ព័ត៍មានទាន់​ហេតុការណ៏
Search

សំឡេង​រិះគន់​លើ​ វ៉ាន់ នី​ឡា ​នៅតែ​បន្ត​កើត​មាន​យ៉ាង​ក្ដៅ​គគុក ​ទោះបីជា​ចេញមុខ​ទទួល​កំហុស​ និង​សុំទោស​ជា​សាធារណៈ

ភ្នំពេញ​ ៖ ​បន្ទាប់ពី​បែក​ធ្លាយ​នូវ​រូបថត​តារា​កំប្លែង​ស្រី​វ័យក្មេង​កញ្ញា វ៉ាន់ នី​ឡា អំឡុង​ពេល​លេង​កំប្លែង​​ ​បាន​យក​ទង់ជាតិ​ខ្មែរ​ ដែល​ជា​ដួង​ព្រលឹង​ជាតិ​ ជាន់​ក្រោម​បាតជើង ​រហូត​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ ​ពី​មហាជន​ ហើយ​ក៏​ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ធ្វើការ​សរសេរ​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​នោះ,​ ថ្មីៗ​នេះ​​តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា និង​លោក តា វ៉ិ​ច​ទ័​រ​ព្រមជាមួយ​ក្រុម​កំប្លែង​រួម​ក្រុម​ បាន​ចេញ​មក​បកស្រាយ​សុំទោស​ជា​សាធារណៈ​ ខណៈ​សំឡេង​រិះគន់​នៅតែ​បន្ត​មាននៅ​ឡើយ​។​

​តារា​កំប្លែង​កញ្ញា វ៉ាន់ នី​ឡា ថ្មីៗ​រង​នូវ​ពាក្យ​សម្តី​រិះគន់​បាញ់​ចាក់​ស្រោច​យ៉ាង​គំហុក​ពី​សំណាក់​មហាជន​អ្នកគាំទ្រ​ក៏ដូចជា​បណ្តា​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ ខណៈដែល​រូបថត​ឈរ​ជាន់​លើ​ទង់ជាតិ​ខ្មែរ​ជាច្រើន​សន្លឹង​ត្រូវបាន​ទម្លាយ ​និង​ចែកចាយ​ឲ្យ​គ្នា​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ក្នុងនោះ​មាន​អ្នកខ្លះ​ប្រដូច​នាង​ទៅនឹង​មនុស្ស​ដែល​មិន​ធ្លាប់​ឆ្លងកាត់​សាលា (​អវិជ្ជា​)​ឯ​ខ្លះទៀត​ក៏បាន​ជេរ​ចំៗ ​នូវ​ពាក្យសម្តី​អាក្រក់ៗ​មួយចំនួនទៀត​ផងដែ​រ​។​

ទន្ទឹមនឹង​មានការ​រិះគន់​នេះដែរ​កាលពី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៧ ​គេ​បានឃើញ​វត្តមាន​របស់​តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា លោក វ៉ិ​ច​ទ័​រ ដែលជា​ឪពុក​ និង​ក្រុម​កំប្លែង​រួម​ក្រុម​បានចេញ​ឃ្លី​ប​វីដេអូ​មួយ​មាន​រយៈពេល​ជាង ​០៨​នា​ទីក្នុង​គោលបំណង​ ដើម្បី​ចេញមុខ​បកស្រាយ​ព្រមទាំង​សូមទោស​នូវ​រាល់​កំហុស​ឆ្គង ​ដែល​ខ្លួន​បាន​បង្កើតឡើង​ នាំ​ឲ្យ​មាន​ផល​អវិជ្ជមាន​ប៉ះពាល់​ដល់​វប្បធម៌​ជាតិខ្មែរ​។​



តាមរយៈ​ឃ្លី​ប​វីដេអូ​នេះ​លោកតា វ៉ិចទ័​រ ត្រូវជា​ឪពុក វ៉ាន់ នី​ឡា រួម​នឹង​ក្រុម​កំប្លែង​បាន​និយាយថា​ក្នុងនាម​ខ្ញុំ​ត្រូវជា​ឪពុក វ៉ាន់ នី​ឡា និង​ជា​ប្រធាន​ផលិតករ​ផលិត​កម្មវិធី​កម្សាន្ត​នៃ​ស្ថានីយ​ទូរទស្សន៍​CTN ​សូម​ធ្វើការ​អភ័យទោស ​ចំពោះ​រឿង​មួយ​ដែល​បងប្អូន​បានឃើញ​នូវ​សកម្មភាព​សម្តែង​របស់​កូនស្រី​ខ្ញុំ វ៉ាន់ នី​ឡា ដែល​បាន​សម្តែង​កើតមាន​កំហុស​អ​ចេតនា​គឺ​បានជា​ន់​លើ​ទង់ជាតិ​ខ្មែរ​។​



លោកតា វ៉ិ​ច​ ទ័​រ បានបញ្ជាក់​ទៀតថា​ការសម្តែង​នេះ​បាន​កើតឡើង​នៅក្នុង​កម្មវិធី​ប្រដាល់​ជើងឯក​ពានរង្វាន់​ភេសជ្ជៈ​គោជល់ ហើយ​ការសម្តែង​កំប្លែង​នេះ​គឺ​រៀបចំ​លក្ខណៈ​ជា​កីឡាករ​នា​អំឡុង​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៦​។​ ដូច្នេះ​ក្នុងនាម​ខ្ញុំ​ជា​កូន​ខ្មែរ​ និង​ត្រូវជា​ឪពុក​កញ្ញា វ៉ាន់ នី​ឡា ផង​នោះ​ក៏មាន​ការសោកស្តាយ ​ចំពោះ​កំហុស​ឆ្គង​ដោយ​ភាព​អចេតនា​របស់​កូនស្រី ​និង​សុំ​អភ័យទោស​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​។​



ដោយឡែក​បើតាម​ការដកស្រង់​សម្តី​របស់​កញ្ញា វ៉ាន់ នី​ឡា ដែលជា​សាមីខ្លួន​ឯណោះ​វិញ​នាង​បាន​និយាយថា ខ្ញុំ វ៉ាន់ នី​ឡា មានការ​សោកស្តាយ​ចំពោះ​កំហុស​ឆ្គង​ដោយ​អ​ចេតនា​របស់ខ្លួន ​ដែល​បណ្តាល​ឲ្យ​កើតមាន​រឿងនេះ​ឡើង​។​ ដូច្នេះ​ក៏​សុំ​ការ​អភ័យទោស​ផងដែរ​ពី​សំណាក់​មហាជន​ខ្មែរ​ទាំងអស់​លើ​កំហុស​ឆ្លង​មួយ​នេះ​។​ ម្យ៉ាងទៀត​ដោយសារ​ខ្ញុំ​នៅ​ក្មេង​ ហើយ​នៅពេល​ឡើង​សម្តែង​ក៏មាន​ការ​ភ័យ​ខ្លះៗ​ផង​នោះ​ ទើប​ការនិយាយស្តី​ក៏​មិន​បានល្អ​ និង​កើតមាន​កំហុស​អ​ចេតនា​មួយ​នេះ​គឺជា​ន់​លើ​ទង់ជាតិ​ខ្មែរ​បែបនេះ​។​



ជាការ​កត់សម្គាល់​ថ្វីត្បិតតែ​មានការ​ចេញមុខ​បកស្រាយ និង សុំទោស​ជា​សាធារណៈ​ដល់​អ្នកគាំទ្រ​និង​មហាជន​ពី​សំណាក់​កញ្ញា វ៉ាន់ នី​ឡា រួមជាមួយ​ក្រុម​កំប្លែង​យ៉ាងនេះ​ក៏ពិតមែន​ប៉ុន្តែ សំឡេង​នៃ​ការរិះគន់​នៅតែ​បន្ត​កើតមានឡើង​ពុំទាន់​មាន​ភាព​រសាយ​វិញ​នោះ​ឡើយ​។ ​ជាក់ស្តែង នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​បច្ចុប្បន្ន​គេ​សង្កេតឃើញថា​បញ្ហា​នៃ​ការជាន់​លើ​ទង់ជាតិ​ខ្មែរ​ពី​សំណាក់​កញ្ញា វ៉ាន់ នី​ឡា កំពុង​ក្លាយទៅជា​ប្រធានបទ​មួយ​យ៉ាង​ក្តៅកគុក ​ដែល​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​យកទៅ​បង្ហោះ​វែក​ញែក និង​រិះគន់​ពីមួយ​ទៅមួយ​។​



ជាងនេះទៅទៀត​ចាប់តាំងពី​បែកធ្លាយ​នូវ​រូបភាព​ជាន់​លើ​ទង់ជាតិ តំណាង​អត្តសញ្ញាណ​ជាតិ​ពី ​កញ្ញា​វ៉ាន់ នី​ឡា រហូតមក​ដល់ពេល​នៅ​នេះ​គឺ​នៅតែ​បន្ត​មានការ​រិះគន់ ​និង​ជេរ​ប្រមាទ​ដោយ​ពាក្យ សម្តី​ធ្ងន់ៗ​ទៅលើ​រូបនាង​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មានការ​លើកឡើងថា​តារា​កំប្លែង​វ័យក្មេង​រូបនេះ​កំពុងតែ​បំផ្លាញ​វប្បធម៌​ជាតិ​សាសន៍​របស់ខ្លួន​ ខណៈដែល​ជនបរទេស​មួយចំនួន​គេ​កំពុងតែ​គោរព​ឲ្យ​តម្លៃ​ស្រលាញ់​វប្បធម៌​ខ្មែរ​។ ​​​ជាតិ​សាសន៍​ដទៃ​គេ​ស្រលាញ់​វប្បធម៌​ខ្មែរ​ បែរ​ទៅ​មើល​តារា​ខ្មែរ​វិញ ឆ្កួត​សុទ្ធ។ ជាមួយគ្នានេះ​ក៏មាន​ប្រភព​អ្នកលេង​ហ្វេ​ង​ប៊ុ​ក​ និង​មហាជន​មជ្ឈដ្ឋាន​ខាងក្រៅ​មួយចំនួនធំ​បាន ទទូច​ទាមទារ​ និង​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​ គួរ​កោះហៅ​តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា ​យកទៅ​ព្រមាន និង​អប់រំ​ដុសក្អែល​ចេញ​ម្តង ​ដើម្បី​កុំ​ឲ្យ​ថ្ងៃក្រោយ​កើតមាន​ករណី​បែប​នេះ​ទៀត​៕

       



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684