ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុកថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អនាគត​នៃ​យុវជន

ភ្នំពេញ​ ៖​ ក្នុង​យុទ្ធនា​ការឃោសនា​រក​ស​ម្លេ​ង​ឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ សម្រាប់​ថ្ងៃទី ៤ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែ ឧសភា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើ​សារ​នយោបាយ​ខ្លី​មួយ​ដែលមាន​ខ្លឹមសារ​ថា “​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​អនាគត​នៃ​យុវជន​!” ។ សារ​នយោបាយ​ដ៏​ខ្លី​នេះ ចង់​ប្រាប់​ទៅ​យុវជន​យុវតី​ខ្មែរ​ទាំងអស់​ថា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​អ្នក​ទាំងអស់​គ្នា​មាន​ឱកាស​ក្នុង​ការ​ក្រេប​យកចំណេះ​ដឹង​ចំណេះ​ធ្វើ ដោយ​សេរី​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ការភ័យខ្លាច​ ឬ​ ត្រូវ​រត់គេច​ពី​សង្គ្រាម​នោះឡើយ។

សារ​នយោបាយ​នេះ ត្រូវ​បាន​បង្ហោះ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី ២៣ ខែ ឧសភា ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ថា “ ក្មួយៗ​យុវជន ចៅៗ​សិស្សានុសិស្ស ដែលមាន​ឱកាស​បាន​សិក្សា​រៀន​សូត្រ​ទាំង​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​គឺ​ដោយសារ​ប្រទេស​យើង​មាន​សុខសន្តិភាព​! គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថែរក្សា​ការពារ​សុខសន្តិភាព​ដើម្បី​ក្មួយៗ ចៅៗ មានឱកាស​សិក្សា​រៀនសូត្រ​ដោយ​សេរី​និង​ដោយ​គ្មាន​ការភិតភ័យ រត់លូន​ដោយសារ​សង្គ្រាម​ដូចដែល​កំពុង​កើតមានឡើង​នៅក្នុង​ប្រទេស​មួយចំនួន​នៅពេលនេះ​”​។

សម្តេច​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​ថា “​បោះឆ្នោត​ឲ្យ​បក្ស​ប្រជាជន​ គឺ​ផ្តល់​ឱកាស​ឲ្យ​យុវជន យុវតី កុមារា កុមារី បាន​សិក្សា​រៀន​សូត្រ​នៅ​គ្រប់​ទីកន្លែង​ដើម្បី​អនាគត​ល្អ​របស់​កូន​ខ្មែរ​ទូទាំង​ប្រទេស​”។ អ្វី​ដែល​សំខាន់​បំផុត​ជា​សមិទ្ធផល​ដ៏​ធំធេង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បាន​នោះ​គឺ កត្តា​សុខសន្តិភាព មាន​សុខសន្តិភាព​នេះ​ហើយ​ទើប​មានការ​អភិវឌ្ឍ និង បាន​បង្ក​ឱកាស​ឲ្យ​យុវជន​បាន​រៀន​សូត្រ និង មាន​ឱកាស​បង្កើន​សម​ត្តភាព​របស់ខ្លួន ទៅតាម​ចំណង់​ចំណូលចិត្ត។ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​វិស័យ​អប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស គឺជា​វិស័យ​អាទិភាព​ទី​១ ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង ៤។

លើ​ការងារ​កសាង​ធនធានមនុស្ស​កម្ពុជា​បាន​អភិវឌ្ឍ​ខ្លួន​តាំងពី​មាន​អ្នកចេះដឹង​ក្នុង​ចំនួន​តិចតួច​បំផុត​នៅ​ដើម​ទសវត្សរ៍​១៩៨០ ​ដែល​ជា​ដំណាក់កាល​ «​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច អ្នកចេះ​តិច​បង្រៀន​អ្នក​អត់​ចេះ​»​ រហូត​ឈាន​ដល់​បង្កើត​បាន​ជា​ប្រព័ន្ធ​ ដែល​មាន​ស្តង់ដារ​នៅ​គ្រប់​កម្រិត​នៃ​ការអប់រំ​បណ្តុះបណ្តាល​។ ប្រការ​នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​វិស័យ​អប់រំ​នៅ​កម្ពុជា​ពិត​ជាមាន​ការ​វិវឌ្ឍ​គួរ​ឲ្យកត់សម្គាល់។

ជា​រួម​វិស័យ​អប់រំ​កាន់តែ​ដើរ​តួនាទី​សំខាន់​ឡើង​ ក្នុង​ការ​រួមចំណែក​ដល់​ការបង្កើន​សក្តានុពល​នៃ​ស្រទាប់​យុវជន​ជំនាន់​ថ្មី ឲ្យ​កាន់តែ​មាន​ចំណេះដឹង​កាន់​តែមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការចាប់​ច្បាម​យក​ការងារ បង្កើន​ភាព​ប្រកួតប្រជែង​និង​លើកកម្ពស់​ជីវភាព​គ្រួសារ​ក៏ដូចជា​រួមចំណែក​ដល់​កិច្ច​ដំណើរការ​អភិវឌ្ឍ​ន៍​ប្រទេសជាតិ ព្រមទាំង​ការពង្រឹង​ស្មារតី​និង​ឆន្ទៈ​រួម​របស់​ប្រជាជន​ឲ្យ​ស្រឡាញ់ និង​ការពារ​ថែរក្សា​នូវ​សុខ​សន្តិភាព​។

ក្នុង​នោះ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​នៅ​គ្រប់​កម្រិតសិក្សា និង​ការប្រើប្រាស់​ធនធានមនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព គឺជា​ការចាំបាច់​និង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​លើក​ឡើង​ជារឿយៗ​ថា សម្តេច​មិន​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ក្មេង​ជំនាន់​ក្រោម​មាន​វាសនា​ដូច​សម្តេច ដែល​ត្រូវ​បែក​ពី​ក្រុម​គ្រួសារ​មក​សិក្សា​នៅ​ភ្នំពេញ ដោយសារតែ​ប្រទេស​មាន​សង្គ្រាម និង​ការ​ខ្វះ​សាលារៀន​នោះ​ទេ។ ហេតុដូច​នេះ​ហើយ ​បានជា​សម្តេច​ខិតខំ​យក​ជីវិត ទៅ​ប្តូរ​យក​សន្តិភាព​មក​ជូន​ជាតិ ជូន​ប្រជាជន និង បាន​ខិតខំ​កសាង​សាលារៀន​នៅ​ជនបទ និង​បង្កើត​ឲ្យ​មាន​អនុវិទ្យាល័យ​នៅ​គ្រប់​ឃុំ និង វិទ្យាល័យ​នៅ​គ្រប់​ស្រុក ហើយ​និង​ឈាន​ទៅ​បង្កើត​សាកលវិទ្យាល័យ នៅ​តាម​ខេត្ត​ដើម្បី​អនាគត​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​រៀនសូត្រ​និង​មានចំណេះដឹង​ខ្ពង់ខ្ពស់។

ចំណុច​ខាងលើ បាន​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យកចិត្តទុកដាក់​ចំពោះ​យុវជន និង កុមារ​តូចៗ និង បន្ត​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114