ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​សំណេះសំណាល​ ជាមួយ​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ឃុំ​ព្រែក​ស្តី​ និង ​ឃុំ​សំពៅ​ពូន​ប្រមាណ​ជាង​២​ពាន់​នាក់

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កោះធំ បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រួសារ​បក្ស ឋិត​នៅ​ឃុំ​ព្រែក​ស្តី និង​ឃុំ​សំពៅ​ពូន ស្រុកកោះធំ ខេត្តកណ្តាល ដែលមាន​សមាជិកគ្រួសា​រ​បក្ស​ប្រមាណ​ជាង ២០០០​នាក់​ចូលរួម កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៧។

នា​ឱកាស​នោះ​ដែរ ​ទេសរដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​អំពី​សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេច​បាន​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បណ្តាញ​ផ្លូវថ្នល់​ត​ភ្ជាប់​ខ្វាត់ខ្វែង​នៅក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល សម្រាប់​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ការស្វែងរក​ទីផ្សារ​នៅក្រៅ​ប្រទេស ដើម្បី​ជំរុញ​ការនាំចេញ​កសិផល​ពី​កម្ពុជា និង​ការបង្កើត​ការងារ​ធ្វើ​ជូន​អ្នកស្រុក​កោះធំ​ផងដែរ​។

​ជាមួយគ្នានេះ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​រំឭក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ថា បើ​ប្រទេស​យើង​គ្មាន​សុខសន្តិភាព និង​គ្មាន​ស្ថិរភាព​នយោបាយ ដែល​ទទួល​បាន ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​មិន​អាច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់ សាលារៀន មន្ទីរពេទ្យ​។ល​។ និង​មិន​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ឲ្យ​មក​បណ្តាក់ទុន ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​មិន​អាច​ទាក់ទាញ​ទេសចរ​​មកលេង​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។

លោក​ទេសរដ្ឋមន្ត្រី ​បាន​ណែនាំ​ឲ្យ​ក្រុមការងារ​ចែកលេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ​សម្រាប់​ទំនាក់ទំនង​មកកាន់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កោះធំ ក្នុង​គ្រា ​មាន​អាសន្ន​។ បងប្អូន​ប្រជាពលរដ្ឋ​រក្សាទុក​លេខ​ទូរ​ស័ព្ទ​ទាន់​ហេតុការណ៍​ទាំងនេះ​កុំ​ឲ្យ​បាត់ ដោយហេតុថា វា​អាច​ជួយ​សម្រាល​ទុក្ខ​លំបាក​នៅពេល​បងប្អូន​ជួបប្រទះ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114