ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​បង្កើត​យន្តការ​អន្តរជាតិ ​ICC​ សម្រាប់​អង្គរ​ជា​លក្ខខណ្ឌ​មួយ ​ក្នុងចំណោម​លក្ខខណ្ឌ​ទាំង​៥

សៀម​រា​ប ៖ ​អាយ​ស៊ី​ស៊ី (ICC) ជា​ពាក្យកាត់​មកពី​ភាសា​អង់គ្លេស International Coordination Committee for the Safeguarding and Development of Historic Site of Angkor ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​។​

​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី (ICC) បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ ក្រោយ​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ​ស្តីពី​អង្គរ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តាម​សំណូមពរ​របស់​គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក ពេល​ទទួល​ចុះ​អង្គរ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ការបង្កើត​យន្តការ​អន្តរជាតិ ICC សម្រាប់​អង្គរ ជា​លក្ខខណ្ឌ​មួយ ក្នុងចំណោម​លក្ខខណ្ឌ​ទាំង​៥ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ក្នុង​រយៈពេល ​៣​ឆ្នាំ​(១៩៩៣-១៩៩៦)​។ លក្ខខណ្ឌ​ទាំង​៥​នោះ​គឺ ៖
១. រៀបចំ​បង្កើត​នីតិក្រម​សម្រាប់​ការពារ​បេតិកភណ្ឌ​ឲ្យ​បាន​សមស្រប។​
២. បង្កើត​ស្ថាប័ន​ជាតិ​ទទួលបន្ទុក​ការពារ​រមណីយដ្ឋាន​អង្គរ ដោយមាន​បុគ្គលិក​គ្រប់គ្រាន់។​
៣. បង្កើត​ព្រំ​ការពារ​រមណីយដ្ឋាន​អង្គរ​ជា​អចិន្ត្រៃយ៍។​
៤. បង្កើត​តំបន់ទ្រនាប់​ឲ្យ​បាន​សមស្រប។​
៥. បង្កើត​យន្តការ​ត្រួតពិនិត្យ និង​សម្របសម្រួល​កិច្ចខិតខំ​របស់​អន្តរជាតិ ក្នុងការ​អភិរក្ស​រម​ណី​យ​ដ្ឋា​ន​អង្គរ​។​


ក្នុង​រយៈពេល ៣​ឆ្នាំ ពី​ឆ្នាំ​១៩៩៣ ដល់​១៩៩៦ ប្រទេស​កម្ពុជា​បាន​បំពេញ​លក្ខខណ្ឌ​ទាំងអស់ ទោះបីជា​សង្គ្រាម​ផ្ទៃក្នុង​នៅ​ពុំទាន់​បញ្ចប់​នៅឡើយ​ក្ដី ៖​
១. នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​១៩៩៦ ច្បាប់​ស្ដីពី​កិច្ចការពារ​បេតិកភណ្ឌ​ពិភពលោក ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ជាការ​ឆ្លើយតប​នឹង​លក្ខខណ្ឌ​ទី​១។
២. ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​១៩៩៥ អាជ្ញាធរ​ដើម្បី​ការពារ​រមណីយដ្ឋាន និង​រៀបចំ​តំបន់​សៀមរាប​-​អង្គរ ហៅថា អាជ្ញាធរ «​អប្សរា​» ត្រូវបាន​បង្កើតឡើង​ដោយ ព្រះរាជក្រឹត្យ​លេខ​០០១ នស​/​រកត​/០២៩៥/១២ ជាការ​បំពេញ​លក្ខខណ្ឌ​ទី​២។
៣. ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ព្រះរាជក្រឹត្យ​លេខ ០០១.​នស ស្ដីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​-​អង្គរ ត្រូវបាន​ឡាយព្រះហស្ថលេខា​ដោយ​ព្រះមហាក្សត្រ ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ជាការ​បំពេញ​លក្ខខណ្ឌ​ទី​៣ និង​ទី​៤​។​
៤. បង្កើត​នូវ​គណៈកម្មាធិការ ICC បំពេញ​លក្ខខណ្ឌ​ទី​៥​។​

​សមាជិក​នៃ​អាយ​ស៊ី​ស៊ី (ICC) មាន​ចំនួន​ ៣៧​ប្រទេស មកពី​ទ្វីប​៥ និង​មាន​អង្គការ​អន្តរជាតិ​ចំនួន​១៣ ទៀត ចូលរួម​ជា​សមាជិក​ដែរ​។ បណ្តា​ប្រទេស​ទាំងនោះ​មាន​ ៖ បារាំង អាល្លឺម៉ង់ អូស្ត្រាលី បែ​ល​ហ្សិ​ក ប្រ៊ុយណេ កម្ពុជា កាណាដា ដា​ណឺ​ម៉ាក អេ​ហ្ស៊ី​ប អេ​ស្ប៉ា​ញ អាមេរិករុស្ស៊ី ក្រិក ហុង​គ្រី ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុច​ហ្សំ​បួរ ម៉ាឡេស៊ី ម៉ិច​ស៊ិ​ច ន័​រ​វែ​ស នូ​វែ​ល​ហ្សេ​ឡង់ ហុល្លង់ ហ្វីលីពីន ប៉ូឡូញ ចក្រភព​អង់គ្លេស​​ និង​អៀរឡង់​ខាងជើង សាធារណរដ្ឋ​កូរ៉េ ចិន សិង្ហ​បុរី សិរី​លង្កា ស៊ុយអែត ស្វី​ស ថៃ ទុយ​ណេ​ស៊ី និង​វៀតណាម​។​

ចំណែក​អង្គការ​អន្តរជាតិ​មានដូចជា​ ៖ សហភាព​អឺរ៉ុប ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម អង្គការ​មូលនិធិ រូបិយវត្ថុ​អន្តរជាតិ អង្គការ​អ៊ីក្រូម អង្គការ​អ៊ី​កូ​ម អង្គការ​អ៊ី​កូ​ម៉ូ​ស អង្គការ​ទេសចរណ៍​អន្តរជាតិ អង្គការ SEAMEO/SPAFA អង្គការ​យូណេស្កូ អង្គការ​យូ​អិន​ឌី​ភី អង្គការ​យូ​អិន​វី និង​មូលនិធិ​ប្រាង្គ​ប្រាសាទ​ពិភពលោក (WMF) ។​

​អាយ​ស៊ី​ស៊ី (ICC) គឺជា​យន្តការ​អន្តរជាតិ​សម្របសម្រួល​ដល់​បណ្តា​ប្រទេស និង​អង្គការ​ផ្សេងៗ​ចូលរួម​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិ​អង្គរ​។ អាយ​ស៊ី​ស៊ី (ICC) ជា​វេទិកា​មួយ​ដែល​ស្ថាបត្យករ វិស្វករ បុរាណ​វិទូ អ្នកស្រាវជ្រាវ និង​អ្នកបច្ចេកទេស​ជំនាញ​ផ្សេងៗ​គ្នា​អាច​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ទស្សនៈ​របស់​ពួកគេ​សម្រាប់​ការ អភិរក្ស និង​ការអភិវឌ្ឍ​នៃ​ឧទ្យាន​អង្គរ​។​

​ភារកិច្ច​សំខាន់​របស់​អាយ​ស៊ី​ស៊ី (ICC) គឺ ស្រោចស្រង់ អភិរក្ស និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​រមណីយដ្ឋាន​សៀមរាប​-​អង្គរ​។ អាយ​ស៊ី​ស៊ី (ICC) រៀបចំ​កិច្ចប្រជុំ​របស់ខ្លួន​ពីរដង ក្នុង​១​ឆ្នាំ​ម្តង​ជាមួយ​សមាជិក គឺ​កិច្ចប្រជុំពេញអង្គ និង​ម្តងទៀត​គឺ​កិច្ចប្រជុំ​បច្ចេកទេស​។ កិច្ចប្រជុំពេញអង្គ​ផ្តោតលើ​ការតម្រង់ទិស​គោលនយោបាយ​គ្រប់គ្រង អំពាវនាវ​ស្វែងរក​ជំនួយ​ថវិកា សុពលភាព​នៃ​គម្រោង​ថ្មី និង​ការប្រកាស​ពី​គម្រោង​ថ្មីៗ​នៅ​អង្គរ​។ ជាធម្មតា​សម័យប្រជុំ​ពេញអង្គ នេះ​តែង​រៀបចំ​នៅ​ចុងឆ្នាំ​។​

​ចំណែកឯ​សម័យប្រជុំ​បច្ចេកទេស​តែង​ធ្វើឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ ហើយ​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​បច្ចេកទេស​ផ្លាស់ប្តូរ បទពិសោធន៍ របស់​ពួកគេ ពិភាក្សា​អំពី​បញ្ហា​បច្ចេកទេស និង​ដំណោះស្រាយ​សម្រាប់​បញ្ហា​ជាក់លាក់​។ រាល់​សម័យប្រជុំ​ទាំងអស់​របស់​អាយ​ស៊ី​ស៊ី (ICC) ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​បារាំង និង​ជប៉ុន​នៅ​កម្ពុជា​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ និង​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ដែល​ចាំបាច់​ផ្សេងៗ រីឯ​អង្គការ​យូណេស្កូ​ធ្វើជា​លេខាធិការដ្ឋាន និង​ផ្តល់​ចំណាយ​ពាក់ព័ន្ធ​នឹង​បេសកកម្ម​របស់​ក្រុម​អ្នកជំនាញ​អាដហុក​សម្រាប់​ការអភិរក្ស​។

ចំណែក​អាជ្ញាធរ​ជាតិ​អប្សរា​បានរួម​ចំណែក​តាំងពី​ឆ្នាំ​២០០៦ ផ្តល់​ជា​ជំនួយ ហិរញ្ញវត្ថុ​ក្នុង​ដំណើរការ​របស់​គណៈកម្មាធិកា​រ ការចំណាយ​លើ​បេសកកម្ម​ក្រុម​អ្នកជំនាញ​អាដហុក និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​កិច្ចប្រជុំ​៕