ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​វៀតណាម ១៤​នាក់ ​ត្រូវ​ប៉ូលិស​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​

ភ្នំពេញ​ ៖ ជនជាតិ​វៀតណាម​ប្រុសស្រី១៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធីនៃ​ក្រសួងមហាផ្ទៃ ​​ចុះ​ធ្វើការត្រួតពិនិត្យចាប់​ឃាត់ខ្លួន​នៅ២​គោលដៅផ្សេងគ្នា ​ដែល​ឆ្លងដែន​មក​ស្នាក់នៅ និង​ធ្វើ​ការងារ​មិន​ស្របច្បាប់នៅក្នុង​ទឹកដី​កម្ពុជា​។

ប្រតិបត្តិការ​នេះ​ធ្វើឡើងក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ កាលពី​វេលា​ម៉ោង៦ ​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ដោយធ្វើឡើង​ចំនួន២​ទីតាំង​ផ្សេងគ្នា ក្រោម​​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើ​ប​អង្កេត និង​អនុវត្ត​នីតិវិធី។ ក្នុងនោះកម្លាំងបានចុះ​ត្រួតពិនិត្យ​គោលដៅ​ទី​១ ស្ថិតនៅ​ចំណុច​ផ្ទះបែ​លើទឹក ភូមិខ សង្កាត់​ច្រាំង​ចំរេះ​២ ដោយបានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន៣​នាក់ ក្នុងនោះ​មានស្រី​ម្នាក់ និង​គោលដៅ​ទី​២ ស្ថិតនៅ​ចំណុច​កំពង់ដ​ច្រាំង​ចំរេះ​២ ក្នុង​ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ដោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន១១នាក់ ក្នុង​នោះមានស្រី ២​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំង១៤​នាក់​ខាងលើ បាន​ចូលមក​ស្នាក់នៅ និង​ធ្វើ​ការងារ​ក្នុងប្រទេស​កម្ពុជា ដោយ​ពុំស្របច្បាប់​។​

​ក្រោយពី​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ទាំងនោះត្រូវបាន​នាំទៅ​សាកសួរ​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បើ​អ្នក​ដែលមាន​ឯកសារ​ត្រឹមត្រូវ​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ត្រឡប់មក​កន្លែង​ស្នាក់នៅ​វិញ តែ​ចំពោះ​អ្នក​គ្មាន​លិខិតស្នាម សមត្ថកិច្ច​នឹង​កសាង​សំណុំ​ឯកសារ​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114