Connect with us

ជីវិតកម្សាន្ដ

តារាហូលីវូដ Maurice សម្លឹងឃើញឱកាសនាំយុវជនខ្មែរទៅសម្តែងក្រៅប្រទេស

បានផុស

នៅ

តារា​សម្តែង​វាយ​តប់​ហូលីវូដ Maurice Chan ចាប់ផ្តើម​ថត​ខ្សែ​ភាពយន្ត​វាយតប់​ខ្លីនៅ​ក្នុង​ប្រទេស​កម្ពុជា​ ថ្ងៃ​សៅរ៍ ទី​២៣​ ខែ​មីនា ឆ្នាំ​២០២៤​ បន្ទាប់​ពី​លោក​បាន​មក​ហ្វឹក​ហាត់​ត្រៀម​សម្តែង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Maurice Chan ដែល​បុរស​ខ្មែរ​កើត​នៅ​ប្រទេស​បារាំង​បាន​ប្រាប់​ថា លោក​បាន​មក​ប្រទេស​កម្ពុជា​រយៈ​ពេល​ជាង​មួយ​សប្តាហ៍ហើយ​ដើម្បី​ប្រមូល​ផ្តុំ​យុវជន​មាន​ទេព​កោសល្យ​ផ្នែក​ក្បាច់​គុន​សម្រាប់​ការ​ហ្វឹក​ហាត់​ត្រៀម​​ថត​​​ខ្សែ​ភាព​យន្ត​វាយ​តប់​ខ្លី​មួយ។ រឿង​ខ្លី​​នេះ​មាន​យុវជ និង​យុវជន​នារី​ខ្មែរ​ដែល​មាន​បទ​ពិសោធក្បាច់​គុន​ផ្នែក​​ល្បុក្កតោ និង​គុន​ខ្មែរ​ប្រហែល​ជា​១៥​នាក់ត្រូវ​ចូល​រួមសម្តែង​ជា​មួយ​លោក។

បុរស​ដែល​សម្តែង​ជាតួវាយតប់ (Stunt) ក្នុង​ខ្សែ​ភាព​យន្តហូលីវូដ​ជា​ច្រើន​​បាន​បង្ហើប​ថា ភាព​យន្ត​ខ្លី​វាយ​តប់​នេះ​​គឺ​លោក​ចង់​​រំលេច​ចេញ​ពី​វប្បធម៌ និង​ក្បាច់​គុន​ខ្មែរ។ លោក​មិន​ទាន់​បង្ហើប​ពី​ចំណង​ជើង​រឿង​ទេ ប៉ុន្តែ​ជា​រឿង​​​ដែល​មាន​កម្លាំង​ពិសេស​​មួយ​ក្រុម​រួម​ដៃគ្នា​បង្ក្រាប​ពួក​​ជួញ​ដូរ​ថ្នាំ​កាច​សាហាវ។

លោក Maurice បាន​ប្រាប់​ថា លោកមក​ថត​​រឿង​ខ្លី​នៅ​ខ្មែរ​នេះ​មិន​មែន​ដើម្បី​​ចង់​បាន​កេរ្តិ៍​ឈ្មោះ​ខ្លួន​ឯង​ទេ ប៉ុន្តែ​ចង់​ចែក​រំលែក​បទពិសោធ ចំណេះ​ជំនាញ​ដែល​ធ្លាប់​សម្តែង​ក្នុង​រឿង​ហូលីវូដ​ដល់​យុវជន​កម្ពុជា​ដែល​មាន​ទេពកោសល្យ។ នេះ​ជា​​លើក​ដំបូង​ដែល​លោក​មក​ថត​រឿង​នៅ​ប្រទេស​​កម្ពុជា។

«នេះ​ជា​អ្វី​ដែល​ខ្ញុំ​មាន​បំណង​​ច្រើន​ឆ្នាំ​ហើយ។ ខ្ញុំ​យល់​ឃើញ​ថា យុវជន​កម្ពុជា​មាន​ទេព​កោសល្យ​ក្បាច់​គុន​ច្រើន ប៉ុន្តែ​​ពួក​គាត់​អត់​មាន​ឱកាស។ អីចឹង​ខ្ញុំ​យក​បទ​ពិសោធ​​ផ្ទាល់​ខ្លួន​មក​ចែក​រំលែក​ដល់​យុវជន​ខ្មែរ​ឲ្យ​យល់​ពី​របៀប​សម្តែង​វាយ​តប់កម្រិត​ស្តង់ដា។ យុវជន​កម្ពុជា​ប្រៀប​ដូច​ជា​ដុំពេជ្រមិន​ទាន់​ច្នៃ ដូច្នេះ​យើង​ច្នៃ​ពួក​គាត់​ឲ្យ​មាន​ពន្លឺ»។ តារាភាពយន្តហូលីវីដបានប្រាប់។

លោក​បាន​​លើក​ឡើង​ថា ភាពយន្ត​វាយ​តប់​ខ្នាត​ខ្លី​នេះ​អាច​ជា​ការ​បើក​ទ្វារ​មួយ​​ដើម្បី​ឲ្យ​ពិភព​ភាពយន្ត​ក្រៅ​​ប្រទេស​ចាប់​អារម្មណ៍​នឹង​ការ​សម្តែង​របស់​ក្រុម​យុវជន​កម្ពុជា។ លោក​​ក៏​​មានគម្រោង​​ផ្ទាល់​ខ្លួន និង​ការងារ​សម្តែង​​​ជា​មួយ​ហូលីវូដ​ជា​ច្រើន។ ​ប្រសិន​បើ​ភាព​យន្ត​​ថ្មី​នេះ​ទាក់​ចិត្តផលិត​ករ​អន្តរជាតិ​ គឺ​ជា​ការ​បើក​ទ្វារ​ទីផ្សារ​​​សម្រាប់​យុវជន​កម្ពុជា។ នៅ​ពេល​គេ​ត្រូវ​ការ​​ក្រុម​សម្តែង​វាយ​តប់ ច្បាស់​ណាស់​​​លោក​នឹង​ជ្រើស​រើស​យក​​ក្រុម​យុវជន​កម្ពុជា​ទៅ​សម្តែង​ជា​មួយ។

លោក​មាន​ប្រសាសន៍​ថា ៖«ខ្ញុំ​មាន​គម្រោង​ផ្ទាល់​ខ្លួន​ច្រើន ហើយ​ក៏​ចង់​នាំ​​ក្រុម​ផលិត​ភាព​យន្ត​នៅ​បារាំង​មក​ថត​នៅ​ខ្មែរ​ដែរ។ ខ្ញុំ​មកនេះ​មិន​ជ្រើស​រើស​យុវជន​មាន​ទេព​កោសល្យ​ទុក​ខ្លួន​ឯង។ ប្រសិន​បើ​ផលិត​កម្មក្រៅ​ប្រទេសដូច​ជា​បារាំង អាមេរិក ឬកន្លែង​ផ្សេង គេចាប់​អារម្មណ៍​នឹង​នាំ​យុវជន​កម្ពុជា​ទៅ។ នេះ​ជា​គោល​ដៅ​ធំ​​របស់​ខ្ញុំ»។

តាម​ការ​ឲ្យ​ដឹង​ពី​លោក Maurice Chan ខ្សែ​ភាព​យន្ត​វាយ​តប់​ដែល​ថត​នៅ​កម្ពុជា​​នឹង​​ដាក់​ផ្សាយ​តាម​អនឡាញ​សម្រាប់​អ្នក​ទស្សនា​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ពិភព​លោក។ លោក​គ្រោង​​ប្រើ​​ពេល​ថត​​២​សប្តាហ៍​នៅ​កម្ពុជាមុន​ពេល​លោក​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​មុន​ពេល​បុណ្យ​ចូល​ថ្មី​ប្រពៃណី​ខ្មែរ។ យុវជន​កម្ពុជា​ដែល​ចូល​រួម​​សម្តែង​​មាន​​ដូច​ជា កញ្ញា សុំ ថារ័ត្ន ដែល​ធ្លាប់​សម្តែង​ក្នុង​រឿង​ហូលីវូដ កីឡាការិនី​ល្បុក្កតោ ចិន្តារ័ត្ន កីឡាករ​ខ្មែរ-បារាំង Derek Bidaut និង​យុវជន​ជា​ច្រើន​រូប​ទៀត។

លោក Maurice Chan ​ធ្លាប់​បាន​សម្ដែងជាតួ​ Stunt ​ក្នុងខ្សែ​ភាពយន្ត​ហូលីវូដ​ជា​ច្រើន។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​លោក​ទើប​តែ​បញ្ចប់​ថត​រឿង​​ខ្នាត​ធំ​«Jack Ryan» និង​នៅ​មាន​គម្រោង​ថត​ជា​ច្រើន​ទៀត៕

អត្ថបទ៖​ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម