Connect with us

ព័ត៌មានជាតិ

តំបន់អភិរក្សភ្នំចាបភ្លើង​ ស្រុកថាឡាបរិវ៉ាត់ ​ត្រូវបាន​ជនខិលខូច លួចកាប់ឈើរាន​យកដីព្រៃទាំងយប់

បានផុស

នៅ

តំបន់ភ្នំចាបភ្លើងជាតំបន់អភិរក្សនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលគេហៅថា ល្អាងភ្នំនាគខៀវ ដែលជាតំបន់រមណីយដ្ឋានទេសចរណ៍ទើបតែកើតឡើង ត្រូវបានជនខិលខូច​លបលួច​កាប់ឈើ​ធ្វើអាជីវកម្មលក់យកលុយ និងសកម្មភាពកាប់​រានយកដីព្រៃទាំងយប់ធ្វើជាកម្មសិទ្ធ និងលក់​បន្ត​នៅតែកើតមានបន្តក្នុងស្រុកថាឡាបរិវ៉ាត់ ដែលអាជ្ញាធរមូលដ្ឋាន មិនទាន់បង្ក្រាបបានទោះបីការផ្សព្វផ្សាយ សារាចរណ៍លេខ០១ របស់រាជរដ្ឋាភិបាលបានទូលំទូលាយយ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្រះតេជគុណ ពុទ្ធ យ៉ាំ ចៅអធិការវត្តថាឡាបរិវ៉ាត់មានសង្ឃដីការថា​៖ ព្រៃអភិរក្សនៅតំបន់ភ្នំ​ចាប​ភ្លើង (ហៅភ្នំល្អាង​នាគខៀវ) នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បច្ចុប្បន្ន​មានជនខិលខូចលួចកាប់ព្រៃរាន​យកដី និងកាប់ឈើនៅពេលយប់ ដែលបង្កភាពស្មុគ្រស្មាញ​មិន​អាចឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋមកការពារហើយធ្វើការមកចូលរួមបង្ក្រាបបានទេ។​

​ព្រះតេជគុណមានសង្ឃដីការបន្តថា៖ នេះជាភាពធូរលុងរបស់ស្ថានប័នពាក់ព័ន្ធធ្វើឱ្យជនប្រព្រឹត្ត​បទល្មើស​ទាំងនោះមានឱកាសចូលព្រៃកាប់ឈើ ធ្វើអាជីវកម្ម​ និងកាប់ព្រៃរានយកដីគ្មាន​កោតខ្លាច​សមត្ថកិច្ច​ណាឡើយហើយ​សកម្មភាពទន្ទ្រានយកដី និងកាប់ឈើនេះ ជាសញ្ញាមួយបង្ហាញពីការ​បំផ្លិចបំផ្លាញធនធានព្រៃឈើដែលនៅសេសសល់ចុងក្រោយ។​

​ព្រះតេជគុណមានសង្ឃដីការស្នើឱ្យស្ថាប័នមានសមត្ថកិច្ច ជួយមានវិធានការផង ព្រោះបទល្មើសខុសច្បាប់នេះ អាជ្ញាធរភូមិ ពុំអាចទប់ស្កាត់បានទាន់ពេលវេលាទេ។

លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖ ករណីកាប់ឈើរានព្រៃយកដីនេះលោកមិនទាន់ទទួលរបាយការណ៍ជាលាយលក្ខណ៍អក្សរពីព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានទេ។

លោកអះអាងថា នឹងរៀបចំកម្លាំងចម្រុះថ្នាក់ស្រុកឱ្យទៅពិនិត្យមើលជាក់ស្តែង ដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្តបន្ថែម ជួយអន្តរាគមន៍បង្ក្រាបឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា សកម្មភាពកាប់ឈើ និងរានយកដីនេះសមត្ថកិច្ចស្រុកមិនទាន់បានចុះទៅត្រួតពិនិត្យនៅឡើយទេហើយចំណុចដែលជនសង្ស័យលួចកាប់ឈើនិងរានដីនេះ ស្ថិតនៅខាងកើតភ្នំតូចមួយកន្លែ និងភ្នំធំមួយកន្លែង ដែលមានផ្ទៃដីប្រមាណជា ៣ ហិកតា ចំណែកដើមឈើ សុក្រំ ផ្ចឹក រាំង ស្រឡៅលួចកាប់ស្ទើរតែអស់ហើយ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម