Connect with us

ព័ត៌មានជាតិ

បង្ក្រាបល្បែងស៊ីសងខុសច្បាប់២៦ទីតាំង ឃាត់ខ្លួនជាង១២០នាក់ ក្នុងមួយសប្ដាហ៍កន្លងទៅ

បានផុស

នៅ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានចេញប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេសចំនួន២៦ទីតាំង ដោយបានឃាត់ខ្លួនមនុស្សចំនួន១២២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់បន្ថែមរបស់លោក ទូច សុខៈ ក្នុងចំណោមទីតាំងទាំង២៦នេះ មាន១៤ទីតាំង និងមនុស្ស ៦២នាក់ ត្រូវបាននគរបាលជាតិ អនុវត្តវិធានការច្បាប់ ពោល គឺកសាងសំណុំរឿងទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។ ទន្ទឹមនេះ ក៏មានការបង្ក្រាបករណីល្បែងភ្នាល់តាមអ៊ីនធឺណិតចំនួន៥ទីតាំង និងមនុស្សចំនួន៥នាក់ផងដែរ។ សម្រាប់ទីតាំងដែលបង្ក្រាបនេះ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តកំពត ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

អ្នកនាំពាក្យរងរូបនេះ បញ្ជាក់ទៀតថា ចំណែក១២ទីតាំងទៀត ឃាត់ខ្លួន៦៤នាក់ នគរបាលជាតិ ក្រសួងមហាផ្ទៃ បានអនុវត្តវិធានការរដ្ឋបាល ពោល គឺគ្រាន់តែអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តទៀត រួចឱ្យវិលត្រឡប់ទៅផ្ទះវិញ។ ទាំង១២ទីតាំងនេះ បង្ក្រាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តកំពត ខេត្តសៀមរាប និងខេត្តស្វាយរៀង។

លោក ទូច សុខៈ លើកឡើងថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញតាំងពីដើមអាណត្តិ តាមទស្សនៈរបស់លោក «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ» និងក្រោមគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម