Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅប្រទេសថៃ សម្លាប់មនុស្សជាង ២០នាក់

បានផុស

នៅ

នៅម៉ោងប្រហែល ៣ រសៀល ថ្ងៃទី១៧ ខែមករា នេះ មានករណីផ្ទុះរោងចក្រកាំជ្រួចមួយកន្លែងនៅជិតទីប្រជុំជន Sala Khao ក្នុងខេត្ត Suphan Buri ប្រទេសថៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nattapat Suwanpratep អភិបាលខេត្ត Suphan Buri បានប្រាប់កាសែត AFP ថា មានជនរងគ្រោះចំនួន ២៣ នាក់បានស្លាប់នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ ហើយអំឡុងពេលនេះនៅមិនទាន់បានដឹងពីមូលហេតុដែលបណ្ដាលឱ្យកើតហេតុឡើយ ខណ:ដែលក្រុមមន្ត្រីជំនាញ កំពុងស៊ើបអង្កេត ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក Naiyawat Phademchid បានឱ្យដឹងថា ដំណឹងដ៏ក្រៀមក្រំនេះ បានដឹងទៅដល់លោក នាយករដ្ឋមន្ត្រី Srettha Thavisin ហើយ ដោយពេលនេះលោកកំពុងស្ថិតនៅប្រទេសស្វីសចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ។ ហើយយ៉ាងណាក៏ដោយលោក Srettha Thavisin ក៏បានចេញសេចក្ដីថ្លែងការមួយសម្ដែងការសោកស្ដាយចំពោះគ្រួសារអ្នកស្លាប់ តាមរយៈបណ្ដាញសង្គមរបស់លោក ។

មន្ត្រីប៉ូលីសក្នុងតំបន់ បាននិយាយដែរថា ចំនួនអ្នកស្លាប់ដែលគេបានរកឃើញជាបឋមចំនួន ២៣ នាក់នោះ នៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយ ហើយក្រុមមន្ត្រីកំពុងបិទតំបន់ជុំវិញនោះ ដើម្បីចាប់ផ្តើមកំណត់អត្តសញ្ញាណសាកសព ។

សូមបញ្ជាក់ថា ករណីផ្ទុះក្នុងរោងចក្រផលិតផាវ និងឧបករណ៍បាញ់កាំជ្រួចផ្សេងទៀតមិនមែនជារឿងចម្លែកទេនៅប្រទេសថៃ។គេចាំបានថា យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់បន្ទាប់ពីការផ្ទុះនៅក្នុងឃ្លាំងកាំជ្រួចមួយកន្លែងនៅទីក្រុង Sungai Kolok ក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ កាលពីឆ្នាំមុន ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

ប្រភព÷ Zingnews

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម