Connect with us

ព័ត៌មានជាតិ

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

បានផុស

នៅ

ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១  កាលពីថ្ងៃទី២៩ ខែមករា សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ  សង្ឃដីកាស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ សូមរៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា ពិសេសគឺសូមបង្កើតឲ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 សម្ដេចពិន សែម   ក៏បានគូសបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្តចំពោះពុទ្ធបរិស័ទអ្នកគោរពប្រត្តិបត្តិ ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈ ព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុកគ្រប់ឋានានុក្រម ព្រះគ្រូចៅអធិការវត្តគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយទៀតផង។ សម្ដេចបន្ថែមថា ពុទ្ធសាសនាមានការអភិវឌ្ឍន៍រីកចម្រើនទៅបាន គឺត្រូវទាមទារឱ្យមានការចូលរួមពីពុទ្ធបរិស័ទ ប្រជាពលរដ្ឋគ្រប់ស្រទាបវណ្ណៈ នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិទាំងមូល។ ដើមី្បទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និង សុជីវធម៌ ដល់ប្រជាពុទ្ធបរិស័ទ។

 សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ក៏បានមានសង្ឃដីកាបញ្ជាក់ថា អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នេះ បានសម្រេចជាឯកច្ឆន្ទគាំទ្រនូវសង្ឃប្រកាសទូទាំងប្រទេសដែលមានខ្លឹមសារចំនួន៩ចំណុច ដើម្បីតម្រង់ទិស និង អនុវត្តនូវទិសដៅបន្តទៀត សម្រាប់ព្រះសង្ឃទូទាំងប្រទេសបានគ្រប់គ្រាន់ និង ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្ដេចព្រះព្រហ្មរតនមុនី បានមានសង្ឃដីកាផ្តាំផ្ញើដល់មន្ត្រីសង្ឃខេត្ត ក្រុង ស្រុង និង គ្រូចៅអធិការវត្តទាំងអស់ ត្រូវពង្រឹង និងលើកកិត្យានុភាពព្រះពុទ្ធសាសនាតម្រង់ទិសដល់ពុទ្ធបរិស័ទក្នុងការប្រតិបត្តិធម្មវិន័យ  ពិនិត្យផ្ទៀងផ្ទាត់ធម្មវិន័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ , ពង្រឹងការអប់រំមនុស្សតាមបែបព្រះពុទ្ធសាសនា (សីល សមាធិ បញ្ញា) លើកកម្ពស់ក្រមសីលធម៌សង្គម   ពង្រឹងសាមគ្គីភាពពុទ្ធបរិស័ទ  ផ្សារភ្ជាប់ព្រះពុទ្ធសាសនានឹងសង្គម និងកំណត់ទិសដៅការអនុវត្តបន្តសម្រាប់ឆ្នាំបន្ទាប់។ ម៉្យាងទៀត ក៏ត្រូវចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ទប់ស្កាត់មិនឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំឲ្យមានកើតឡើងក្នុងទីវត្តអារាមរបស់ខ្លួន៕

អត្ថបទដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម