​តែងតែ​រក្សា​ភាព​ស្ងប់ស្ងាត់​និង​មិន​ចេញ​ធ្វើ​យុទ្ធនាការ​ដោយផ្ទាល់​បែបនេះ​ឡើយ​។ ក៏ប៉ុន្តែ​មាន​ពេល​ខ្លះ​ការ​នៅ​ស្ងៀម​របស់​ប្រមុខ​គណបក្ស​បាន​ផ្តល់​ឱកាស​ឲ្យ​គូប្រកួត​ឆ្លៀត​ប្រើ​គ្រប់​កលឧបាយ​វាយប្រហារ កេង​ចំណេញ​បាន​យ៉ាង​ស្រួល។ ដូចនេះ វត្តមាន​របស់​មេដឹកនាំ​ក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត​ក៏​មាន​សារៈសំខាន់​ណាស់​ដែរ​ គឺ​ដូចគ្នា​និង​មេបញ្ជាការ​កងទ័ព​ក្នុង​សមរភូមិ​ផង​ដែរ បើ​កំពុង​ប្រយុទ្ធ​មាន​វត្តមាន​មេបញ្ជាការ​ធ្វើ​ឲ្យ​កងទ័ព​មាន​ទឹកចិត្ត​ប្រយុទ្ធ និង ប្រយុទ្ធ​រហូតដល់​ដំណក់ឈាម​ចុងក្រោយ។

យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ មាន​រយៈពេល ១៤​ថ្ងៃ គឺ​ចាប់​ផ្តើម​ពីថ្ងៃ​ទី​២០ ខែឧសភា ដល់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៧ នេះ។ ដោយឡែក​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​រយៈពេល ៤​ថ្ងៃ កន្លង​ទៅ​នេះ ត្រូវបាន​គេ​មើលឃើញថា មាន​ភាព​ល្អប្រសើរ​ជាង​អាណត្តិ​កន្លង​ទៅដោយ​មិន​សូវ​មាន​ការប៉ះទង្គិច​ណាមួយ​រវាង​អ្នកគាំទ្រ ឬ អ្នក​ដង្ហែ​បក្ស​នយោបាយ​នោះ​ឡើយ​។ ភាពល្អប្រសើរ​នេះ​ត្រូវបាន​គេ​វាយ​តម្លៃថា​ដោយសារតែ​មានការ​រៀបចំ​ល្អ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និង​ដោយសារតែ​បក្ស​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​ចាស់ទុំ​ផង​ដែរ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114