ព័ត៍មានទាន់​ហេតុការណ៏
Search

​គណបក្ស​ប្រជាជន​កម្ពុជា រំលឹក​គុណបំណាច់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​ដែល​តំបន់​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​លិខិត​អបអរសាទរ កោតសរសើរ និង​សម្តែង​នូវ​ការចងចាំ​ទុក​នូវ​គុណបំណាច់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​បាន​ដឹកនាំ​លើកស្ទួយ​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ល្បី​រន្ទឺ​នៅ​លើ​ឆាក​អន្តរជាតិ​និង​នាំមក​នូវ​សុខសន្តិភាព វិបុលភាព និង​ការ​អភិវឌ្ឍ​ខ្លាំងក្លា​ជូន​ជាតិ​មាតុភូមិ​។ ខណៈ​ពេល​ដែល​គណបក្ស​ផ្សេងៗ​ទៀត​ពិសេស​គណបក្សប្រឆាំង មិនបាន​សំដែង​នូវ​ការ​សាទរ​ចំពោះ​មោទនភាព​ជាតិ​នេះឡើយ​។

លិខិត​អបអរសាទរ​និង​កោតសរសើរ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០១៧ ធ្វើឡើង​បន្ទាប់ពី​តំបន់​ប្រាសាទ​សម្បូរព្រៃគុក​ត្រូវ​បាន​អង្គការ UNESCO ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី​៨ ខែ កក្កដា។ គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ប្តេជ្ញា​ចូលរួម​អភិរក្ស​និង​អភិវឌ្ឍ នូវ​រាល់​មរតក​បេតិកភណ្ឌ​វប្បធម៌​ដែលជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​។

ខ្លឹមសារ​នៃ​លិខិត​អបអរសាទរ​មាន “​គណបក្ស​ប្រជាជន​កម្ពុជា សូម​កោតសរសើរ និង ចងចាំ​នូវ​គុណបំណាច់​មិន​អាច​កាត់ថ្លៃ​បាន​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​លើកស្ទួយ​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ឲ្យ​មាន​ភាព​ល្បី​រន្ទឺ​នៅ​លើ ឆាក​អន្តរជាតិ និង នាំមក​នូវ​សុខសន្តិភាព វិបុលភាព​និង​ការអភិវឌ្ឍ​ខ្លាំងក្លា​ជូន​ជាតិ​មាតុភូមិ​”។

ជា​មួយ​គ្នា​នេះ ​គេ​សង្កេត​ឃើញ​ថា ​នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង គណបក្ស​ប្រជាជន​កម្ពុជា​រួម​ទាំង​មជ្ឈដ្ឋាន​ជាតិ និង អន្តរជាតិ​យ៉ាង​ច្រើន​កុះករ​បាន​សំដែង​ការ​អបអរ​និង​រៀបចំ​ពិធី​នៅតាម​ស្ថាប័ន នីមួយ​ដើម្បី​អបអរសាទរ​ការ​ដាក់​តំបន់​ប្រាសាទ​សំបូរព្រៃគុក​ជា​បេតិកភណ្ឌ​ពិភពលោក​យ៉ាង​សប្បាយរីករាយ​។ សូម្បីតែ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​ចេញ​លិខិត​អបអរសាទរ​ជាមួយ​កម្ពុជា​ដោយសារ​គេ​យល់ថា​តំបន់​ប្រវត្តិសាស្ត្រ​សំបូរ​ព្រៃ​គុក​នេះ​មាន​ប្រាសាទ​សាងសង់​ពី​ឥដ្ឋ​ល្អឥតខ្ចោះ​ជាច្រើន​នៅ​សម័យ​បុ​រេ​អង្គរ​ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​វិសេសវិសាល​និង​ដើមកំណើត​ដ៏​សំបូរ​បែប​នៃ​វប្បធម៌​ខ្មែរ​និង​បាន​បន្ត​រហូតដល់​សម័យ​អង្គរ​។ ចុះ​បក្ស​ប្រឆាំង​ដែល​ជា​ជនជាតិ​ខ្មែរ​កើត​នៅ​លើ​ដី​ខ្មែរ អួតថា​ស្រឡាញ់​ជាតិ ស្នេហា​ជាតិ​ចុះ​ហេតុ អ្វី​គ្រាន់តែ​ចូលរួម​សំដែង​ការ​អបអរសាទរ​បន្តិច​វារ​លាយ​បក្ស​ឬ​។ ចំណុច​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ​គណបក្ស​សង្គ្រោះ​ជាតិ​ពិតជា​ប្រឆាំង​ដ៏​ងប់ងុល ទាំង​ល្អ​ក៏​ប្រឆាំង ទាំង​អាក្រក់​ក៏​ប្រឆាំង ប្រឆាំង​រហូត​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​។

សូម​បញ្ជាក់​ថា ការសម្រេច​បញ្ចូល «​តំបន់​ប្រាសាទ​សំបូរព្រៃគុក​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ ត្រូវ​បាន​ធ្វើ ឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មការ​បេតិកភណ្ឌ ពិភពលោក ដែល​ប្រារព្ធ​ឡើង​នៅ ពីថ្ងៃ​ទី​០២-១២ ខែកក្កដា ឆ្នាំ​២០១៧ ដែលមាន​១៩៣ ប្រទេស​ជា​សមាជិក និង​២១​ប្រទេស ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បានសម្រេច​អនុម័ត​បញ្ចូល «​តំបន់​ប្រាសាទសំបូរព្រៃគុក​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​វេលា​ម៉ោង​៩​និង​៤០​នាទី (​ម៉ោង​នៅ​កម្ពុជា​)​យប់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង Cracovie ប្រទេស​ប៉ូឡូញ​។

តំបន់​ប្រាសាទ​សំបូរព្រៃគុក​ត្រូវបាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទី​៣​បន្ទាប់ពី​ប្រាសាទ អង្គរវត្ត​ត្រូវ​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ ១៩៩២ និង បន្ទាប់មក​គឺ​ប្រាសាទព្រះវិហារ​នៅក្នុង​ឆ្នាំ ២០០៨។

តំបន់​ប្រាសាទសំបូរព្រៃគុក​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែល​មាន​ចម្ងាយ ២៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ធំ តាមផ្លូវ​ជាតិ​លេខ​៦៤ បត់​ស្តាំ​តាម​ផ្លូវ​កូន​ត្នោត​។ ប្រាសាទ​សំបូរព្រៃគុក​នេះ​ជា​រាជធានី​ចាស់​បុរាណ​ឈ្មោះថា “​ឥសាន​បុ​រៈ​” ដែល​កាលពី​សម័យ​នោះ​ជា​មជ្ឈមណ្ឌល​នៃ​សាសនា​ឧទ្ទិស​ថ្វាយ​ដល់​សិវៈ​និយម​។ ក្រុម​ប្រាសាទ​នេះ​សាងសង់​អំពី​ឥដ្ឋតាន់​ថ្មបាយក្រៀម ​និង ​ថ្មភក់​ដែល​លំអ​លើ​ជញ្ជាំង​ប្រាសាទ​ហើយ​ត្រូវបាន​កសាងឡើង​នៅ​រជ្ជកាល​ព្រះបាទ​ឥសាន​វរ្ម័នទី​១ ក្នុង​សតវត្ស​ទី​៧​។ តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ​នៅ​ទីនោះ​មាន​ប្រាសាទ​ប្រមាណ​ជាង​១០០​ប្រាសាទ ដែល​ចែកចេញជា​៤​ក្រុម​ធំៗ។

បច្ចុប្បន្ន​តំបន់​ប្រាសាទសំបូរព្រៃគុក​បាន​ក្លាយទៅជា​រមណីយដ្ឋាន​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរ​ជាតិប្រមាណ​ជាង​មួយ​សែន​នាក់​ក្នុង​មួយឆ្នាំៗ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ​មាន​អ្នកទេសចរ​ជាតិ​និង​អន្តរ​ជាតិប្រមាណ​១២៥.០០០​នាក់​ទៅ​ទស្សនា​ប្រាសាទសំបូរព្រៃគុក​ក្នុង​នោះ​ភ្ញៀវ​ជាតិ​១០៨.៨៨៥​នាក់ និង​ភ្ញៀវ​អន្តរជាតិ​១៦.៣០១​នាក់​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684