ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល ​ផ្ដល់​តម្លៃ​យ៉ាង​ខ្ពស់ ​ដល់​ស្ត្រី​ក្នុង​សារ​អបអរ​ «​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី ២៨»

ភ្នំពេញ ​៖ នៅក្នុង​សារលិខិត​អបអរសាទរ​នៃ​ការ​ប្រារព្ធ «​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី ២៨»​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បានផ្តល់​តម្លៃ​យ៉ាងខ្ពស់​ទៅដល់​ស្ត្រី។ ដោយ​សម្តេច​បានលើកឡើង​ថា​គុណបំណាច់​របស់​ស្ត្រី​ ធ្វើឱ្យ​យើង​ទទួលស្គាល់ថា «​ស្ត្រី​ជា​មាតា​ពិភពលោក​» ។​ ​ ​ ​ ​ ​ ​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារលិខិត​មួយ​ចុះ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ ក្នុងឱកាស​អបអរសាទ​រ​នៃ​ការ​ប្រារព្ធ «​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី ២៨» ក្រោម​ប្រធានបទ «​ផែនការ​គ្រួសារ ​៖ ការផ្តល់​ភាព​អង់អាច​ដល់​ប្រជាជន ការអភិវឌ្ឍ​ប្រទេសជាតិ​» (Family Planing: Empowering People, Developin Nation )​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ស្ត្រី​ជា​មាតា​ពិភពលោក​។​
​ ​
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​៖ “​ប្រធានបទ​នេះ​ពិត​ជាមាន​អត្ថន័យ​ល្អ​វិសេស និង មាន​អត្ថប្រយោជន៍​យ៉ាងខ្លាំង​ឆ្លើយតប​ទៅនឹង​សកម្មភាព​ជាក់ស្តែង​រប​ស់​ស្ត្រី​នាពេល​បច្ចុប្បន្ន និង អនាគត ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ជាពិសេស​ឆ្លើយតប​ទៅ​ និង​ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ស្ត្រី ការកាត់បន្ថយ​ភាពក្រីក្រ និង ការអភិវឌ្ឍ​ជាតិ​”​។​
​ ​
សម្តេច​បាន​បន្តថា ​៖​ ការ​ប្រារព្ធ​ទិវា​នេះ​គឺជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ និង លើកទឹកចិត្ត ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ព្រមទាំង​ប្រជាជន​គ្រប់រូប​ឲ្យ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​បុព្វហេតុ​ស្ត្រី សេដ្ឋកិច្ច សង្គម ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​ទាក់ទង​និង​កំណើន​ប្រជាជន​ដែល​កំពុង​ជះឥទ្ធិពល​ដល់​ការអភិវឌ្ឍ។​ ​ ​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ថា ស្ត្រី​មាន​កាតព្វកិច្ច​មួយ​ដែល​បុរស​មិន​អាច​ជំនួស​បាន​នោះ​គឺ​ការ​មានគភ៌ និង ការ​សម្រាលកូន ហើយ​កាតព្វកិច្ច​ដ៏​លំបាក​នេះ​ធ្វើ​ឱ្យ​ស្ត្រី​ប្រឈម​នឹង​បញ្ហា​សុខភាព​ដែល​ទាមទារ​ពេលវេលា​អាហារ​រូបត្ថម្ភ និង ការថែទាំ​មួយ​ដ៏​សមរម្យ។

គុណបំណាច់​របស់​ស្ត្រី​ធ្វើឱ្យ​យើង​ទទួលស្គាល់​ថា «​ស្ត្រី​ជា​មាតា​ពិភពលោក​» ពោលគឺ​ពេលណា​យើង​អាច​រៀបចំ​ប្រព័ន្ធ​ថែ​សុខភាព​បានល្អ​ជូន​ស្ត្រី​ពេលនោះ​យើង​នឹង​បង្កើត​ពិភពលោក​មួយ​ដែល​មាន​ធនធានមនុស្ស ដែល​អាច​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ពិភពលោក​មួយ​ឱ្យ​បាន​ល្អ​ប្រកបដោយ​ចីរភាព​។​ ​ ​ ​ ​ ​ ​

ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​បន្ថែម​ថា សុខភាព​ស្ត្រី​ ឬ​មាតា​ពិតជា​មានតម្លៃ​ធំធេង​ព្រោះថា​ទារក ឬ ទារិកា​ដែល​កើតមក​មាន​សុខភាព​ល្អ និង មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ គឺ​អាស្រ័យ​លើ​មាតា​ដែលមាន​សុខភាព​ល្អ។ កុមារ​ និង​យុវវ័យ​ជា​ធនធាន​ដ៏​សំខាន់​គឺ​ប្រៀប​ បាន​នឹង​ដុំ​ពេជ្រ​មាន​វិញ្ញាណ​ដែល​អាច​កែច្នៃ​ឱ្យ​មាន​តម្លៃ​មហាសាល​សម្រាប់​ជា​គ្រឹះ​ដ៏​រឹងមាំ​របស់​គ្រួសារ​និង​សង្គមជាតិ ដូចនេះ​ការយកចិត្តទុកដាក់​ដ​ល់​ការ​ថែ​សុខភាព​ស្ត្រី​ឱ្យបាន​ល្អជា​អាទិភាព​។​

ដោយ​ឈរលើ​ការគោរព​សិទ្ធិ​សេរីភាព​ក្នុងការ​សម្រេចចិត្ត​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប រាជរដ្ឋាភិបាល​កម្ពុជា មិនមាន​គោលការណ៍​ក្នុងការ​កំណត់​នូវ​ចំនួន​កូន​ ដែល​គ្រួសារ​នីមួយៗ​ត្រូវមាន ទំហំ​គ្រួសារ និង ការជ្រើសរើស​ចំនួន​កូន​នោះទេ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ​៖ ជាក់ស្តែង​គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ ២០១៦-២០៣០ បានកំណត់​យ៉ាងច្បាស់​ថា​ ៖«​រាជរដ្ឋាភិបាល​ទទួល​ស្គាល់ និង គាំទ្រ​ចំពោះ​សិទ្ធិ​របស់​គូ​ស្វាមីភរិយា និង បុគ្គល​ទាំងអស់​ឲ្យ​មាន​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត​ដោយ​សេរី និង ដោយ​ទទួលខុសត្រូវ​លើ​ចំនួន​កូន និង ការពន្យា​កំណើត ហើយ​ឲ្យ​មានលទ្ធភាព​ទទួលបាន​នូវ​ព័ត៌មាន ការអប់រំ សេវា និង​មធ្យោបាយ​ដើម្បី​ការធ្វើការ​សម្រេចចិត្ត​នេះ​» ។
​ ​
ជា​លទ្ធផល​ពី​ឆ្នាំ ២០០០​ដល់​ឆ្នាំ ២០១៤ អត្រា​មរណភាព​ទារក បាន​ថយចុះ​ពី ៩៥ នាក់ មក ២៨ នាក់ ក្នុង​ ១.០០០​កំណើត​រស់ ហើយ​អត្រា​មរណភាព​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​បាន​ថយចុះ​ពី ១២៤ នាក់មក​ត្រឹម ៣៥ នាក់​ក្នុងចំណោម​កុមារ​១០០០ នាក់។​ អត្រា​មរណភាព​មាតា​បាន​ថយចុះ​យ៉ាងខ្លាំង​ពី ៤៦១ នាក់​ក្នុង​ឆ្នាំ ២០០៨ មក​នៅត្រឹម ២០៦ នាក់​ក្នុង​ឆ្នាំ​២០១០​ និង បាន​បន្ត​ធ្លាក់​ចុះមក​ត្រឹម ១៧០ នាក់​ក្នុង ១០០.០០០ កំណើត​រស់នៅ​ឆ្នាំ ២០១៤ ។​

​នៅមុន​បញ្ចប់​នៃ​សារលិខិត​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​ប្រជាជន​គ្រប់រូប សូម​បន្ត​ចូលរួម​គាំទ្រ​ការថែរក្សា​សុខភាព​បន្ត​ពូជ និង ការផ្តើមគំនិត​រៀបចំ​ផែនការ​គ្រួសារ​ដោយ​ស្ម័គ្រចិត្ត។ ទន្ទឹម​នឹង​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ជាពិសេស​ពី​ក្រសួងសុខាភិបាល សូម​បន្ត​ធ្វើការ​ដោយ​ជិតស្និទ្ធ​ជាមួយ​មូលនិធិ​សហប្រជាជាតិ​សម្រាប់ ប្រជាជន​(UNFPA) និង គូរ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នានា ក្នុងការ​អនុវត្ត​ស្មារតី​ប្រធានបទ​របស់​ទិវា​ប្រជាជន​ពិភពលោក​ឆ្នាំនេះ ដើម្បី​ជា​គុណប្រយោជន៍​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​ដែលជា​កត្តាចាំបាច់​បំផុត សម្រាប់​ការជំរុញ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ការកាត់បន្ថយ​ភាពក្រីក្រ និង ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។​
​ ​
គួរ​ប​បញ្ចាក់​ថាប​ច្ចុ​ប្បន្ន​ពិភពលោក​មាន​ប្រមាណ ៧.៥១៥ លាន​នាក់​ហើយ​ចំនួន​នេះ​ និង​កើនឡើង​ដល់ ៧.៥៩៧ លាន​នាក់​នៅ​ឆ្នាំ ២០១៨ និង ៧៩៩១ លាន​នាក់​នៅ​ឆ្នាំ ២០២៣ ។ តាម​ទិន្នន័យ ប្រជាជន​ពិភពលោក​ចាប់ពី​ឆ្នាំ ២០១០ មកដល់​ឆ្នាំ​២០១៧ ចំនួន​ប្រជាជន​ពិភពលោក​កើនឡើង​បន្ថែម​ប្រមាណ ៨០ លាន​នាក់ ក្នុង​១​ឆ្នាំ​ជា​រៀងរាល់ឆ្នាំ ដែល​កំណើន​នេះ​ភាគច្រើន​មកពី​ប្រទេស​កំពុង​អភិវឌ្ឍ។ ដោយឡែក​ចំពោះ​កម្ពុជា​បច្ចុប្បន្ន​មាន​ប្រជាជន​ប្រមាណ ១៦ លាន​នាក់​ក្នុង​ឆ្នាំ ២០១៧ ហើយ​បើ​យោងតាម​ការធ្វើ​ចំណោល​ប្រជាជន​ចំនួន​នេះ​នឹង​កើន​ដល់ ១៧,១ លាន​នាក់​នៅ​ឆ្នាំ ២០១៣៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684