ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​កាន់អំណាច តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​

ឧត្ដរមានជ័យ​ ៖ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច លោក វង សូត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ជាពិសេស ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ និង​ងាយ​រងគ្រោះ​ជាដើម​។

លោក​បន្ដថា ជាក់ស្តែង​នៅពេលនេះ អង្ករ ១២​តោន និង​សម្ភាៈ​ប្រើប្រាស់​មួយចំនួន ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ត្រូវបាន​ចែកជូន​បងប្អូន​ទាំងអស់​នាពេលនេះ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ទោះ​តិចក្តី​ច្រើនក្តី ប៉ុន្តែ​វា​ក៏​អាចជួយ​សម្រួល​ដល់​ការលំបាក​បាន​មួយរយៈ​ដែរ ។​

ការ​ថ្លែង​បែបនេះ គឺ​ត្រូវបាន​ធ្វើឡើង​ខណៈពេល រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក វង សូត លោក ហុង ទូ​ហាយ សមាជិក​ព្រឹទ្ធសភា លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក យឹម ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​លោក សួង ម៉េង​ឡុង អគ្គនាយក​កិច្ចការរដ្ឋបាល និង​ហិរញ្ញវត្ថុ លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស អស់លោក លោកស្រី មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ជនរងគ្រោះ​ជា​យថាហេតុ​ផ្សេងៗ ចំនួន ៦០០ គ្រួសារ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ស្រុក​បន្ទាយ​អំពិល​។​

លោក ស ថា​វី អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង​នូវ​ការ​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នេះ ក៏ដូចជា​ប្រជាជន​នៅ​ទូទាំងប្រទេស ដែល​បាន​បន្ត​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ដឹកនាំ និង​អភិវឌ្ឍ​​ប្រទេសជាតិ​។ នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​បងប្អូន ព្រោះថា មានតែ​រាជរដ្ឋាភិបាល​កាន់អំណាច​នាពេល​បច្ចុប្បន្ន​ទេ ដែលជា​និច្ចកាល​គិតគូរ​ពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយបាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ជាដើម ដើម្បី​បំពេញ​នូវ​តម្រូវ ការ​របស់​បងប្អូន​តា​ម​មូលដ្ឋាន​។

រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច លោក វង សូត ក៏បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ ជាពិសេស​មន្ទីរ​សង្គមកិច្ច​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ដែល​បាន​សហការ​រៀបចំ​ពិធី​នេះ​ឡើង ដែល​នេះ​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់​បងប្អូន​ដោយសារ​គ្រោះធម្មជាតិ បាន​ទាន់ពេលវេលា។​

ឆ្លៀត​ក្នុងឱកាស​នោះ លោក វង សូត បាន​ជម្រាប​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដឹង​ពី​វឌ្ឍភាព​លើ​វិស័យ​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា​កន្លងមក ដែល​ក្រសួង បាន​ខិតខំ​អនុវត្ត​គោលនយោបាយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​អនុវត្ត​នូវ​កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ជាពិសេស​ជំរុញ​អនុវត្ត​គោលនយោបាយ​សមធម៌​សង្គម លើកតម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុងសង្គម បង្កើន​ការឧបត្ថម្ភ​គាំទ្រ ទាំង​សម្ភារៈ និង​ស្មារតី បង្កលក្ខណៈ​ផ្តល់​សេវា​សង្គមកិច្ច ជួយ​ដល់​ក្រុម​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ជាអាទិ៍ៈ ជនក្រីក្រ​រងគ្រោះ​ធម្មជាតិ គ្រោះមហន្តរាយ​ជាយថាហេតុ​ផ្សេងៗ ជនក្រីក្រ​នៅតាម​សហគមន៍ ជន​ចាស់ជរា​គ្មាន​ទីពឹង ជនអនាថា ជនពិការ កុមារ​នៃ​គ្រួសារ​ក្រីក្រ កុមារកំព្រា កុមារ​រងគ្រោះ ផលប៉ះពាល​ដោយ​អំពើ​ហិង្សា កុមារ​ប្រព្រឹត្ត​ល្មើសច្បាប់ កុមារ​អនាថា ជនរងគ្រោះ​ដោយសារ​ធាតុ​ញៀន ជនរងគ្រោះ​ដោយ​ជំងឺ​កាច​សាហាវ​ផ្សេងៗ និង​ដោយ​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព​។

លោក​បន្ដថា ក្រសួង​ក៏បាន​ខិតខំ​ទប់ស្កាត់​ទុរគត​ភាព និង​ភាព​ងាយ​រងគ្រោះ​ក្នុងសង្គម ការរំលោភបំពាន លើកស្ទួយ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រ ជា​ពលរដ្ឋ ដើម្បី​បង្កើតឡើង​នូវ​ស្ថានភាព​រីកចម្រើន​គ្រប់ៗ​គ្នា​ក្នុង​សហគមន៍ និង​អនុវត្ត​គោលនយោបាយ​របប​សន្តិ​សុខ​សង្គម និង​កម្មវិធី​នានា ដើម្បី​លើកកម្ពស់​តួនាទី និង​សុខុមាលភាព​របស់​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីតយុទ្ធជន។

ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក លោក​រដ្ឋមន្ត្រី វង សូត បាន​ពាំនាំ​នូវ​អង្ករ ២០ គីឡូក្រាម គ្រឿង ឧបភោគ បរិភោគ សម្ភារៈ​ប្រើប្រាស់ និង​ថវិកា ចំនួន ២ ម៉ឺន​រៀល ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង ៦០០ គ្រួសារ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ៕