ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត ​និង​កាតា​ ឈ្លោះ​គ្នា​អំពី​តម្រូវការ​របស់​ប្រជាជាតិ​អារ៉ាប់​

​រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអ៊ូឌីត​លោក Adel al-Jubeir បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា នឹងមិន​មានការ​ចរចា​ស្តីពី​ការទាមទារ​ពី​សំណាក់​ប្រទេស​នេះ ​និង​រដ្ឋ​អារ៉ាប់​ដទៃទៀត​ទេ ​ដើម្បី​ឲ្យ​ប្រទេស​កាតា​បញ្ឈប់​ការគាំទ្រ​ដល់​អំពើ​ភេរវកម្ម​។​

រដ្ឋាភិបាល​ក្រុង​ដូ​ហា​ បាន​ឆ្លើយតប​ថា ការចោទប្រកាន់​ប្រឆាំងនឹង​ខ្លួន​ហើយ​ការទាមទារ​ទាំងនោះ​គឺ​គ្មាន​មូលដ្ឋាន​ និង​មិនអាច​ទទួលយកបាន​។ ប្រទេស​កាតា​ក៏​ធ្លាប់បាន​និយាយ​ផងដែរ​ថា ការទាមទារ​នោះ​គឺមាន​បំណង​ទប់ស្កាត់​អធិបតេយ្យភាព​របស់ខ្លួន​។​

នៅពេល​សួរ​ដោយ​អ្នកយកព័ត៌មាន​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា​តើ​ការទាមទារ​មិនអាច​ចរចារ​បាន​មែន​ឬក៏​អត់​នោះ លោក Jubeir បាន​និយាយថា “​មែនហើយ​”​។​

លោក Jubeir បាន​ថ្លែងថា “​យើង​បានចង្អុលបង្ហាញ យើង​បាន​ចាត់វិធានការ​របស់​យើង​ហើយ​វា​អាស្រ័យ​លើ​កាតា​ ដើម្បី​កែប្រែ​ឥរិយាបទ​របស់​ពួកគេ ​ប៉ុន្តែ​ប្រសិនបើ​ពួកគេ​មិន​ធ្វើ​ទេនោះ ពួកគេ​នឹង​នៅតែ​ដាច់​ឆ្ងាយ​ពី​គេ​”​។​

ប្រសិនបើ​ប្រទេស​កាតា​ចង់​វិលត្រឡប់​ទៅកាន់​ក្រុមកិច្ចសហប្រឹក្សា​ប្រតិបត្តិការ​ឈូង​សមុទ្រ​វិញ “​ពួកគេ​ដឹង​ពីអ្វី​ដែល​ពួកគេ​ត្រូវធ្វើ​” ។​

អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់​រួម បា​រ៉ែ​ន​ និង​អេ​ហ្ស៊ី​ប​ បានធ្វើ​ពហិការ​លើ​ប្រទេស​កាតា​កាលពី​បី​សប្តាហ៍​មុន​ដោយ​ចោទប្រកាន់ថា ប្រទេស​នេះ​បាន​គាំទ្រ​ពួក​សកម្មប្រយុទ្ធ​ហើយ​បន្ទាប់មក​បានចេញ​នូវ​ឱសានវាទ​ដោយ​រួមទាំង​ការទាមទារ​ឲ្យ​បិទ​មូលដ្ឋាន​កងទ័ព​ទួរគី​នៅក្នុង​ទីក្រុង​ដូ​ហា បិទ​ទូរទស្សន៍ Al Jazeera និង​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​ប្រទេស​អ៊ីរ៉ង់​ផងដែរ​។​

ដោយឡែក រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson បាន​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កាតា​លោក Sheikh Mohammed bin Abdulrahman Al Thani នៅ​ក្រសួងការបរទេស​កាល​ពីថ្ងៃ​អង្គារ​។​

Al Jazeera បាន​ស្រង់​សម្តី​លោក Al Thani ដែល​បាន​និយាយ​ឆ្លើយតប​ទៅនឹង​លោក Jubeir របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ថា ប្រទេស​ទាំង​នោះបាន​អះអាង​ដោយ​មិនបាន​បង្ហាញ​ភស្តុតាង​ហើយ​មិនមែនជា​ការទាមទារ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684