Connect with us

ព័ត៌មានជាតិ

ខេត្តកែប នឹងរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ នៅបុណ្យឆ្លងឆ្នាំសកល ខាងមុខ

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ ២០២៣ លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ឆ្លង​ឆ្នាំ​សកល ២០២៣ ឈាន​ចូល​ឆ្នាំ ២០២៤ ខាងមុខនេះ រដ្ឋបាល​ខេត្ត​កែប នឹង​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន ធ្វើ​ឲ្យ​អធិកអធម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ ឲ្យ​មក​ទស្សនា​ដើរ​លេង​កម្សាន្ត​នៅ​ខេត្ត​កែប​កាន់តែ​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ចិន្ដា បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា ខេត្ត​កែប ជា​គោលដៅ​ទេសចរណ៍​តំបន់​ឆ្នេរ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជា​ទីបំផុត​។ នៅ​ក្រោម​ការ​ដឹកនាំ​របស់ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប តែងតែ​បាន​យកចិត្តទុកដាក់​លើ​ការងារ​អភិវឌ្ឍន៍ ពិសេស​វិស័យ​ទេសចរណ៍ ដែល​មកដល់ពេលនេះ កែប មាន​គោលដៅ​ទេសចរណ៍​ទាក់ទាញ និង​រមណីយដ្ឋាន​សរុប​ចំនួន ៤២ កន្លែង។

លោក សោម ចិន្តា បញ្ជាក់​ទៀត​ថា គ្រាន់តែ​ព្រឹត្តិការណ៍​បុណ្យអុំទូក និង​បុណ្យ​សមុទ្រ​លើក​ទី ១០ ជុំ​ទី ៣ ដែល​ទើប​នឹង​បញ្ចប់​ទៅ​ថ្មីៗ នេះ ខេត្ត​កែប បាន​ទទួល​ភ្ញៀវ​មក​លេង​កម្សាន្ត​ជាង ៣០ ម៉ឺន​នាក់។ ហើយ​សម្រាប់​ព្រឹត្តិការណ៍​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ រដ្ឋបាល​ខេត្ត​កែប ក៏​មាន​គម្រោង​​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ផង​ដែរ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បញ្ជាក់​បន្ថែម​ថា ចំពោះ​ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ នៅ​ផ្សារ​ក្តាម និង​តំបន់​ឆ្នេរសមុទ្រ មាន​ការ​យល់ដឹង​ច្រើន និង​អនុវត្ត​តាម​ការ​ណែនាំ​បាន​ល្អ ដោយ​ឆ្លង​តាម​ព្រឹត្តិការណ៍​ធំៗ ដែល​ទើប​បញ្ចប់​ទៅ ខេត្ត​កែប មិន​មាន​លេចឮ​បាតុភាព ឬ បញ្ហា​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ទៀត​ឡើយ។

ដោយឡែក លោក ហឹន ស្រ៊ាង ម្ចាស់​រំដួល​ក្រុងកែប​រីស៊ត បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កន្លែង​លោក បាន​បើក​ដំណើរការ​ជាង ១ ឆ្នាំ ហើយ គឺ​មាន ១៧ បន្ទប់ តម្លៃ​ចាប់ពី ៣០ ទៅ ៥០ ដុល្លារ ក្នុង ១ យប់​(​មិន​ដំឡើង​ថ្លៃ​នោះ​ទេ​)។ បន្ថែម​នោះ កន្លែង​លោក ក៏​មាន​អាង​ហែល​ទឹក អាច​យក​ចំណីអាហារ​ពី​ខាង​ក្រៅ​ចូល ឬ ធ្វើ​ម្ហូបអាហារ​នៅ​ខាងក្នុង​បាន ដោយ​ខាង រី​ស៊​ត នឹង​ផ្តល់​ជូន​ចង្ក្រាន​អាំង​សាច់​ឥត​គិត​ថ្លៃ​ថែមទៀត​ផង​ដែរ។ ហើយ​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ខាងមុខ បន្ទប់​របស់​លោក ត្រូវ​បាន​ភ្ញៀវ​កក់​ជិត​ពេញ​អស់ហើយ។

លោក ហឹន ស្រ៊ាង ក៏បាន​ថ្លែងអំណរគុណ​ដល់ លោក សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប ដែល​តែងតែ​ខិតខំ​អភិវឌ្ឍន៍ និង​រៀបចំ​ជា​ព្រឹត្តិការណ៍​ធំៗ ដើម្បី​ទាក់ទាញ​ទេសចរ បង្កើន​ចំណូល និង​បង្កើត​មុខរបរ​ជូន​ដល់​ពលរដ្ឋ៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម