ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ហ៊ុនសែន ​៖ ​សន្ទុះ​នៃ​ការ​គាំទ្រ ​និឹង​ធ្វើ​ឲ្យគណបក្ស​ប្រជាជន​ឈ្នះ​ការ​បោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៨

ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែ កក្កដា ឆ្នាំ​២០១៧ នេះ បាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​នៅ​ប្រទេស​បារាំង និង អាល្លឺម៉ង់ ដែល​បាន​រៀបចំ​រំលឹក​ខួប ៦៦ ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ។ សម្តេច​បាន​ថ្លែង​ថា ​កំណើន​ការ​គាំទ្រ​ក្នុង​និង​ក្រៅ​ប្រទេស​នេះ​ នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៨​។

នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុក​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ខ្លឹមសារ​ថា «​សព្វថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​សុ​ទ្ធ​តែ​បានដឹង​ច្បាស់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែល​បាន​រំដោះ​ប្រទេស​ជាតិ​ពី​សង្គ្រាម​និង​របប​ប្រល័យពូជសាសន៍​ប៉ុលពត។ ទន្ទឹម​នឹង​នេះដែរ​ប្រមុខ​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​តែងតែ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​តាំងពី​ពេលនោះ​រហូត​មក​ដល់​ពេល​នេះ គឺ​មិនដែល​រត់​យករួចខ្លួន​ទៅ​ស​ង្ងំ​យកសុខ​តែម្នាក់ឯង​នៅ​បរទេស​ឡើយ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា « សព្វថ្ងៃនេះ សន្ទុះ​កំណើន​នៃ​ការ​គាំទ្រ​របស់​បងប្អូន​ទាំង​នៅក្នុង​និង​ក្រៅ​ប្រទេស​គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែច្បាស់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ ២០១៨ ខាងមុខនេះ​ជា​បន្តទៀត​»។

គួររំលឹក​ថា ​ថ្មី​នេះ​ៗ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​រួមទាំង​សមាជិក​សមាជិកា​បានរួម​គ្នា​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦​ថ្ងៃ​បង្កើត​បក្ស និង​អបអរសាទរ​ជ័យជំនះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កត់​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ដែលមាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​សមាជិក​សមាជិកា​និង​ប្អូនៗ ជា​យុវជន​ចូលរួម​ប្រមាណ​៣០០នាក់។

ពិធី​អបអរសាទរ​នេះ មានការ​ចូលរួម​ពី​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​និង ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការ កិច្ច​ដោយ​អម​ជាមួយ​លោក ចែម វី​ឌ្យ៉ា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រចាំ​ប្រទេស​បារាំង។

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​បាន​សម្តែង​ទឹកចិត្ត​សប្បាយរីករាយ និង ឆន្ទៈ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា។ ពិធី​ប្រារព្ធ​ខួប​អនុ​ស្សាវរីយ៍​លើក​ទី​៦៦​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជា​ជន​នេះ​មាន​រៀបចំឡើង​ចំនួន ៣ កន្លែង​ផ្សេងទៀត​ដោយមាន​ការចូលរួម​ពីស​មាជិ​ក សមាជិកា​បក្ស​យ៉ាងច្រើន​កុះករ​គឺ​នៅ តំបន់ Nancy, Metz Saint-Avold ,Toulouse និង Lyon។

ក្នុង​កម្មវិធី​នោះ​ដែរ ក៏​មាន​ការអាន​សន្ទរកថា​និង ថ្លែង​នូវ​សារ​នយោបាយ​មួយចំនួន អំពី​សមិទ្ធផល និង​ស្នាដៃ​ធំៗ​ជាច្រើន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពុះពារ​គ្រប់​ឧបសគ្គ​កន្លងមករហូត​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ រីកចម្រើន​ជា​បន្តបន្ទាប់​។​

លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ បាន​ឲ្យ​ដឹង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ដាច់​ដោយ​ទទួល​បាន​ឃុំ​/​សង្កាត់​ចំនួន ១.១៥៦ ក្នុងចំណោម​ឃុំ​សង្កាត់ ១.៦៤៦ នៅ​ទូទាំងប្រទេស ។ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ សរុប ៦.៥០៣ ក្នុង​នោះ​មាន​មេឃុំ​/​ចៅសង្កាត់ ចំនួន ១.១៥៦ អាសនៈ​, ជំទប់​ទី​១​មាន ១.១៣៩​អាសនៈ និង​ជំទប់​ទី​២​មាន ៥១០​អាសនៈ​។

លទ្ធផល​នេះ​ក៏​បង្ហាញ​ដែរ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កើន​ឡើង ជាង ៣០​ម៉ឺន​សំឡេង​បើ​ធៀប​នឹង​សំឡេង​នៃ​ការបោះឆ្នោតជាតិ​កាលពី​ឆ្នាំ​២០១៣៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684