ព័ត៍មានទាន់​ហេតុការណ៏
Search

“​ខ្ញុំ​ចង់​ចំណាយ​ពេលវេលា​ចុងក្រោយ ដែល​នៅ​សេសសល់​នៃ​ជីវិត​របស់ខ្ញុំ ដើម្បី​ប្រជាជន​កម្ពុជា​”

​សម្បុ​ល​ស្រអែម ដំណើរ​មួយៗ ក្នុង​ជំហាន​ពោរពេញ​ដោយ​ថាម​ពល ទឹកមុខ​ម៉ឹងម៉ាត់ តែ​ប្រកបដោយ​ស្នាមញញឹម ក្នុង​វ័យ ៧៣​ឆ្នាំ លោក កាន​ហ្សា​គិ បាន​និ​យា​យប្រាប់ថា​៖ “​ខ្ញុំ​ពុំដែល​មាន​ថ្ងៃ​សម្រាក សម្រាប់​ខ្លួន​ខ្ញុំ​ទេ គឺ​ក្រៅពី​ការងារ​ក្រុមហ៊ុន ខ្ញុំ​ចូលរួម​ធ្វើ​ការងារ​មនុស្សធម៌​ជាច្រើន ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​”​។​

​លោក កាន​ហ្សា​គិ ធ្លាប់​បានទទួល​មេដាយ​ស្ថាបនា​ជាតិ និង​គ្រឿង​ឥស្សរិយយស​ជាច្រើន​ពី​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ហើយ​កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ ស្ថាន​ទូ​ន​ជប៉ុន​នៅ​កម្ពុជា បានរៀបចំ​ពិធី​អបអរសាទរ​ជូន​ដល់​លោក កាន​ហ្សា​គិ ក្នុងឱកាស​ដែល​លោក​បានទទួល​គ្រឿង​ឥស្សរិយយស ពី​រដ្ឋាភិបាល​ជប៉ុន “The Order of The Rising Sun, Gold and Silver Ray”​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ក្រៅពី​ការចំណាយ​ពេលវេលា​ប្រមាណ ៤៨​ឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា លោក កាន​ហ្សា​គិ បាន​និយាយប្រាប់​ដោយ​មុះ​មុត​ថា​៖ “​ខ្ញុំ​ចង់​ចំណាយ​ពេលវេលា​ចុងក្រោយ ដែល​នៅ​សេសសល់​នៃ​ជីវិត​របស់ខ្ញុំ ដើម្បី​ប្រជាជន​កម្ពុជា​”​។

តើ​ហេតុអ្វី​បានជា​លោក កាន​ហ្សា​គិ ចង់​ធ្វើបែបនេះ​?

​លោក កាន​ហ្សា​គិ កើត​នៅ​ឆ្នាំ ១៩៤៤ នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅក្នុង​ខេត្ត គុ​ម៉ា​ម៉ូតូ ប្រទេស​ជប៉ុន​។ លោក​បាន​កំព្រា​ឪពុក ក្រោយពី​លោក​ចាប់កំណើត​បាន​មួយឆ្នាំ ធ្វើ​ឲ្យ​ម្ដាយ​របស់លោក​ត្រូវ​ទទួល​អំ​រែក​ចិញ្ចឹម​កូន ៦​នាក់ និង​លោកតា​១​នាក់​ទៀត​។​

​លោក កាន​ហ្សា​គិ បានបញ្ចប់​ការសិក្សា​ពី​វិទ្យាល័យ​បច្ចេកទេស​ឧស្សាហកម្ម​ខេត្ត លោក​បាន​ចូល​បម្រើការ​នៅ​ក្រុមហ៊ុន​សាងសង់​មួយ ដែលមាន​ឈ្មោះថា ម៉ា​អិ​ដា នៅ​ឆ្នាំ​១៩៦៣​។ នៅ​ឆ្នាំ​១៩៦៩ លោក​ត្រូវបាន​ក្រុមហ៊ុន​ចាត់​ប​ញ្ចូ​ន ឲ្យ​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​។ ដោយសារ​សង្គ្រាម បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​នៅ​កម្ពុជា លោក​បាន​វិល​ត្រលប់​ទៅ​ប្រទេស​ជប៉ុន​វិញ​។​

​ខ្លួន​ខ្ញុំ​ផ្ទាល់ ពិតជា​មិនដឹងថា តើ​មាន​មូលហេតុ​អ្វី ដែល​បណ្ដាល​ឲ្យ​ខ្ញុំ​ខិតខំ​ធ្វើ​ការងារ ជាច្រើន​បែបនេះ សម្រាប់​ប្រទេស​កម្ពុជា​។​” លោក កាន​ហ្សា​គិ និយាយ​ទាំង​ស្នាមញញឹម ដែល​បញ្ច​ក់ថា លោក​ធ្វើ​កិច្ចការ​ទាំងអស់នេះ ដោយ​មិនបាន​សម្លឹង​ឃើញ នូវ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ណាមួយ​ឡើយ គឺ​ចេញពី​ទឹកចិត្ត​មេត្តាករុណា​របស់​លោក​។​

​លោក កាន​ហ្សា​គិ បាន​ត្រលប់មក​ប្រទេស​កម្ពុជា​ជាថ្មី​ម្ដងទៀត នៅក្នុង​ឆ្នាំ ១៩៨៧ ដើម្បី​ចូលរួមចំណែក​ក្នុងការ​ស្ដារ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ មានដូចជា​ជួសជុល​ផ្លូវថ្នល់ និង​សាងសង់​ទំនប់ទឹក​ឡើងវិញ នៅ​ប្រទេស​កម្ពុជា​។​

​សមិទ្ធផល​សំខាន់ៗ​ដែល​លោក កាន​ហ្សា​គិ បានធ្វើ​និង​កំពុងតែ​ធ្វើ នៅ​ប្រទេស​កម្ពុជា​មានដូចជា នៅក្នុង​ឆ្នាំ​១៩៩៦ លោក​បាន​ចូលរួម​បង្កើត​សមាគម​មួយ​ដែលមាន​ឈ្មោះថា បាសាក់ ជាមួយ​សមាគម​ជនជាតិ​ជប៉ុន និង​បាន​ចូលរួម​ក្នុង​សកម្មភាព​នានា ដូចជា​ការផ្ដល់​អាហារូបករណ៍​ដល់​កុមារ​កម្ពុជា ដែល​ពុំមាន​លទ្ធភាព​សិក្សា​រៀនសូត្រ ដោយសារតែ​ស្ថានភាព​គ្រួសារ​ក្រីក្រ បាន​ប្រមាណ ២៦០​នាក់​។​

​មិន​ត្រឹមតែ​ចូលរួមចំណែក នៅក្នុង​វិស័យ​អប់រំ​នោះទេ លោក កាន​ហ្សា​គិ បាន​បង្កើត​ក្លឹប​ឡាយ​អិន នៅ​ទីក្រុង​ភ្នំពេញ នៅក្នុង​ឆ្នាំ​១៩៩៨ និង​នៅក្នុង​ខេត្តសៀមរាប ក្នុង​ឆ្នាំ​២០១២ ដោយ​តាមរយៈ​ក្លឹប​នេះ លោក​បាន​សាងសង់​សាលារៀន​ចំនួន ១២​សាលា នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង​។​​

លោកអ្នក​ប្រហែលជា ធ្លាប់​បានឃើញ​ដើមឈើ សាគូ​រ៉ា នៅតាម​មាត់ទន្លេ​នៅ​ខាងកើត និង​នៅ​ខាងលិច​ហើយ និង​បាន​ប្រទះឃើញ​ដើមឈើ លឿង​រាជ នៅតាម​កន្លែង​សាធារណៈ និង​នៅតាម​ដងផ្លូវ​មួយចំនួន​ផងដែរ​។ ពូជ​ដើមឈើ​ទាំងនោះ គឺ​ត្រូវបាន​លោក កាន​ហ្សា​គិ នាំយកមក​ដាំ​ដុះ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក កាន​ហ្សា​គិ បាន​ចូលរួម​យុទ្ធនា​ការដាំដុះ​ដើមឈើ​នៅតាម​ដងផ្លូវ សាលារៀន ទីសាធារណៈ និង​ទៅតាម​តំបន់​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​លោក​បាន​បង្កើត សួនឧទ្យាន​មួយ​សម្រាប់​ឲ្យ​សារ​ធា​រណៈ​ជន​លំហែកាយ នៅ​បែក​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​។​

“​ប្រហែលជា​ទេវតា​ហើយ ដែល​បាន​ដឹកនាំ​ខ្ញុំ ឲ្យ​ធ្វើ​នូវ​កិច្ចការ​ទាំងអស់នេះ។​” លោក កាន​ហ្សា​គិ បាន​និ​យា​ប្រាប់​។ “​ក៏​ប្រហែលជា​ដោយសារតែ​ខ្ញុំ ធ្លាប់បាន​សន្យា​ជាមួយ​សម្ដេច ហ៊ុន សែន នៅ​ភូមិគ្រឹះ​របស់លោក ក្នុង​ឆ្នាំ​១៩៩០ ថា យើង​ត្រូវ​ធ្វើការ​ជាមួយគ្នា ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើងវិញ​។ កសាង​ស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទី​ពេទ្យ ដើម្បី​ឲ្យ​ប្រជាជន រស់នៅ​បាន​សុខ​ស្រួល​។ រហូតមកដល់​ពេលនេះ នៅ​មិនទាន់​បានសម្រេច​នៅឡើយ​នោះទេ តាមតែ​ខ្ញុំ​យល់ឃើញ ហេតុដូចនេះ​ហើយ​បានជា​ខ្ញុំ ត្រូវខិតខំ​បន្តទៀត ដើម្បី​ប្រជាជន​នៃ​ប្រទេស​កម្ពុជា​”​។​

ជាមួយគ្នានេះដែរ លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា​៖ “​លោក កាន​ហ្សា​គិ ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងសង្គម​ជនជាតិ​ជប៉ុន​ផងដែរ ដូចជា​ធ្វើជា​ប្រធាន​សមាគម​ជនជាតិ​ជប៉ុន និង​ជួយសង្គ្រោះ​បន្ទាន់​ដល់​ជនជាតិ​ជប៉ុន មិនតែប៉ុណ្ណោះ​លោក ក៏បាន​ចូលរួមចំណែក ក្នុងការ​ជំរុញ​ការយល់ដឹង ពីគ្នា​ទៅវិញទៅមក​រវាង​ជប៉ុន និង​កម្ពុជា​ជាច្រើន បែបនេះហើយ​ទើប​លោក ទទួលបាន​មេដាយ​កិត្តិយស​នេះ​”​។​​

លោក កាន​ហ្សា​គិ បាន​ឲ្យ​ដឹងថា លោក​មិន​នឹកស្មានថា​លោក ទទួលបាន​មេដាយ​កិត្តិយស​បែបនេះ​សោះ​។ “​ខ្ញុំ​សប្បាយចិត្ត​ណាស់ នៅពេលដែល​ខ្ញុំ​បាន​ជួយ​ប្រជាជន​កម្ពុជា ឲ្យ​រួច​ផុតពី​ភាពក្រីក្រ បន្ទាប់មក​ប្រហែលជា​ខ្ញុំ អាច​ត្រលប់​ទៅ​ប្រទេស​ជប៉ុន​វិញ​។ ដូចនេះ​ប្រជា​ជាន​កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើការ និង​រួម​សហការគ្នា កុំ​ឈ្លោះ​គ្នា​ដោយសារតែ​រឿង​នយោបាយ ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក​។” លោក​បន្ត​។​

“​ខ្ញុំ​នឹង​ចំណាយ​ពេលវេលា​ចុងក្រោយ ដែល​នៅ​សេសសល់​នៃ​ជីវិត​របស់ខ្ញុំ រៀបចំ​ប្រលាយ​ស្ទឹង​ព្រែក​ត្នោត ក្នុង​ខេត្តកំពង់ស្ពឺ ដែល​នៅ​សេសសល់​ជាង​ពាក់កណ្ដាល​ទៀត​។ ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​នៅ​ទីនោះ​សប្បាយរីករាយ មិន​ចង់​ឲ្យ​ពួកគាត់​ព្រួយបារម្ភ​ពី​ការ​ជន់​លិច ដោយសារតែ​ស្ទឹង​ព្រែក​ត្នោត​នោះទេ​។ តែ​ការអភិវឌ្ឍន៍​ខ្លះ ទាមទារ​ឲ្យ​ប្រជាជន​ធ្វើការ​ផ្លាស់ប្តូរ​ទីកន្លែង ដោយ​ភាព​រីករាយ ដែលជា​រឿង​មួយ​ពិបាក​”