Connect with us

ព័ត៌មានជាតិ

ឈ្មួញបង្អាប់តម្លៃថោកពេក កសិករ​ដឹកឪឡឹក​ទៅលក់ខ្លួន​ឯង បាន​​តម្លៃ​មួយ​​គុណជាពីរ

បានផុស

នៅ

នៅតំបន់ ៣ ក្បែរតំបន់បឹងទន្លេសាប ស្ថិតក្នុងឃុំចំនួន ២ គឺឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួង ក្នុង​ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង ប្រជាពលរដ្ឋមួយចំនួនបានបន្តដាំឪឡឹកលក់ដូចរាល់ឆ្នាំដើម្បីមានចំណូល​ទ្រទ្រង់ជីវភាពរស់នៅ​ប្រចាំថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសកម្មភាពកំពុងសំអាតស្មៅក្នុងចម្ការឪឡឹកក្រោមកម្តៅថ្ងៃ កសិករ​ពីរ​នាក់ប្តីប្រពន្ធ អ្នក​ស្រី ធឿន មុំ រស់នៅឃុំព្រែកនរិន្ទ ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ឆ្នាំនេះផ្លែឪឡឹកមានតម្លៃល្អ ធ្វើឲ្យ​ជីវភាព​គ្រួសារ​របស់អ្នក​ស្រីបានល្អ​ប្រសើរ។

ការដាំឪឡឹកមិនស្រួលនោះទេ សំខាន់ឲ្យតែទីផ្សារបានល្អដូចឆ្នាំនេះ។ ឆ្នាំនេះផល​ឪឡឹកបាន​ខូចខាត​មួយ​ចំនួន ដោយ​សារអាកាសធាតុក្តៅ តែតម្លៃផ្លែឪឡឹកបានល្អ។ នេះបើតាមអ្នកស្រី ធឿន មុំ។

«បើ​ឆ្នាំមុនខ្ញុំ​យំមិន​ចេញទេ​ដោយសារទឹកលេច ហើយឈ្មួញមកម៉ៅក្នុងមួយរ៉ៃឲ្យតែ​ចន្លោះពី​ ២០​ ទៅ ​៣០ មុឺនរៀល​ប៉ុណ្ណោះ ជាហេតុ​ត្រូវ​បង្ខំលក់ទាំងអស់​តែម្តង ចៀសវាងទុកឲ្យ​រលួយខូច តែឆ្នាំនេះ​បាន​ស្រង់ដើមវិញ​ខ្លះ»។ អ្នកស្រី ធឿន មុំ​ បញ្ជាក់បន្ថែម។

កសិករ​​រូបនេះ​ហាក់មានទឹកមុខ​រីករាយជាមួយផលដំណាំ​ឪឡឹករបស់ខ្លួនដែលកំពុងលូតលាស់ និងផ្តល់ទិន្នផល​បាន​ល្អ ស្រប​ពេលទីផ្សារផ្លែឪឡឹកបានល្អប្រសើរជាងឆ្នាំមុន បើទោះបីជួប​​បញ្ហា​អាកាសធាតុ ដែលធ្វើឲ្យទិន្នផលមួយចំនួន​ខូចខាត ប៉ុន្តែក៏​ចំណូលបានច្រើន​គួរសម។

បើតាម​អ្នកស្រី ធឿន មុំ ឪឡឹក​របស់​អ្នកស្រី​បានចាប់ផ្តើមដាំពីពាក់កណ្តាល​ខែមករា ហើយទទួលផលចន្លោះ​ពី ២ ខែដល់ ២ ខែកន្លះ ដោយចំណាយលើការដាំចាប់ពី ៥០ ទៅ ៧០ មុឺនរៀល លើទំហំ​ដីមួយរ៉ៃ ដោយមិន​ទាន់គិត​ពីការ​ចំណាយ​​​លើកត្តាប្រឈមផងបើសិនជាកើត​មាន តែឆ្នាំនេះលក់បានចំណូលគ្រាន់បើដែរបើធៀប​ឆ្នាំ​មុនៗ។

មិនខុស​គ្នានេះដែរ កសិករមួយ​រូបទៀត​លោក ខាន់ ឃន បាន​ឲ្យ​ដឹង​ថា ឆ្នាំនេះលោកសប្បាយ​ចិត្តដែលតម្លៃផ្លែឪឡឹកបានល្អប្រសើរជាងឆ្នាំមុន ហើយទិន្នផលក៏គ្រាន់បើទោះបី​អាកាសធាតុ​ក្តៅ​បន្តិច។

លោក ខាន់ ឃន បាន​បញ្ជាក់​ថា ផ្លែឪឡឹករបស់លោក​ដាំ​តាមបែប​ធម្មជាតិ ដោយមិនប្រើជី​គីមីបង្ខំជំរុញឲ្យផ្លែធំនោះទេ គឺថែទាំដាក់​ជីតាមធម្មជាតិ ទើបផ្លែឪឡឹកមានរសជាតិ​ឆ្ងាញ់​។ ចំណែកការប្រឈមឆ្នាំនេះលោកថា មានកត្តាប្រឈម​ ២ គឺ​ទី១​អាកាសធាតុ​ក្តៅ ទី២ក្រុមឈ្មួញកេងក្រវ័ញ្ញផលចំណេញច្រើនហួសហេតុ ដែល​ធ្វើឲ្យពួក​លោកមិនសូវមានចំណូល។

លោក​បញ្ជាក់ថា «ដើម្បី​កុំ​ឲ្យ​ឈ្មួញបង្ខូចតម្លៃ ខ្ញុំដឹកទៅលក់នៅលើទីផ្សារខ្លួនឯង ដើម្បីយកផលចំណេញ ព្រោះ​ក្រុម​ឈ្មួញទៅទិញផ្លែ​ឪឡឹកដែលធំ ១ ផ្លែឲ្យតម្លែចន្លោះពី ១៥០០ រៀលដល់ ២០០០ រៀល ពេលឈ្មួញយកលក់បន្ត ១ ផ្លែ​ចន្លោះ ពី ៤ ទៅ ៥ ពាន់រៀលឯណោះគឺចំណេញច្រើន»។

បើតាមមន្រ្តីកសិកម្ម​ខេត្ត​បាត់ដំបង ផល​ឪឡឹកនៅ​ខេត្តបាត់ដំបង​ឆ្នាំនេះ​ទទួលបាន​ទិន្នផលច្រើន ហើយតម្លៃក៏បានគួរសម​។

លោក ហេង សិទ្ធ មន្រ្តីកសិកម្ម​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា មាន​ក្រុមឈ្មួញមួយ​ចំនួន​ឆ្លៀតឱកាសទម្លាក់ថ្លៃកសិផល ទើប​ធ្វើ​ឲ្យកសិករ​ឈប់លក់ឲ្យក្រុមឈ្មួញ ហើយ​​នាំគ្នាដឹកចូលទីផ្សារខ្លួនឯងវិញ។

លោកថា ទីផ្សារឪឡឹកមានតែនៅក្នុងស្រុកប៉ុណ្ណោះ គឺឈ្មួញតែងនាំ​ពីខេត្ត​១ទៅខេត្ត១។ ​​ទាក់ទងការគ្រប់គ្រង​​តម្លៃ​មន្រ្តីជំនាញរូបនេះបានផ្តល់យោបល់ដល់កសិករ​​​ គួរដើរសិក្សាលើទីផ្សារខ្លួនឯងជាមុនសិន មុនសម្រេចលក់ឲ្យឈ្មួញ​ចៀសវាង​ឈ្មួញចុះទៅបង្អាប់តម្លៃ។

បើតាមមន្រ្តិកសិកម្ម​រូបនេះ ​បើផ្លែ​ឪឡឹក​កសិករ​មានគុណភាព គឺមានអតិថិជនក្នុង​ខេត្តឬខេត្តផ្សេង​ត្រូវការ​ ព្រោះ​ការដាំដុះឪឡឹកមិន​​មានតែក្នុងតំបន់ឬខេត្តតែមួយនោះទេ គឺមានគ្រប់តាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។

ផ្លែឪឡឹក​មានដាំស្ទើរទូទាំងស្រុកក្នុង​ខេត្តបាត់ដំបង គ្រាន់តែស្រុកខ្លះមានទំហំតិចហើយ​ស្រុកខ្លះ​មានទំហំធំ ដូចស្រុកឯកភ្នំ មានជាង ១០០ ហិកតា។ ឪឡឹកដែលបានលក់លើទីផ្សារមុនគេគឺការដាំរបស់ប្រជាកសិករ​នៅក្នុង​ឃុំស្នឹង ស្រុកបាណន់​។ ឪឡឹក​ក្នុង​ខេត្ត​បាត់ដំបង​ក្រៅ​ពី​ផ្គត់ផ្គង់ក្នុងខេត្ត​មាន​ឈ្មួញដឹកទៅលក់តាមបណ្តា​ខេត្តផ្សេងៗ។

ជាមួយគ្នានេះដែរ កសិករស្នើឱ្យមន្ត្រីជំនាញជួយទ្រទ្រង់របរកសិកម្ម និងរកទីផ្សារ​នាំចេញ​ផ្លែ​ឪឡឹក​យកទៅលក់ ដើម្បីលើកស្ទួយជីវភាពក្នុងគ្រួសារ​ កុំឲ្យក្រុមឈ្មួញកណ្តាល​បន្តបង្អាប់​កសិផលរបស់ពួកគាត់បន្តទៀត៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣២ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣៦ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម