ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅក្នុងហ្វេសប៊ុកផ្ទាល់របស់សម្តេចថា ៖ វាជារឿងធម្មតាទេចំពោះបុគ្គលមួយចំនួនដែលគ្មានសមត្ថភាពធ្វើបានដូច ហ៊ុន សែន គឺពួកគេតែងតែច្រណែននឹងស្នាដៃដឹកនាំកសាងប្រទេសរបស់ហ៊ុនសែន។ ពួកគេគ្មានអ្វីក្រៅអំពីការរិះរកវិធីនិយាយអាក្រក់ពីហ៊ុនសែននោះទេ ។
សារដែលបានផ្សាយនៅលើទំព័រហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃទី ១៤ ខែ កក្កដា បានលើកឡើងថា ៖ «វាជារឿងធម្មតាទេចំពោះបុគ្គលមួយចំនួនដែលគ្មានសមត្ថភាពធ្វើបានដូច សម្តេចតេជោ ហ៊ុន សែន គឺពួកគេតែងតែច្រណែននឹងស្នាដៃដឹកនាំកសាងប្រទេសរបស់សម្តេច។ ពួកគេគ្មានអ្វីក្រៅអំពីការ រិះរកវិធីនិយាយអាក្រក់ពី សម្តេចប្រមុខដឹកនាំ និងនិយាយអាក្រក់បំផ្លើសការពិតអំពីប្រទេសជាតិខ្លួនឯង ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសកាន់តែអស់ជំនឿទុកចិត្ត»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ៖ ការខិតខំប្រឹងប្រែងរបស់សម្តេច គឺមិនដែលបានគិតអំពីការនឿយហត់សូម្បីបន្តិចណាឡើយ ទោះបីយប់ឬថ្ងៃក៏ដោយ គឺដើម្បីថែរក្សាការពារសន្តិភាពដល់ប្រជាពលបានរដ្ឋរស់នៅសុខសាន្ត។ លទ្ធផលនៃការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ គឺបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានសុខសន្តិភាពពេញលេញយូរអង្វែង និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ច្បាស់ណាស់គឺប្រជាពលរដ្ឋបានឃើញពិតនូវការរីកចម្រើនពិតប្រាកដរបស់ប្រទេសជាតិ។
សម្តេចតេជោបានបន្តថា ៖ ជោគជ័យដ៏ធំធេងអំពីការបោះឆ្នោតឃុំសង្កាត់កន្លងមកនេះបានបង្ហាញ កាន់តែច្បាស់ថាសន្ទុះនៃកំណើនគាំទ្រពីប្រជាពលរដ្ឋគឺមានកាន់តែខ្លាំងឡើងចំពោះសម្តេច។ សម្តេចបានបញ្ចាក់ថា ៖ ជ័យជំនះនេះគឺស្តែងឱ្យឃើញច្បាស់ថាប្រជាពលរដ្ឋភាគច្រើនលើសលុបបំផុតនៅតែគាំទ្រ និងបោះឆ្នោតឱ្យសម្តេចបន្តដឹកនាំកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ។ នេះគឺជាសញ្ញា បង្ហាញកាន់តែច្បាស់ថាគណបក្សប្រជាជនកម្ពុជានឹងឈ្នះ ឆ្នោតនៅឆ្នាំ ២០១៨ ជាបន្តទៀត។
សូមបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់ដោយទទួលបានឃុំ/សង្កាត់ចំនួន ១១៥៦ ក្នុងចំណោមឃុំសង្កាត់ ១៦៤៦នៅទូទាំងប្រទេស ។
គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៦.៥០៣ ក្នុងនោះមានមេឃុំ/ចៅសង្កាត់ ចំនួន១.១៥៦អាសនៈ ជំទប់ទី១ចំនួន ១.១៣៩អាសនៈ និងជំទប់ទី២ចំនួន៥១០អាសនៈ។ លទ្ធផលនេះក៏បង្ហាញដែរថាគណបក្សប្រជាជនកម្ពុជា បានកើនសំឡេងជាង៣០ម៉ឺនសំឡេងបើធៀបនឹងសំឡេងនៃការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣។
ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៧ដដែលនេះក៏បានបង្ហោះសារថា ៖
-គ្រប់ៗគ្នាស្រឡាញ់សន្តិភាព!។
-គ្រប់ៗគ្នាពេញចិត្តនឹងការរីកចម្រើនរបស់ប្រទេសជាតិសព្វថ្ងៃ! ។
-គ្រប់ៗគ្នា បានឃើញ និងដឹងច្បាស់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំដែលនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ!។
-គ្រប់ៗគ្នា នៅតែជឿទុកចិត្តគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ។
-គណបក្សប្រជាជនកម្ពុជាឈ្នះ គឺប្រជាពលរដ្ឋកម្ពុជា ឈ្នះទាំងអស់គ្នា៕