ព័ត៍មានទាន់​ហេតុការណ៏
Search

នៅក្មេងសោះ បែកគំនិត​កែច្នៃ និង​វេច​ខ្ចប់គ្រាប់ស្វាយចន្ទី​ដាក់​កំប៉ុង​ ចូលទីផ្សារក្នុងស្រុក

​កំពង់ចាម ​៖ រដូវ​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី​ បាន​កន្លងផុត​ទៅហើយ គឺចាប់ពី​ខែកុម្ភៈ ដល់​ខែឧសភា។ ការប្រមូលផល​គ្រាប់ស្វាយចន្ទី មានការធ្លាក់ចុះ ដោយសារ​ភ្លៀង​ច្រើននៅក្នុងឆ្នាំនេះ ​ធ្វើឱ្យ​ស្អុយ​គ្រាប់ បណ្តាលឱ្យ​ទិន្នផល​ថយចុះ តែ​សិប្បកម្ម​យីហោ ឡឹង ម៉ា​នុត ដែលមាន​ទីតាំងនៅ ភូមិតាអុង ​ស្រុក​ចំការលើ ខេត្តកំពង់ចាម បាន​យក​គ្រាប់ស្វាយចន្ទី ​ទៅ​កែច្នៃ​ចម្អិន​វេច​ខ្ចប់ ​ដាក់​ជា​កំប៉ុង ដែល​ធ្វើឱ្យ​សង្វាក់ផលិតកម្ម​នេះ ​បាន​ទាក់ទាញ​ដល់អ្នក​ទទួលទាន នៅ​ក្នុងស្រុក។

​នៅក្នុង​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​នេះ សិប្បកម្ម​ ឡឹង ម៉ា​នុត ធ្លាប់បាន​កែច្នៃ​ចម្អិន ​គ្រាប់ស្វាយចន្ទី​វេច​ខ្ចប់ដាក់​ថង់​ក្រដាស ​យូរ​ឆ្នាំ​មកហើយ រហូតមកដល់​បច្ចុប្បន្ននេះ​។

ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និងដោយ​ចង់ឃើញ​នូវ​ការ​វេច​ខ្ចប់​ឱ្យ​កាន់តែទំនើប ប្រកបដោយ​សុវត្ថិភាព​ រួមទាំងអនាម័យ​ផង​នោះ ទើប​សិប្បកម្ម​គ្រាប់ស្វាយចន្ទី​ចំការលើ បាន​កែលំអ យកមក​ដាក់​កំប៉ុង​វិញ ដែលមាន​ខ្នាត​ទម្ងន់​ ក្នុង១​កំប៉ុង​ កន្លះ​គីឡូ មានតម្លៃ​ ៤​ម៉ឺន​រៀល, ខ្នាត​ទម្ងន់​កំប៉ុង ៣១០​ក្រាម ថ្លៃ ២៥,០០០​រៀល និង​ខ្នាត​កំប៉ុង​ទម្ងន់ ២៥០​ក្រាម ថ្លៃ​២០,០០០​រៀល។

​កញ្ញា​ ឡឹង ម៉ា​នុត ដែលទើបតែមានអាយុ ២២ឆ្នាំ និងទើបតែបញ្ចប់ការសិក្សាបរិញ្ញាប័ត្រផ្នែកគ្រប់គ្រង នៅមហាវិទ្យាល័យមួយក្នុងខេត្តកំពង់ចាម គឺជាម្ចាស់​សិប្បកម្ម​គ្រាប់ស្វាយ​ចន្ទី ​ចំការលើ​ ខាងលើនេះ។ កញ្ញា មិន​មានការបារម្ភ​ទៅនឹងការធ្លាក់ចុះទិន្នផលគ្រាប់ស្វាយចន្ទីទេ​ ក៏ព្រោះ​សិប្បកម្ម​នេះ​ មាន​ចំ​ការដាំដុះ​ស្វាយចន្ទី ​ដោយ​ខ្លួនឯងផ្ទាល់ ដែល​ឪពុកម្តាយ​បាន បន្សល់​ទុកឱ្យបន្តវេន។

កញ្ញា​បន្តថា ផលិតផល​នេះ​ជា​ស្នាដៃ​កូន​ខ្មែរ ដែលមាន​គុណភាព​ខ្ពស់ និង​រស់ជាតិឆ្ងាញ់ រួមជាមួយសោ​ភណ្ឌ​ភាព​គ្រាប់ស្វាយចន្ទី​ល្អ និង​ការ​វេច​ខ្ចប់ស្រប​តាម​ស្តង់ដារផងដែរ។ ក្នុងមួយថ្ងៃ សិប្បកម្មរបស់កញ្ញាអាចផលិតបានសរុបនៅពេលនេះ ១០០គីឡូក្រាម ហើយជារៀងរាល់ឆ្នាំ សិប្បកម្មនេះ តែងតែបន្ថែមដើមទុន ពី ៣ ទៅ ៤ម៉ឺន ដើម្បីពង្រីក ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។ នេះបើតាមការបញ្ជក់របស់ កញ្ញា​ ឡឹង ម៉ា​នុត។

ចំពោះ​ចរាចរ​ទីផ្សារ សិប្បកម្មគ្រាប់ស្វាយចន្ទី​ ចំការលើ​ ក្រោយពី​កែលំអ​ការ​វេច​ខ្ចប់ បានធ្វើការ​ទាក់ទាញ​ អ្នក​ជាវ​បន្ត​ជាច្រើននៅតាម​បណ្តា​ខេត្ត ដូចជាសៀមរាប បាត់ដំបង ពោធិ៍​សាត ស្ទឹងត្រែង ព្រះវិហារ កំពង់ចាម ។​ល​។

ត្បិតតែតម្លៃ​គ្រាប់ស្វាយចន្ទី​ក្នុងស្រុក​ ដែល​កែច្នៃ​ហើយ ​បើ​ប្រៀបធៀប​ទៅនឹង ​គ្រាប់ស្វាយចន្ទី​ពី​ខាងក្រៅ មានតម្លៃ​ថ្លៃ​ក៏ពិតមែន ប៉ុន្តែ​បើ​និយាយ​អំពី​គុណភាព និង​រស់ជាតិ​ គឺខុសគ្នា ដោយសារតែ ​​គ្រាប់ស្វាយចន្ទី​ក្នុងស្រុក ថ្មីៗ ស្រស់ៗ ​ធម្មជាតិ​ពិតៗ​តែម្តង។

ចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ  ដើម្បីប្រជាជនខ្មែរ កសិករខ្មែរ៕