ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រោយពី​បញ្ចប់​សង្គ្រាម​ ៣​ទសវត្សរ៍​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​ របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន ​ខណ្ឌ​ជ្រោយចង្វារ​មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង​

ភ្នំពេញ​ ៖​ សុខ​សន្តិភាព ​បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ ជាពិសេស​សន្តិភាព​ បាន​ធ្វើឲ្យ​រាជរដ្ឋាភិបាល​មាន​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​កសាង​នូវ​សមិទ្ធផល​នានា​បម្រើ​ផលប្រយោជន៍​រួម​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទីក្រុង​ភ្នំពេញ​បាន​ក្លាយ​ជាទី​ក្រុង​មួយ​ មានការ​អភិវឌ្ឍ​រីកចម្រើន​លូតលាស់​ជា​បន្តបន្ទាប់ ក្នុង​នោះ​អ្វី​ដែល​យើង​មើល​ឃើញ​គឺ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ក្រុង​ត្រូវ​បាន​កសាង​អភិវឌ្ឍន៍​មាន​ឡើងជា​បន្តបន្ទាប់​ដូចជា​អគារ​ខ្ពស់ៗ​ទំនើបៗ​ភោជនីយដ្ឋាន អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប សណ្ឋាគារ​លំដាប់​ផ្កាយ និង​សំណង់​ផ្សេងៗ​ជាច្រើន​ទៀត​បាន​កើតមានឡើង​នៅ​ទី​ក្នុង​ភ្នំពេញ។​

ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​បែបនេះ​បានធ្វើឲ្យ​ទីក្រុង​ភ្នំពេញ ​បាន​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់ ដែល​ពេលនេះ​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​រហូតដល់ ​១២​ខណ្ឌ ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ការ​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​មាន​កំណើន​ឥត​ឈប់ឈរ ពីមួយថ្ងៃ​ទៅមួយថ្ងៃ។​

ខណ្ឌ​ជ្រោយចង្វារ​គឺជា​ខណ្ឌ​មួយ​របស់​រាជធានី​ភ្នំពេញ ខណ្ឌ​នេះ​ត្រូវបាន​បង្កើតឡើង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ​៥៧៩​អ ន ក្រ ប ក​ចុះ​ថ្ងៃទី​២៥ ​ខែធ្នូ​ ឆ្នាំ​២០១៣ ដោយ បំបែក​ចេញពី​ខណ្ឌឫស្សីកែវ។ បច្ចុប្បន្ន​ខណ្ឌ​ជ្រោយចង្វារ​មាន​សង្កាត់​ចំនួន​៥ គឺ​សង្កាត់​ព្រែក​តាសេក សង្កាត់​ព្រែកលៀប សង្កាត់​ជ្រោយចង្វារ សង្កាត់​បាក់​ខែង និង​សង្កាត់​កោះដាច់។ បច្ចុប្បន្ន​ខណ្ឌ​មួយ​នេះ​កំពុងមាន​ការអភិវឌ្ឍ​​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ យើង​ក្រឡេក​ទៅ​មើ​ល​ពី​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ធ្វើដំណើរ​ និង​វិស័យ​សំណង់​វិញ​នោះ កំពុង​មាន​ការលូតលាស់​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

លោក ឃ្លាំង​ ហួត ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយ​ចង្វារ បាន​ថ្លែង​នៅ​ក្នុង​បទ​យកការណ៍​មួយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​គឺ​រាជ​រដ្ឋាភិបាល​លោក​បាន​ពង្រីក​ផ្លូវជាតិ​លេខ​៦ ហើយ​បានធ្វើ​ស្ពាន​មួយ​បន្ថែមទៀត​ជាប់​ស្ពាន​ចាស់​គេ​ហៅថា​ស្ពាន​ជ្រោ​យ​ចង្វារ​ថ្មី​ឥឡូវ​ហ្នឹង​យើង​បាន​ស្ពាន​ដល់​ទៅ​២ ប៉ុន្តែ​ទន្ទឹមនឹងនោះ​ នៅតែ​មិនអាច​បម្រើ​នូវ​សេវា​គ្រប់​គ្រាន់​ទេ​នៅមាន​បន្ថែមទៀត បើតាម​លោក​ទទួលដំណឹង​បាន​ហើយ​ក៏បាន​ចុះ​មើល​កន្លែង​ទីតាំង​ផ្ទាល់​រួចហើយ គឺ​សម្តេច​តេ​ជោ​លោក​បាន​បញ្ជា អភិបាល​រាជធានី​មក​សិក្សា​ទីតាំង ដើម្បី​សិក្សា​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប​នេះ ដែលជា​គម្រោង​របស់​សាលា​រាជធានី​មួយ​ ​ហើយ​នឹង​របស់​ក្រុមហ៊ុន OCIC​មួយ ដូច្នេះ​មាន​ស្ពាន​២ ​ដែល​ត្រូវ​កសាង​ដំណាលគ្នា ហើយ​នឹងមាន​ក្រុមហ៊ុន​ដទៃទៀត​នឹងមាន​គំ​និតត្រូវ​សាងសង់​ស្ពាន។ ដូច្នេះវិស័យ​រដ្ឋ​ជាមួយ​ឯកជន​កំពុង​ត្រូវ​ចូលរួម​គ្នា​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​តំបន់​នេះ​ធ្វើឲ្យមាន​ការ​រីកចម្រើន​។​

ជាការ​ពិតណាស់​តាមរយៈ​ការស្ថាបនា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​៦​នេះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​កាន់តែ​ប្រសើរ​ថែម ទៀត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ​នេះ ពីព្រោះ​ចាប់តាំងពី​ផ្លូវ​នេះ​បាន​ពង្រីក​ខ្លួន​មក ធ្វើឲ្យ​ការរស់នៅ​របស់​ពួកគាត់​កាន់​តែមាន​ភាពប្រសើរឡើង និង​ត្រូវបាន​ប្រជាពលរដ្ឋ​អបអរសាទរ​យ៉ាងខ្លាំង ដោយសារ​ពួកគាត់​ងាយស្រួល​ក្នុងការ​លក់ដូរ​មាន​ជីវភាព​ធូរធារ ហើយ​ពួកគាត់​ក៏បាន​ថ្លែងអំណរគុណ​ដល់​សម្តេ​ច​តេ​ជោ​ហ៊ុ​ន​ សែន ​ដែល​ដឹកនាំ​ប្រទេសជាតិ​បានល្អ​។​

វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​ជា​ប្រមុខ បានធ្វើឲ្យវិស័យ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធនេះ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ ក្នុង​ផែនការ​យុទ្ធសាស្ត្រ​យូរអង្វែង​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរ​លើ​វិស័យ​ដឹកជញ្ជូន សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ស្ថាបនា​ផ្លូវ​នៅ​ជាយក្រុង​ជាច្រើន​ដើម្បីឲ្យ​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជា​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ងាយស្រួល​ហើយ តាមរយៈ​ផ្លូវជាតិ​លេខ​៦​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​ធ្វើដំណើរ​ទាំង​ក្នុង​ទីក្រុង​ និង​ចេញ​ទៅតាម​បណ្តា​ខេត្ត។​

រដ្ឋាភិបាល​ក៏​មិន​ភ្លេច​ផងដែរ ​និង​ការផ្តល់​ហិរញ្ញប្បទាន​របស់​មិត្ត​ចិន​ក្នុងការ​ស្ថាបនា​ផ្លូវ​ឡើងវិញ​នូវ​ផ្លូវជាតិ​មួយ​នេះ នៅក្នុង​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធ​ផ្សេងៗ​ទៀត ប្រជាពលរដ្ឋ ដែល​បាន​និង​កំពុង​រស់នៅក្នុង​តំបន់​អភិវឌ្ឍ​ជ្រោយចង្វារ​នេះ សុទ្ធតែ​សំដែង​នូវ​អារម្មណ៍​រីករាយ​សប្បាយ​ចិត្ត​ចំពោះ​ភាព​រីកចម្រើន​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធ​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ​នេះ។​

ក្រៅពី​ភាព​រីកចម្រើន​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធផ្លូវ​ធ្វើដំណើរ​ដែលជា​សម្បត្តិ​សាធារណៈ​នោះ យើង​ក្រឡេកមើល​ពី​ភាព​រីកលូតលាស់​របស់​ឯកជន​ ដែលជា​វិស័យ​សំណង់​វិញ​ម្តង បច្ចុប្បន្ន​ខណ្ឌ​ជ្រោយចង្វារ​មានការ​រីកចម្រើន​មិន​ចាញ់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នោះទេ។ ជាក់ស្តែង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​សំណង់​ដែលមាន​កម្ពស់​ខ្ពស់​​ និង​ទំនើបៗ​ត្រូវបាន​កើតមានឡើង​ជា​បន្តបន្ទាប់​ដូចជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​ទំនើប សណ្ឋាគារ ផ្ទះសំណាក់ ខុន​ដូ ផ្ទះល្វែង បុរី និង​សំណង់​ផ្សេងៗ​ជាច្រើន​ទៀត។​

លោក ឃ្លាំង​ ហួត ​បានលើកឡើង​ទៀតថា អ្វីដែល​ធ្វើឲ្យ​មានការ​រីកចម្រើន​នោះ​គឺ​កត្តា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ធ្វើឲ្យ​វិស័យ​ឯកជន​នានា​គេ​មាន​ទំនុក​ទុកចិត្ត​មក​ដាក់ទុន​វិនិយោគ ដែល​យើង​ឃើញថា​រីក​ស្អេកស្កះ ដែល​អ្នក​ជ្រោយចង្វារ​ពីមុន​កណ្ដោចកណ្ដែង​ណាស់ អត់​មានអី​ទាំង​អស់ តែ​ឥឡូវនេះ​អ្នក​ជ្រោយចង្វារ​ពោរពេញ​ទៅដោយ​អគារ​ខ្ពស់ៗ​ជា​សណ្ឋាគារ ជា​ខុន​ដូ។​


​មូលហេតុ​អី​បានជា​ខុន​ដូ​ដុះ​ច្រើន​នៅ​តំបន់​នេះ ព្រោះ​ទីនេះ​ជា​តំបន់​កោះ​ ដោយមាន​ទន្លេមេគង្គ​និង​ទន្លេសាប​នៅ​ព័ទ្ធជុំវិញ​ធ្វើឲ្យ​បរិស្ថាន​ការរស់នៅ​តំបន់​នេះ​ល្អ ជាហេតុ​ធ្វើឲ្យ​អ្នកវិនិយោគទុន​គេ​មានការ​ចាប់អារម្មណ៍​មក​សាងសង់​ខុន​ដូ​ជាច្រើន ហើយ​ខ្លះ​ក៏​សង់​រួច ហើយ​ខ្លះទៀត​ក៏មាន​ផែន​ការសង់​បន្តបន្ទាប់។ លោក​ថ្លែងបន្តថា ឥឡូវនេះ​យើង​មាន​បុរី គឺ​បុរី​ធំៗ ដូចជា​បុរី​រុងរឿង​ ​បុរី​​មេគង្គ​រ៉ូយ៉ាល់ បុរី​អ័ក​គី​ដេ បុរី​ប៉េង​ហួត និង​មាន​បុរី​ផ្សេងៗ​ទៀត ទើប​ចាប់ផ្តើម​ធ្វើការ​សាងសង់​នៅ​តំបន់​នេះ ។​

ភាព​រីកចម្រើន​លើ​វិស័យ​ឯកជន​ដោយសារតែ​តំបន់​នេះ​មាន​ហេ​ដ្ឋា​រចនា​សម្ព័ន្ធគ្រប់គ្រាន់​ព្រោះ​ផ្លូវ​ហាយ​វេ​ដ៏​ធំ​មួយ​នេះ ដែល​ធ្វើឲ្យ​អ្នកវិនិយោគ​មានការ​ចាប់អារម្មណ៍​ច្រើន​ក្នុងការ​អភិវឌ្ឍ មក​វិនិយោគ​នៅក្នុង​តំបន់​នេះ។​

ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ខណ្ឌ​ជ្រោយចង្វារ​នៃ​រាជធានី​ភ្នំពេញ​យើង​នឹង​ប្រែ​មុខ​មាន​ថ្មី​តាមរយៈ​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​កំពុង​ប្រតិបត្តិការ​យ៉ាងសកម្ម ហើយ​បច្ចុប្បន្ននេះ​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ បាន​និង​កំពុង​បង្កើត​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធផ្សេងៗ​ដូចជា​ការបង្កើត​បន្ថែម​នូវ​ផ្លូវ​ធ្វើដំណើរ ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​ទំនើប សណ្ឋាគារ ផ្ទះសំណាក់ ខុន​ដូ ផ្ទះល្វែង បុរី និង​សំណង់​ផ្សេងៗ​ជាច្រើន​ទៀត។​

ក្រៅពី​គម្រោង​នៃ​ការ​​​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វារ​នោះ​នៅ​មាន​ទីក្រុង​រណប​មួយទៀត​ដែល​មាន​ឈ្មោះថា​ទីក្រុង​រណប​មិត្តភាព​កម្ពុជា​ចិន ដែល​ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​តាសេក​ ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684