ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជាន់ខ្ពស់​ថា ការ​ចង់​រំលាយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​របស់​លោក កឹម សុខា គឺ​ដើម្បី​បំផ្លាញ​ជីវភាព និង​ការរីកចម្រើន​របស់​ប្រជាកសិករ

ភ្នំពេញ ​៖ លោក ផៃ ស៊ី​ផាន មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​លើកឡើង​របស់​លោក កឹម សុខា អំពី​បំណង​ចង់​រំលាយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នោះ គឺជា​ការ​វាយ​បំបែក​ឆ្នាំងបាយ និង​បំផ្លាញ​ជីវភាព ព្រមទាំង​ការ​រីកចម្រើន​របស់​ប្រជាកសិករ នៅតាម​ទីជនបទ។

លោក ផៃ ស៊ី​ផាន លើកឡើង​បែបនេះ តាមរយៈ​លិខិត​ចំហ​មួយ​ផ្ញើ​ជូន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ និង​បន្ទាប់ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​លើក​ឡើង​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ឡើងកាន់​អំណាច នឹង​លុប​ក្រសួង​អភិវឌ្ឍ​ជនបទ​ចោល។

លិខិត​ចំហ​របស់​លោក ផៃ ស៊ី​ផាន លើក​ឡើង​ថា លោក​សោកស្តាយ ជា​មួយ​នឹង​អារម្មណ៍​ភ្ញាក់ផ្អើល​ចំពោះ​ការ​លើកឡើង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​លើក​ឡើង​នៅក្នុង​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​នៃ​អាណត្តិ ឃុំ សង្កាត់ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា “​លោក​នឹង​រំលាយ​ចោល​ក្រសួង​អភិវឌ្ឍន៍​ជនបទ នៅ​ពេល​ដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​”។

តាម​លោក ផៃ ស៊ី​ផាន ការ​លើក​ឡើង​នេះ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​មតិ​សាធារណជន ជាពិសេស​បណ្តាញសារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​។ លោក​បញ្ជាក់​ថា “​ការ​លើកឡើង​នេះ គឺ​មិន​ខុសគ្នា​ពី​យុទ្ធនាការ​បំបែក​ឆ្នាំងបាយ និង​បំផ្លាញ​ជីវភាព​កម្មករ​កម្ពុជា ដែល​បាន​ធ្វើឡើង​ដោយ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (​លោក សម រង្ស៊ី​) ដែល​បាន​ញុះញង់​កុំ​ឲ្យ​អ្នក​បណ្តាក់ទុន របស់​សហគមន៍​បរទេស​មកកាន់​កម្ពុជា​។ ពេលនេះ​លោក​ប្រធាន​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ មានបំណង​ពិតប្រាកដ គឺ​គោលដៅ​បំផ្លាញ​ជីវភាព​នៃ​ការ​រីកចម្រើន​របស់​ប្រជាកសិករ នៅតាម​ទីជនបទ​”។

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​រូប​នោះ​អះអាង​ថា ការ​រំលាយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ គឺ​មិន​ត្រឹមតែ​បំផ្លាញ​ការអភិវឌ្ឍន៍ គឺជា​ការ​សង​សឹក​ដល់​ប្រជាកសិករ​នៅតាម​ជនបទ ដែល​លោក​មិនដែល​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​នេះឡើយ នោះ​មិន​រាប់​ដល់​មន្ត្រីរាជការ ដែល​លោក បម្រើការ នៅក្នុង​ក្រសួង​អភិវឌ្ឍន៍ជនបទ បាននិងកំពុង​បម្រើ​មហាជន​យ៉ាងសកម្ម​នៅ​ពាសពេញ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មហាជន និង​ក្រុមប្រឹក្សា ឃុំ សង្កាត់​សហការ​យ៉ាង សស្រាក់សស្រាំ​។ ទិដ្ឋភាព​មួយទៀត​ក៏បាន​បង្ហាញ​ពី​អសមត្ថភាព ឬ​ការដឹង និង​យល់ អំពី​កិច្ចការ​នេះ របស់​ប្រធាន CNRP ក្នុងការ​ដឹកនាំ​ក្នុង​កិច្ចអភិវឌ្ឍន៍ បម្រើ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។

ក្រសួង​អភិវឌ្ឍន៍ជនបទ​នេះ គឺ​មិន​គ្រាន់តែ​ជា​ក្រសួង​មួយ​មាន​សារៈសំខាន់​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​រីកចម្រើន​នៅ​តាម​ជនបទ និង​ចាក​ចេញពី​ភាពក្រីក្រ​នោះ​ទេ ឬ​ចង់​ឲ្យ​ភាព​ក្រីក្រ​ជា មធ្យោបាយ ដើម្បី​ញុះញង់​សង្គម​ឲ្យ​មាន ចលនា​បះបោរ​ប្រឆាំង ហើយ​កម្មវិធី​អភិវឌ្ឍន៍​មួយ​ចំនួនធំ​ផ្ទាល់​មានការ​រួមចំណែក​ពី​អង្គការ​អន្តរជាតិ ក៏ដូចជា​អង្គការសហប្រជាជាតិ​ផងដែរ​។

ដូចនេះ​លោក កឹម សុខា គួរតែ​អត់ធ្មត់​ស្រាវជ្រាវ​អំពី​សម​ទ្ធិ​ផល​ដែល​កើត​ចេញពី​កម្មវិធី​អភិវឌ្ឍន៍​ជនបទ ក្នុង​រយៈពេល​កន្លងមក ឬមួយ​បោះបង់​ការ​អៀនខ្មាស់​រប​ស់​ខ្លួន ស្វែងយល់​អំពី​ក្រុមប្រឹក្សា ឃុំ សង្កាត់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងតែ​បម្រើ​ប្រជាពលរដ្ឋ​យ៉ាងសកម្ម និង ប្រសិទ្ធភាព នៅតាម​មូលដ្ឋាន​។

ខ្ញុំ​យល់​ឃើញ​ថា​ សមត្ថភាព​យល់​ដឹង​របស់​លោក កឹម សុខា ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ក៏ដូចជា​ការអភិវឌ្ឍ​ជនបទ​នៅ​មាន​កម្រិត​នៅឡើយ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ​២០១៧ លោក កឹម សុខា បាន​ព្រមាន​មុន​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ឡើងកាន់​អំណាច នឹង​លុប​ក្រសួង​អភិវឌ្ឍ​ជនបទ​ចោល​។

លោក​ថ្លែង​យ៉ាង​នេះ​ថា ដេញថ្លៃ​តម្លាភាព​អត់​? នេះ​ជា​បញ្ហា​? ហើយ​តើ​បងប្អូន​នៅ​តាម​ឃុំ​សង្កាត់​ហ៊ាន​តវ៉ា​នឹង​គេ​អត់ ? ស្រេច​តែ​គេ​ខាងលើ មែន​ទេ​បងប្អូន​?​។ ដូច្នេះ​ការអភិវឌ្ឍ​ឃុំ​សង្កាត់ ហេដ្ឋា​រចនា​ស​ម្ព័ន​ផ្លូវលំ ឬ​ប្រឡាយ​ទឹក​ជាដើម​នោះ ថវិកា​ជាតិ​កន្លះ​លាន​ដុល្លារ នឹង​ផ្តល់​ឲ្យ​ក្រុមប្រឹក្សា ឃុំ សង្កាត់ ធ្វើ​ដោយ​ខ្លួនឯង​ម៉េច​ដែរ​… បើ​យើង​ទទួល​ធ្វើ​បាន ទុក​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ធ្វើ​ស្អី​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114