ព័ត៍មានទាន់​ហេតុការណ៏
Search

UN និយាយថា ប្រជាជន​ពិភពលោក​នឹង​កើន​ដល់ ​៩.៨​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០

របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ចំនួន​ប្រជាជន​បច្ចុប្បន្ន​របស់​ពិភពលោក​ ៧.៦​ពាន់​លាន​នាក់​នឹង​កើនឡើង​ដល់​ ៩.៨​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០ ​ដោយ​ចំនួន​ប្រជាជន​ឥណ្ឌា​នឹង​កើនឡើង​លើស​ប្រទេស​ចិន​ក្នុង​រយៈពេល​ត្រឹមតែ​៧​ឆ្នាំ​។​

យោងតាម​តួលេខ​របស់​នាយកដ្ឋាន​កិច្ចការ​សេដ្ឋកិច្ច​ និង​សង្គម​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ប្រទេស​នី​ហ្សេ​រី​យ៉ា​នឹង​វ៉ា​ដាច់​អាមេរិក​នៅត្រឹម​ឆ្នាំ​២០៥០​ ដើម្បី​ក្លាយទៅជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទី​បី​នៅលើ​ពិភពលោក​។​

អ្នកនិពន្ធ​របាយការណ៍​នេះ​បាន​និយាយថា “​ខណៈដែល​មនុស្ស​ប្រមាណ​ ៨៣​លាន​នាក់​កំពុង​ត្រូវបាន​បន្ថែម​ទៅលើ​ចំនួន​ប្រជាជន​ពិភពលោក​ជា​រៀងរាល់ឆ្នាំ​នោះ និន្នាការ​កើនឡើង​នៃ​ទំហំ​ប្រជាជន​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​បើទោះបីជា​មានការ​សន្មត​ថា​កម្រិត​ជីវជាតិ​នឹង​បន្ត​ធ្លាក់ចុះ​ក៏ដោយ​”​។​



វា​បាន​និយាយថា ក្នុង​អត្រា​នេះ ប្រជាជន​សកលលោក​នឹង​ឈានដល់ ​៨.៦​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៣០, ៩.៨​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០ ​និង​ ១១.២​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២១០០​។​

ប្រជាជន​នៃ​ប្រទេស​ឥណ្ឌា​ដែល​បច្ចុប្បន្ន​ជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​លំដាប់​ទី​ពីរ​ដែលមាន​ប្រជាជន​ប្រមាណ​ ១.៣​ពាន់​លាន​នាក់​គឺ​នឹង​កើន​លើស​ប្រជាជន​១.៤​ពាន់​លាន​នាក់​របស់​ប្រទេស​ចិន​ត្រឹម​ឆ្នាំ​២០២៤​។​

យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ប្រទេស​នី​ហ្សេ​រី​យ៉ា​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ហើយ​ចំនួន​ប្រជាជន​ក្នុងប្រទេស​ទាំង​២៦​ នៅ​អាហ្វ្រិក​អាច​នឹង​កើនឡើង​យ៉ាងហោចណាស់​ទ្វេដង​នៅត្រឹម​ឆ្នាំ​២០៥០​។​

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ចំនួន​ប្រជាជន​ចាស់​ត្រូវបាន​គេ​ព្យាករ​ណ៍ថា​នឹង​កើនឡើង​ពី ៩៦២​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧​ ដល់​២.១​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០​ និង ៣.១​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២១០០៕ AFP