ព័ត៍មានទាន់​ហេតុការណ៏
Search

លោកTrump Jr. សារភាពថា គាត់​ចង់​បំផ្លាញ​ព័ត៌មាន​អំពី​លោកស្រី Clinton ដែល​ទទួលបាន​ពី​រុស្ស៊ី​

​កូនប្រុស​ច្បង​របស់លោក Donald Trump បាន​សារភាព​កាលពី​ថ្ងៃ​ចន្ទ​អំពី​ជំនួប​ជាមួយ​មេធាវី​ជនជាតិ​រុស្ស៊ី​ម្នាក់ ​ដើម្បី​ទទួលបាន​រឿងអាស្រូវ​របស់លោក​ស្រី Hillary Clinton ដែលជា​គូប្រជែង​ឪពុក​របស់លោក​ក្នុង​ឆ្នាំ​២០១៦​ ដែល​នេះ​បាន​ជំរុញ​ឲ្យ​សេត​វិមាន​ធ្លាក់​ចូលទៅក្នុង​រឿងអាស្រូវ​មួយទៀត​ទាក់ទង​នឹង​ប្រទេស​រុស្ស៊ី​។​

លោក Trump Jr បានបញ្ជាក់​ចំពោះ​របាយការណ៍​ដែលថា គាត់​បាន​ស្ថិតនៅ​ពីក្រោយ​ព័ត៌មាន អំពី​អ្នក​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​ដែល​ប្រកួតប្រជែង ​ដើម្បី​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​របស់​អាមេរិក​នៅ​ពេល​គាត់​បាន​ជួប​លោកស្រី Natalia Veselnitskaya នៅ​ខែមិថុនា ​ឆ្នាំ​២០១៦ ។​

កូនប្រុស​របស់លោក Trump បាន​សរសេរ​ធ្វី​ត​ថា “​ជាក់ស្តែង ខ្ញុំ​គឺជា​មនុស្ស​ទីមួយ​ក្នុង​យុទ្ធនា ការដែល​បាន​ចូលរួម​ការប្រជុំ​ដើម្បី​ស្តាប់​ព័ត៌មាន​អំពី​គូប្រជែង​”​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​កាសែត Times កូន​របស់លោក Trump បាន​និយាយថា “​មេធាវី​បាន​និយាយថា នាង​មាន​ព័ត៌មាន​ថា បុគ្គល​ដែលមាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​បានផ្តល់​មូលនិធិ​ដល់​គណៈកម្មាធិការ​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ហើយ​គាំទ្រ​លោកស្រី Clinton”​។​

នាង Veselnitskaya មិនត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ទេ​នៅក្នុង​ប្រទេស​រុស្ស៊ី​ ប៉ុន្តែ​នាង​ជា​តំណាង​ឲ្យ​កូនប្រុស​របស់​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ម្នាក់ ​ដែល​បាន​ចូលរួម​ នៅក្នុង​ការស៊ើបអង្កេត​ក​រ​ណី​ក្លែងបន្លំ​ដ៏​ធំ​មួយ​ដែលមាន​ផលវិបាក​ជា​អន្តរជាតិ​។

FBI និង​សភា​កំពុង​ស៊ើបអង្កេត​ថា​តើ​យុទ្ធនាការ​របស់លោក Trump បាន​ឃុបឃិត​ជាមួយ​រុស្ស៊ី​ ដើម្បី​ដាក់​ឥទ្ធិពល​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​ ដែរ​ឬក៏​អត់​។​

ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​បាន​សន្និដ្ឋានថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​អនុវត្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ធំ​មួយ ​ដើម្បី​រារាំង​ការបោះឆ្នោត​នៅក្នុង​ការគាំទ្រ​ដល់​លោក Trump ដោយ​រួមទាំង​ការ Hack និង​ការទម្លាយ​អ៊ី​ម៉ែ​ល​ដ៏​អាម៉ាស់​ពី​គណបក្ស​ប្រជាធិបតេយ្យ​ផងដែរ​។​

កាសែត New York Times បាន​រាយការណ៍​ថា លោក Paul Manafort និង​លោក Jared Kushner ដែលជា​មន្ត្រី​យុទ្ធនា​ការគួរ​ឲ្យ​ទុកចិត្ត​បំផុត​ពីរ​នាក់​របស់លោក Trump ក៏បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កាលពី​ឆ្នាំមុន​ផងដែរ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684