ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ឃ្លាំមើល​ ៖ ការវាយប្រហារ​ដឹកនាំ​ដោយ​អាមេរិក​ សម្លាប់​ជន​ស៊ីវិល​៣៥​នាក់​ នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​

​ក្រុម​ឃ្លាំមើល​មួយ​បាន​និយាយថា ការវាយប្រហារ​អាកាស​របស់​ក្រុមចម្រុះដឹកនាំ​ដោយ​អាមេរិក​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បានសម្លាប់​ជន​ស៊ីវិល យ៉ាងហោចណាស់​៣៥​នាក់ ​ក្នុង​ក្រុង​មួយ​ដែល​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​។


​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​ បាន​និយាយថា ការវាយប្រហារ​នេះ​បាន​វាយ​ចំ​អាគារ​លំនៅដ្ឋាន ​ក្នុង​ក្រុង Mayadeen ស្ថិតក្នុង​ខេត្ត​សម្បូរ​ប្រេង Deir Ezzor ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​។

​ប្រធាន​ក្រុម​សង្កេតការណ៍​លោក Rami Abdel Rahman បាន​និយាយថា “​ក្នុងចំណោម​អ្នកស្លាប់​នោះ​ គឺមាន​សាច់ញាតិ​នៃ​យុទ្ធជន IS យ៉ាងហោចណាស់​២៦​នាក់​ ដែល​ពួកគេ​មួយចំនួន​ជា​ស្ត្រី​ និង​កុមារ ​ដោយ​រួមមាន​ជនជាតិ​ស៊ី​រី​ និង​ម៉ា​រ៉ុ​ក​”​។​ លោក Abdel Rahman បាន​ប្រាប់ AFP ថា “​មនុស្ស​ចំនួន​៩ ​នាក់​ផ្សេងទៀត​ គឺជា​ជន​ស៊ីវិល​ស៊ី​រី​ ដោយ​រួមមាន​ទាំង​កុមារ​ចំនួន​៥​នាក់​ផងដែរ​”​។

​ក្រុម​អង្កេត​ការណ៍​នេះ​បាន​និយាយទៀតថា ចំនួន​អ្នកស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​ក្នុងការ​វាយឆ្មក់​ទម្លាក់​គ្រាប់បែក​ របស់​ក្រុមចម្រុះ​រយៈពេល​ពីរ​ថ្ងៃ ​នៅ​ក្រុង Mayadeen ឡើងទៅ​ដល់​៥០​នាក់ ​បន្ទាប់ពី​មនុស្ស​១៥​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហា​រ ដែ​ល​ដឹកនាំ​ដោយ​អាមេរិក ​ទៅលើ​ក្រុង​នេះ​កាលពី​ថ្ងៃ​ពុធ​។

​ក្រុម​អង្កេត​ការណ៍​ ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​មួយ​នេះ​ បាន​រាយការណ៍​នៅ​សប្ដាហ៍​នេះ ​ពី​ចំនួន​អ្នកស្លាប់​ប្រចាំខែ​ខ្ពស់បំផុត​សម្រាប់​ក្រុមចម្រុះ​ ចាប់តាំងពី​​បានចាប់ផ្តើម​ការទម្លាក់​គ្រាប់បែក​នៅ​ប្រទេស​ស៊ី​រី​ កាលពី​ថ្ងៃទី​២៣ ​ខែកញ្ញា​ ឆ្នាំ​២០១៤​។​ ក្រុម​អង្កេត​ការណ៍​បាន​និយាយថា នៅ​ចន្លោះ​ថ្ងៃទី​២៣​ ខែមេសា ​ដល់​ថ្ងៃទី​២៣ ​ខែឧសភា ​ឆ្នាំនេះ ការវាយប្រហារ​របស់​ក្រុមចម្រុះ បានសម្លាប់​ជន​ស៊ីវិល​សរុប​ចំនួន​២២៥​នាក់​ ក្នុងប្រទេស​ស៊ី​រី​។

​គួរ​បញ្ជាក់ថា សម្ព័ន្ធភាព​អន្តរជាតិ​នេះ​កំពុងផ្តល់​ការគាំទ្រ​ដែនអាកាស​ សម្រាប់​ការវាយលុក​ចំនួន​ពី​រលើ​បន្ទាយ​ក្រុង​នានា​ ដែល​នៅ​សេសសល់​របស់​ក្រុម IS ដូចជា​ក្រុង Raqa នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ និង​នៅក្នុង​ទីក្រុង Mosul នៃ​ប្រទេស​អ៊ីរ៉ាក់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114