ព័ត៍មានទាន់​ហេតុការណ៏
Search

​សត្វ​តោ​ ៣​ក្បាល​រង​ការបាញ់សម្លាប់ បន្ទាប់ពី​រត់គេច​ចេញ​ពី​ឧទ្យាន Kruger Park នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​

សត្វ​តោ​ឈ្មោល​ចំនួន​ ៣​ក្បាល ដែល​បាន​រត់គេចខ្លួន​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ​ចេញពី​ឧទ្យាន​ជាតិ Kruger National Park នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នោះ ត្រូវ​បាញ់សម្លាប់​អស់​ទៅហើយ បន្ទាប់ពី​កសិករ​ម្នាក់​បាន​ប្រទះឃើញ​វា​កំ​ពុង​តែ​ស៊ី​គោ​-​ក្របី​របស់គាត់​។ នេះ​ជាការ​លើកឡើង​ពី​ក្រុមមន្ត្រី​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍។​

​កសិករ​នោះបាន​បាញ់សម្លាប់​សត្វ​តោ​បាន​ ១​ក្បាល ​និង​មួយ​ក្បាល​ទៀត​រងរបួស កាលពី​ថ្ងៃ​ពុធ​។ អាជ្ញាធរ​ខាង​ឧទ្យាន​ប្រដាប់​ដោយ​កាំភ្លើង​បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​មួយគ្រឿង ដើម្បី​តាម​សត្វ​តោ​ដែល​រងរបួស​នោះ ព្រមទាំង​សត្វ​តោ​ទី​បី​មួយ​ក្បាល​ទៀត​។​

​ស្ត្រី​អ្នកនាំពាក្យ​ខាង​ឧទ្យាន លោកស្រី Janine Raftopoulos បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ប្រសិនបើ​សត្វ​តោ​នោះ ត្រូវបាន​បញ្ជូន​មកកាន់​ឧទ្យាន​វិញ វា​ពិតជា​ព្យាយាម​រត់ចេញ​ជាថ្មី​ម្តងទៀត ពុំខាន​ឡើយ ហើយ​នោះ​គឺជា​ការគំរាមកំហែង​ដល់​អាយុជីវិត​មនុស្ស​និង​សត្វពាហនៈ​។​

​កន្លងមកនេះ​មាន​សត្វ​តោ​ដល់​ទៅ ​៣​ក្បាល​ហើយ​ដែល​បាន​រត់​ចេញរួច​។​

​ឧទ្យាន​សត្វព្រៃ Kruger ស្ថិត​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ និង​ម៉ូ​ហ្សំ​ប៊ី​គ គឺជា​ទីកន្លែង​រស់នៅរ​បស់​សត្វ​តោ​ប្រមាណ ​១.៥០០​ក្បាល ហើយ​មាន​ទំហំ​ប្រហាក់ប្រហែល​ជិត​ប៉ុន​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ទាំងមូល​។​
​ ​
សត្វ​ទាំងនោះ​ពេលខ្លះ​វា​បាន​រត់គេច​ផុតពី​រប​ង​ ពិសេស​នៅក្នុង​រដូវរងា​ដែល​រីងស្ងួត​។ កាលពី​២​ខែ​មុន​នោះ មាន​សត្វ​តោ ​៥​ក្បាល​បាន​រត់គេច​ចេញពី​ឧទ្យាន​។ មាន​ ៤​ក្បាល​ត្រូវបាន​ចាប់បាន​មកវិញ នៅក្នុង​កសិដ្ឋាន​ដែល​ស្ថិត​នៅក្បែរនោះ ហើយ​មួយ​ក្បាល​ទៀត​នៅតែ​បាត់ដាន​មិនអាច​រកឃើញ​នៅឡើយ​ទេ​៕
AFP

​ ​