ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ​គូស​បញ្ជាក់​ថា ទោះ​នៅ​ទី​ណា ក៏​សម្តេច​នៅ​តែ​មាន​លទ្ធភាព​ដឹកនាំ​កិច្ចការ​ប្រទេសជាតិ

ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អវត្តមាន​ពី​ក្នុង ប្រទេស​ប្រមាណ​ជាង​មួយ​សប្តាហ៍​កន្លងមកនេះ ​ហើយ​នៅ​ព្រលប់​ថ្ងៃទី ១០ ខែ កក្កដា ២០១៧ ​បាន​បង្ហោះ​សារ និង រូបថត​ជា​លក្ខណៈ​គ្រួសារ​ជាង ១០ សន្លឹក​បង្ហាញថា សម្តេច​កំពុង​វិសមកាល​នៅក្រៅ​ប្រទេស​ជា លក្ខណៈ​គ្រួសារ​។ ក្នុង​សារ​និង​រូបថត​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន មិនបាន​បញ្ជាក់​អំពី​ទីតាំង​នៃ​ដំណើរ​វិសមកាល​របស់​សម្តេច​ថា​នៅទីណា​នោះទេ​។

នៅ​ព្រលប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា ​ទោះ​ស្ថិតនៅ​ទីណា​ក៏​សម្តេច​នៅ​តែ​មាន​លទ្ធភាព​ដឹកនាំ​កិច្ចការ​ប្រទេសជាតិ​ពិសេស​បង្ក្រាប​លើ​ការ​បង្ក​ចលាចល​របស់​ក្រុម​ជនពាល​ក្រុម​ជ្រុលនិយម​។

នៅ​ក្នុង​ហ្វេ​សប៊ុ​ក​សម្តេច​មាន​ខ្លឹមសារ​ទាំងស្រុង​ថា “​នេះ​ហើយ​គឺ​ខ្ញុំ​ជា​ហ៊ុន​សែន​ដែល​ពួក​ជនពាល​កំពុង​ស្វែងរក​ប៉ុន្តែ​ប្រជាជន​កម្ពុជា​តែង​ចាត់ទុកថា​ម្នាក់​នេះ​(​ហ៊ុនសែន​)​តែងតែ​រស់នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា​តាំងពី​ប្រជាជន​នៅ​ក្រលំបាក​១០០% រហូត​មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ​។ តើ​ខ្ញុំ​មាន​សិទ្ធិ​សប្បាយរីករាយ​ជួបជុំ​កូនចៅ​ដូច​ក្នុង​រូបថត​នេះដែរ​ឬទេ​? តើ​ខ្ញុំ​ត្រូវតែ​ប្រាប់​មនុស្ស​គ្រប់គ្នា​ពិសេស​ពួកជនពាល​ថា​ខ្ញុំ​កំពុងស្ថិត​នៅទីនេះ​ឬ​ទីនោះ​ដែរឬទេ​?”​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ដោយ​លើក​ជា​សំណួរ​ទៀតថា “​ទោះ​ខ្ញុំ​ផ្ទេរសិទ្ធិ​ឬ​មិន​ផ្ទេរសិទ្ធិ​ទោះ​ខ្ញុំ​ស្ថិតនៅ​ទីណា​ក៏​នៅ​តែមាន​លទ្ធភាព​ដឹកនាំ​កិច្ចការ​ប្រទេសជាតិ​ពិសេស​បង្ក្រាប​លើ​ការបង្ក​ចលាចល​របស់​ក្រុម​ជនពាល​ក្រុម​ជ្រុលនិយម​ក្រុម​ពួក​កូន​អា​ក្បត់ជាតិ​បានដែរ​បើ​ចង់ដឹង​សុំ​សាកល្បង​មើល Sic!”។

សម្តេច​តេ​ជោ​បាន​បន្តទៀត​ថា ស​ម្តេចក៏​កំពុង​រង់ចាំ​មើល​ថា ខណៈពេលដែល​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​កំពុង​បន្ត​កម្សាន្ត​សប្បាយ​ក្នុងពេលដែល​តំបន់​ប្រាសាទសំបូរព្រៃគុក​ត្រូវបាន​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​នាពេល​ថ្មីៗ​នេះ​ហើយក៏​រង់ចាំ​មើ​លប​ក្ស​នយោបាយ​ឬ​សង្គម​ស៊ីវិល​ណាខ្លះ​នឹងចូលរួម​អបអរសាទរ​ជាមួយ​ជោគជ័យ​ដ៏​មហិមា​របស់​ប្រជាជន​កម្ពុជា​នេះ​ផងដែរ​។

ប្រតិកម្ម​ឆ្លើយតប​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នា​ពេល​នេះ​ជា​ការ​ឆ្លើយតប​នឹង​សកម្មជន​បក្សប្រឆាំង ChhanyChhany ដែល​បាន​សរសេរ​នៅក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​ពេល​អវត្តមាន​នាយករដ្ឋមន្ត្រី​គឺ​ត្រូវ​តែ​មាន​នាយករដ្ឋមន្ត្រី​ស្តីទី​តែ​ប្រភព​បាន​និយាយថា ហ៊ុន សែន មិន​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ស្តីទី​ឲ្យ ស ខេង ឬ ប៊ិន ឈិន ទេ ព្រោះ​អត់​ទុកចិត្ត ហើយ​សូម្បីតែ​ពួក​កូនៗ ហ៊ុន សែន ក៏​អត់​ហ៊ាន​ចេញទៅ​មើល ហ៊ុន សែន ឈឺ​ម្តង​ទាំងអស់គ្នា​ដែរ (​ម៉ា​ណែ​ត ម៉ា​នី ម៉ានិត​) ដោយ​ខ្លាច​មាន​បញ្ហា​ផ្ទៃក្នុង (​ពាល​ស៊ី​ពាល​ក្នុង​បក្ស​តែមួយ​)»​។

គ្មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​បញ្ជាក់​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម គ្រួសារ​កំពុង​នៅ​ប្រទេស​ណា​នោះទេ​។ មុន​ការចាកចេញ​ពី​ប្រទេស ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច ហ៊ុន សែន បាន​ផ្ទេរ​ភារកិច្ច​ចំនួន​ពីរ​ឲ្យ​ទៅ​សម្តេច​ក្រឡាហោម ស ខេង និង លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជំនួស មួយ​គឺ​ទិវា​មច្ឆជាតិ ថ្ងៃទី​១ ខែ កក្កដា ជំនួស​ដោយ​សម្តេច​ក្រឡា​ហោម ស ខេង និង ពិធី​សម្ពោធ​មជ្ឈមណ្ឌល​សន្តិភាព​សក​ម្ម​ភាព​មីន ជំនួស​ដោយ​លោក ទៀ បាញ់ កាលពី​ថ្ងៃទី ៦ ខែកក្កដា នៅ​សៀមរាប​៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684