ព័ត៍មានទាន់​ហេតុការណ៏
Search

កាតា​អត់ទ្រាំ​ ខណៈ​អារ៉ាប៊ីសាអ៊ូឌីត ​ពន្យារពេល​កំណត់ ​ដើម្បី​ដោះស្រាយ​ជម្លោះ​ឈូង​សមុទ្រ​ពែ​ក​

​ប្រទេស​កាតា​ហាក់ដូចជា​រឹងទទឹង ​ខណៈ​អារ៉ាប៊ីសាអ៊ូឌីត​ និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ​បាន​ពន្យារពេល​កំណត់​ដល់​ក្រុង​ដូ​ហា​ក្នុងការ​ទទួលយក​នូវ​ការទាមទារ ​ដើម្បី​បង្កើន​ការទប់ស្កាត់​ជាក់ស្ដែង​។​

តម្រូវការ​របស់​ពួកគេ​គឺ​រួមមាន ទីក្រុង​ដូ​ហា​ ត្រូវ​បញ្ចប់​ការគាំទ្រ​ដល់​បងប្អូន​មូស្លីម បិទ​ទូរទស្សន៍ Al-Jazeera កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់​ និង​បិទ​មូលដ្ឋានទ័ព​ទួរគី​នៅ​អារ៉ាប់​រួម​។​

អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់​រួម បា​រ៉េ​ន ​និង​អេ​ហ្ស៊ី​ប​បាន​ទុកពេល ​១០​ថ្ងៃ​ឲ្យ​ទីក្រុង​ដូ​ហា​ ដើម្បី​ធ្វើតាម​ការទាមទារ​១៣​ចំណុច​របស់​ពួកគេ​ជាមួយនឹង​ឱសានវាទ ​ដែល​ផុតកំណត់​កាលពី​អាទិត្យ​។​
​ការពន្យារពេល ​៤៨​ម៉ោង​នេះ​គឺជា​ការឆ្លើយតប​ទៅនឹង​ការស្នើសុំ​របស់​ប្រទេស​គុយ​វ៉ែត​ ដែល​កំពុង​ដើរតួ​ជា​អ្នក​សម្រុះសម្រួល​នៅក្នុង​វិបត្តិ​នៅ​ឈូង​សមុទ្រ​ពែ​ក​។​

ប្រទេស​កាតា​បាន​និយាយថា ខ្លួន​នឹង​ផ្តល់​ការឆ្លើយតប​របស់ខ្លួន​ទៅកាន់​ព្រះ​ចៅ Sheikh Sabah al-Ahmad Al-Sabah ។ លិខិត​នេះ​នឹងត្រូវ​ប្រគល់​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កាតា Sheikh Mohammed bin Abdulrahman Al-Thani ។​

លោក Sheikh Mohammed បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា “​បញ្ជី​នៃ​ការទាមទារ​ដែល​ធ្វើឡើង​គឺ​ត្រូវបាន​បដិសេធ​”​។ លោក​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីក្រុង​រ៉ូម​ថា “​មនុស្ស​គ្រប់គ្នា​ដឹងថា​ការទាមទារ​ទាំងនេះ​មានបំណង​រំលោភ​លើ​អធិបតេយ្យភាព​របស់រ​ដ្ឋ​កាតា​”​។​
​លោក​បន្តថា “​យើង​មាន​ឆន្ទៈ​ចូលរួម​ក្នុង​ការផ្តល់​លក្ខខណ្ឌ​សមស្រប​សម្រាប់​កិច្ចពិភាក្សា​បន្ថែមទៀត​”​។​

គួរ​រម្លឹក​ឡើងវិញ​ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បានប្រកាស​នៅ​ថ្ងៃទី​៥ ​ខែមិថុនា​ថា ពួកគេ​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​អ្នកជិតខាង​ឈូង​សមុទ្រ​ពែ​ក​របស់ខ្លួន​ដែល​បង្ក​ឲ្យ​មាន​វិបត្តិ​ការទូត​ដ៏​អាក្រក់​បំផុត​ដែល​បាន​កើតឡើង​ក្នុង​តំបន់​ក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​ចុងក្រោយ​។​
​ពួកគេ​បាន​ចោទប្រកាន់​ទីក្រុង​ដូ​ហា​ថា បាន​គាំទ្រ​ដល់​ភាពជ្រុលនិយម​ និង​មាន​ភាពជិតស្និទ្ធ​ជាមួយ​អ៊ីរ៉ង់​ដែលជា​គូប្រជែង​សំខាន់​ក្នុង​តំបន់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684