ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកជំនាញ​កូរ៉េ បណ្ដុះបណ្ដាល​បច្ចេកទេស​រថយន្ត​ដល់​គ្រូ​បង្គោល នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា

​ភ្នំពេញ​ ៖ គ្រូ​បង្គោលនៃ​វិទ្យាស្ថាន​ពហុបច្ចេកទេសកម្ពុជា​ (NPIC) ចំនួន​៨​រូប បានទទួល​ការបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ត ​ពី​សាស្ត្រាចារ្យ​វិស្វកម្ម​គ្រឿង​ម៉ាស៊ីន​ចំនួន​២​រូប មកពី​ប្រទេស​កូរ៉េ រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល Hyundai-KOICA Dream ក្នុង​វិទ្យាស្ថានពហុបច្ចេកទេស​ក​ម្ពុ​ជា​។ កម្មវិធី​បណ្ដុះបណ្ដាល​ប​ច្ចេកទេស​រថយន្ត​នេះរៀបចំឡើង​ដោយ KOTRA (​ផ្នែក​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​កូរ៉េ​) សហការ​ជាមួយវិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា ​(NPIC)​ និង​មហាវិទ្យាល័យ​នៃសាកលវិទ្យាល័យ យាន​យ៉ាង​ (Yeungnam University College ) ព្រមទាំង​ក្រុមហ៊ុន Paul Trading corp ដែលជា​ក្រុមហ៊ុននាំចេញប្រេងរំអិល​ម៉ាក GS Kikk Lubricant​។

​កម្មវិធី​បណ្ដុះបណ្ដាលផ្នែក​បច្ចេកទេស​រថយន្ត​នេះ គឺ​បណ្ដុះបណ្ដាល​ដោយផ្ទាល់ពីលោក​បណ្ឌិត Yoon Seung -Hyun និង​លោកបណ្ឌិត Ha Sung Yong ដែលជា​សាស្ត្រាចារ្យ​វិស្វកម្ម​គ្រឿង​ម៉ាស៊ីនមកពី​ប្រទេស​កូរ៉េ ​ក្នុង​គោលបំណងហ្វឹកហាត់​គ្រូបង្រៀន​នៃ NPIC ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម ក្នុងការបង្រៀន​បច្ចេក​ទេស​រថយន្ត ដល់​សិស្ស​របស់​ពួកគាត់​ដែល​កំពុង​សិក្សាផ្នែកបច្ចេកទេស​រថយន្ត​ និង​ដើម្បី​អភិវឌ្ឍន៍សមត្ថភាព​របស់​អ្នក​ជួសជុល​រថយន្តកូរ៉េ​ ដោយសារតែមាន​រថយន្ត​កូរ៉េ​ជាច្រើន​បាន​នាំចូល និង​ចែកចាយ​នៅក្នុងប្រទេស​កម្ពុជា​ ប៉ុន្តែ​ខ្វះ​អ្នកជំនាញផ្នែក​បច្ចេកទេស​រថយន្ត​កូរ៉េ​។ អ្វីដែលពិសេស​ជាងនេះទៀត​នោះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព ​និង​ជំនាញ​បន្ថែមដល់​គ្រូបង្គោល​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុជា​ ដើម្បី​ឲ្យ​ពួកគាត់​អាចមានប្រាក់ចំណូលបន្ថែមទៀត​។

​សូមបញ្ជាក់ថា គ្រូ​បង្គោលនៃ​វិទ្យាស្ថាន​ពហុបច្ចេកទេសកម្ពុជា​ (NPIC) ចំនួន​៨​រូប នឹងសិក្សា​លើ​ប្រធានបទ ទ្រឹស្ដី​ និង​ការអនុវត្តន៍ រួមមានប្រព័ន្ធ Hybrid (Hybrid System) ,​ប្រព័ន្ធ​ម៉ាស៊ីនរថយន្ត (Autommbile Engine System) ,​ប្រព័ន្ធ​អគ្គិសនី​រថយន្ត (Autommbile Electrical System) ,​ការប្រើប្រាស់​ប្រេងម៉ាស៊ីន (Engine oil)​។

​គួរ​បញ្ជាក់ថា​ អ្នកជំនាញ​កូរ៉េ​ធ្លាប់បានជួយ​បណ្ដុះបណ្ដាល ផ្នែក​បច្ចេកទេស​រថយន្តដល់​និស្សិត នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា ​(NPIC) ប្រមាណ​៤០​នាក់​រួចមកហើយ​កាលពី​ឆ្នាំ​២០១៤​។ ក្រោយ​ទទួលបាន​ការបណ្ដុះបណ្ដាល ​និស្សិត​ទាំងនោះបាន​ចូល​បម្រើការ​នៅតាម​ស្ថានីយ​ជួសជុល​រថយន្ត​កូរ៉េ និង​តាម​ស្ថានីយជួសជុល និង​ថែទាំ​រថយន្ត​លំដាប់​ស្ដង់ដារនៅ​កម្ពុជា​ផងដែរ​៕​​