ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល​ អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​គ្រឿងសម្អាង​នៅតាម​ប្រព័ន្ធ​អន​ឡាញ

​ភ្នំពេញ ​៖​ ក្រសួងសុខាភិបាលបាន​អំពាវនាវ មិន​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​គ្រឿង សំអាង​នៅតាម​ប្រព័ន្ធ​អន​ឡាញ​បន្តទៀត ​ខណៈដែល​ផលិតផលទាំងនោះ​កំពុងតែធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​អនាធិបតេយ្យ​នៅតាម​ហ្វេ​ស​ប៊ុ​ក​។

​​លោកស្រី ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​នៃក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ ការដែលក្រសួងសុខាភិបាល​ណែនាំ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ ដែលដាក់លក់​នៅតាម​អន​ឡាញ​នេះ​ ដោយសារតែ​ផលិតផល​ទាំងនោះ​ភាគច្រើន​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ និង​អាចឈាន​ទៅដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកប្រើប្រាស់​ទៀតផង​។

​លោកស្រី​បាន​បន្តថា ​ផលិតផល​គ្រឿងសម្អាង​ដាក់លក់​នៅតាម​អន​ឡាញ​ ភាគច្រើន​មិនមាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​ឡើយ ​ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព​ដូចជា​ អាឡាកស៊ី​ស្បែក ចេញ​រមាស់ ហើម ខូចភ្នែក មហារីក​ស្បែក​ ព្រោះថា​នៅពេល​លាប​លើ​ស្បែកបាន​ជ្រាប​ចូលទៅ​ពេញ​សរីរាង្គ​តែម្តង ​បើ​កុមារ​ជ្រាប​លឿន​ជាង​មនុស្ស​ចាស់​ទៅទៀត ​ហើយ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​។

​លោកស្រី​បាន​បន្ថែមថា​ បច្ចុប្បន្ននេះ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ចង់​ឲ្យ​រូបរាងកាយ​ស្រស់ស្អាត ​និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នក​នៅ​ជុំវិញខ្លួន​ បាន​ប្រើប្រាស់ផលិតផល​ថែរក្សា​សម្ផស្ស​ ឬ​កែ​សម្ផស្ស ​ហើយមាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ទិញ​ផលិតផល​ដែល​មិនមាន​គុណភាព ​ពិសេស​ផលិតផល​ដែល​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ​មួយចំនួន​ យកមកប្រើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។

​លោកស្រី​បាន​ណែនាំ​ថា ​មុន​ទិញ​មកប្រើប្រាស់ ​ប្រជាពលរដ្ឋ​ត្រូវ​មើល​ និង​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​នូវ​លេខ​បញ្ជិកា​ ដែល​ចុះ​ដោយ​ក្រសួងសុខាភិបាល ដែល​បិទនៅលើ​ប្រអប់ ​និង​ពិនិត្យមើល​ថ្ងៃខែ​ប្រើប្រាស់​ឲ្យបានច្បាស់លាស់​ បើ​ហួសការ​កំណត់​ហើយ​ មិនត្រូវ​ទិញ​ទេ​។​ ជាងនេះទៀត ​ត្រូវ​មក​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សើស្បែក​ជាមុនសិន ​មុននឹង​ទិញ​ផលិតផល​ណាមួយ​យកទៅ​ប្រើប្រាស់​។

លោកស្រី​បាន​បន្ថែមទៀតថា ​ក្រៅពី​មើល​ប្រអប់​ហើយ​ត្រូវ​មើល​ថ្នាំ​នៅក្នុង​ប្រអប់​ទៀត​ ព្រោះថា​មាន​ក្រុមហ៊ុន​មួយចំនួន​តូច​បាន​បិទ​លតាប័ត្រ​ទទួលស្គាល់​ពីក្រសួងសុខាភិបាល ​តែ​បន្លំ​ដាក់​ផលិតផល​ហួសការប្រើប្រាស់​ ឬ​ក្លែងក្លាយ​ក្នុង​ប្រអប់។ តែ​យ៉ាងណាក៏ដោយ​ លោកជំទាវ​បាន​ណែនាំ​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ គួរតែ​ប្រើប្រាស់​ផលិតផល​តាមបែប​ធម្ម​ជាតិ​វិញ ​ព្រោះថា​នៅលើ​ពិភពលោក​បាន​ងាក​មកប្រើប្រាស់​ការ​កែសម្ផស្ស​តាមបែប​ធម្មជាតិ​ដូចជា ​ប្រើ​ត្រសក់ ល្ហុង ក្រូចសើច​កក់សក់​ធ្វើ​ឲ្យ​ទន់​សក់​ល្អ​ និង​ចិញ្ចឹម​សក់​បានល្អ​។

​ចំណែក​លោកស្រី ស្រ៊ា​ត មុំសោភា អគ្គលេខាធិការសមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ បានគាំទ្រការអំពាវនាវ​នេះ ដោយសារតែ​ផលិតផលគ្រឿងសម្អាង​ដែល​ផ្សព្វផ្សាយ​តាមប្រព័ន្ធ​អនឡាញ​ទាំងនោះ​ មិនមាន​ស្លាក​យីហោ​ច្បាស់លាស់ ​និង​មិនមាន​ការត្រួតពិនិត្យ​គុណភាព​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ឡើយ​។ យ៉ាងណាក៏ដោយ​ លោកស្រី​បានស្នើ​ឲ្យ​អ្នក​ផលិតផលិតផល​ថែរក្សា​សម្រស់​នៅក្នុង​ស្រុក​ខ្មែរ ​គួរ​ងាក​មកសុំ​លិខិត​ និង​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​ដើម្បី​ធានា​បាន​នូវ​ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់​។

​លោកស្រី ស៊ាន សុខា រស់នៅ​រាជធានី​ភ្នំពេញ​ ដែល​ចូលចិត្ត​ថែរក្សា​សម្ផស្ស​បានបង្ហាញ​ការពេញចិត្ត​ ចំពោះ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ ជាមួយគ្នានេះ លោកស្រី​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល​ បិទ​មិន​ឲ្យ​មានការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងសម្អាង​នៅតាម​ប្រព័ន្ធ​អន​ឡាញ​ជា​បន្តទៀត​ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័ន្តច្រឡំ និង​ជឿ​លើ​ការឃោសនា ​ហើយ​បន្ត​ទិញ​មកប្រើប្រាស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។

​គួរបញ្ជាក់​ថា​ គិត​ត្រឹម​ចុងឆ្នាំ​២០១៦​កន្លងទៅនេះ ​កម្ពុ​ជាមាន​ក្រុមហ៊ុននាំចេញ​នាំចូល​គ្រឿង សំអាង​ចំនួន​២៣២​ក្រុមហ៊ុន មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ចំនួន​២៦​ និង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ចំនួន​១៣​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684