ព័ត៍មានទាន់​ហេតុការណ៏
Search

បេសកកម្ម​ស្ម័គ្រចិត្ត​អន្តរជាតិ​លើក​ទី​១១ ​នៃ​ធនា​គារ​ឧស្សាហកម្ម​កូរ៉េ ដើម្បី​គាំទ្រ​ការអបរំ​សម្រាប់​កុមារ​កម្ពុជា​

សៀមរាប ​៖ បេសកកម្ម​ស្ម័គ្រចិត្ត​អន្តរជាតិ​លើក​ទី​១១​នៃ​ធនា​គារ​ឧស្សាហកម្ម​កូរ៉េ ដើម្បី​គាំទ្រ​ការអប់រំ​សម្រាប់​កុមារ​កម្ពុជា ក្នុង​គោលបំណង​ជួយ​ជំរុញ និង​បណ្ដុះបណ្ដាល​នូវ​ចំណេះ​ទូទៅ តាមរយៈ​នៃ​សកម្មភាព​ស្ម័គ្រចិត្ត​នៃ​ធនា​គារ​ឧស្សាហកម្ម​កូរ៉េ នឹងធ្វើ​ឲ្យ​ចំណងមិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េ​ឲ្យ​កាន់​តែ​មាន​ភាពជិតស្និទ្ធ​ល្អប្រសើរ​ថែមទៀត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក អភិបាលរង​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប និង​លោក មេឃុំ លោក មេ​ប៉ុ​ស្តិ៍ ព្រមទាំង​សិស្សានុសិស្ស​ជាច្រើន​នាក់​ផងដែរ នា​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតក្នុង​សាលាបឋមសិក្សា​ភូមិ​អូរ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

លោក ម៉ុ​ត ស​យុំ នាយក​សាលាបឋមសិក្សា​ភូមិ​អូរ​បាន​ឲ្យ​ដឹង​​ថា សាលាបឋមសិក្សា​ភូមិ​អូរ ក្នុង​ឆ្នាំ​២០១៦-២០១៧ មាន​គ្រូ​ចំនួន ១៣​នាក់ ស្រី​៨​នាក់ សិស្ស​សរុប​ចំនួន ៣៩៥​នាក់ ស្រី ១៨២​នាក់ សាលា​មាន​ចំនួន ១០ ថ្នាក់ គិត​ទាំង​ម​ត្តេ​យ្យ សាលា​នៅតែមាន​ការខ្វះខាត​ពុំទាន់​សមស្រប​ជា​សាលា​កុមារ​មេត្រី​នៅឡើយ​ទេ ដូច្នេះ​យើងខ្ញុំ​តែងតែ​ធ្វើការ​ទំនាក់ទំនង​ដល់​សប្បុរសជន និង​អង្គការ​នានា​ដែលជា​ដៃគូ​ដើម្បី​អភិ​ឌ្ឍ​ន៍សាលា​នេះ​ឲ្យ​ក្លាយទៅជា​សាលា​កុមារ​មេត្រី។

ជាក់ស្តែង​នៅថ្ងៃនេះ សាលា​យើង​ទទួលបាន​សមិទ្ធផល​យ៉ាងច្រើន​ពី​សប្បុរស​ធ​ម៌អ្នកស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ តាមរយៈអង្គការ (Child Fund) កូរ៉េ និង​អង្គការ (Child Fund) កម្ពុជា បាន​ជួយឧបត្ថម្ភ​សម្ភារៈជាច្រើន​ដូចជា កញ្ចុះ​សម្រាប់​អង្គុយលេង​២​កន្លែង ទូ​ដាក់​ឯកសារ​សម្រាប់​ថ្នាក់រៀន​ចំនួន​១៤ កង្ហារ​៤៥​គ្រឿង កុំព្យូទ័រ​យួរដៃ​២​គ្រឿ​ង ម៉ាស៊ីន​ព្រី​ន​ធ័​រ​២​គ្រឿង ធុងបាស​១​គ្រឿង សៀវភៅ​សម្រាប់​ប​ណ្ណា​ល័យ​ចំនួន​៤៤០​ក្បាល គូ​រូប​ភាព​នៅលើ​ជញ្ជាំង​៥​ផ្ទាំង សួន​ធរណីមាត្រ​៤ ព្រមទាំង​ក្រាល​ការ៉ូឡា​៤០០​ម៉ែត្រការ៉េ​ផង​។ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៅ​ទីនោះ​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បេសកកម្ម​អ្នកស្ម័គ្រចិត្ត​នៃ​ធនា​គារ​ឧស្សាហកម្ម​កូរ៉េ ក៏ដូចជា អង្គការ (Child Fund) កូរ៉េ និង​អង្គការ (Child Fund) កម្ពុជា​ដែល​បាន​ជួយឧបត្ថម្ភ​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ក្នុង​រយៈ​កាល​កន្លងមក​។​

លោក យ៉ុ​ន វ៉ុ​ក អ៊ិ​ក​(Mr Hyun Kwon Ik) នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ធនា​គារ​ឧស្សាហកម្ម​កូរ៉េ​បាន​លើកឡើងថា ធនា​គារ​ឧស្សាហកម្ម (IBK) នឹង​ប្រើប្រាស់​បទពិសោធ​ន៍​របស់ខ្លួន ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​​សហគ្រាស​តូច និង​មធ្យម​របស់​កូរ៉េ ដើម្បី​ជួយ​ជំរុញ និង​អភិវឌ្ឍ​ន៍សហគ្រាស​ធុន​តូច មធ្យម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​អ​ភិ​វ​ឌ្ឍ​ន៍​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ បច្ចុប្បន្ន ប្រទេស​កម្ពុជា​បាន​ និង​កំពុង​បោះ​ជំ​ហាន​ទៅមុខ​លើ​ផ្នែក​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់ ហើយក៏​បានក្លាយ​ទៅជា​ប្រទេស​ឈានមុខ​មួយ​ក្នុង​តំបន់​ឥណ្ឌូចិន​ដែរ​៕​

  
​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684