ព័ត៍មានទាន់​ហេតុការណ៏
Search

កូនប្រសា​រលោក Trump ត្រូវគេ​ផ្តោត​សំខាន់​ក្នុងការ​ស៊ើបអង្កេត​ពាក់​ព័ន្ធ​រឿង​រុស្ស៊ី​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៥ ​ខែឧសភា​ថា សកម្មភាព​របស់លោក Jared Kushner ដែល​ត្រូវជា​កូនប្រសា ​និង​ជា​ជំនួយការ​ជាន់ខ្ពស់​រប​ស់លោក​ប្រធានាធិបតី Donald Trump គឺ​កំពុងស្ថិត​នៅក្រោម​ការត្រួត​ពិនិត្យ​របស់ FBI ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំមុន​។

​បើទោះបីជា​វា​មិន​ច្បាស់ ​ថា​តើ​លោក Kushner ស្ថិតក្នុង​ការផ្តោត​សំខាន់​នៃ​ការស៊ើបអង្កេត​នេះ​ក៏ដោយ គាត់​គឺ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​សម្រាប់​អន្តរ​កម្ម​របស់គាត់ ​ជាមួយនឹង​ក្រុមមន្ត្រី​រុស្ស៊ី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Washington Post ដែល​បានលើកឡើង​ពី​មនុស្ស​ដែល​ជិតស្និទ្ធ​នឹង​បញ្ហា​នេះ​។

​ស្របពេល​ជាមួយគ្នា​នោះ ទូរទស្សន៍ NBC News ដែល​បានលើកឡើង​ពី​ប្រភព​មន្ត្រី​អាមេរិក​មិន​បញ្ចេញ​ឈ្មោះ​ ក៏បាន​រាយការណ៍​ផងដែរ​ថា FBI កំពុង​សម្លឹងមើល​លោក Kushner ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា ខណៈដែល​ក្រុម​អ្នកស៊ើប​អង្កេត​ជឿថា ​គាត់​មាន​ព័ត៌មាន​សំខាន់​ពាក់ព័ន្ធ​ទៅនឹង​ការស៊ើបអង្កេត​របស់​ពួកគេ​នោះ វា​មិនមែន​មានន័យថា​ពួកគេ​សង្ស័យ​លើ​គាត់​អំពី​បទឧក្រិដ្ឋ​ទេ​។

Washington Post បាន​ចុះផ្សាយ​ថា លោក Kushner បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ ប្រចាំ​នៅ​សហរដ្ឋអាមេរិក​ និង​អ្នកជំនាញ​ខាង​ធនាគារ​មកពី​ទីក្រុង​មូ​ស្គូ​ កាលពី​ខែធ្នូ​។ ពីដំបូង​ឡើយ លោក Kushner មិនបាន​ប្រកាស​អំពី​កិច្ចប្រជុំ​នេះ​ លើ​ទម្រង់​ដើម្បី​ទទួល​បានការ​បោសសម្អាត​សន្តិសុខ​ទេ​។ ក្រោយមេធាវី​របស់គាត់​មក​បាន​និយាយថា វា​គឺជា​កំហុស​មួយ ​និង​បាន​ប្រាប់​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​ថា គាត់​នឹងធ្វើ​វិសោធនកម្ម​ទម្រង់​នេះ​។

​គួរ​បញ្ជាក់ថា លោក Kushner ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង Ivanka ដែល​ត្រូវជា​កូនស្រី​របស់លោក Trump បច្ចុប្បន្ន​គឺជា​មន្ត្រី​សេត​វិមាន​តែ​ម្នាក់​គត់​ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បុគ្គល​ដ៏​សំខាន់​នៅក្នុង​ការស៊ើបអង្កេត​នេះ ​ដែល​កំពុង​កំណត់​គោលដៅ​លើ​សមាជិក​ផ្សេងទៀត​នៃ​ក្រុម​ធ្វើ​យុទ្ធនាការ​របស់លោក Trump ៕