ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ​ជម្រើសជាតិ​ជប៉ុន Keisuke Honda ​ចូល​លេង​ឲ្យ​ក្លិប​ម៉ិ​ក​ស៊ិ​ក Pachuca

​ខ្សែបម្រើ​ប្រយុទ្ធ Keisuke Honda របស់​ក្រុម​ជម្រើសជាតិ​ជប៉ុន បាន​ចូល​លេង​ឲ្យ​ក្លិប​បាល់ទាត់​ម៉ិ​ក​ស៊ិ​ក Pachuca​។ នេះ​បើ​យោងតាម​ការអះអាង​ពី​ក្លិប​គ្រប់គ្រង​ជើងឯក CONCACAF Champions League មួយ​នេះ កាលពី​ថ្ងៃ​សុក្រ រយៈពេល​ពេល ២​ថ្ងៃក្រោយ​ចាកចេញ​ពី​ក្លិប AC Milan ក្នុងនាម​ជា​កីឡាករ​សេរី​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្លិប​មួយ​នេះ មិនបាន​និយាយ​លំអិត ​ពី​កិច្ចព្រមព្រៀង​មួយ​នេះឡើយ​។​ ​កីឡាករ Honda បាន​និយាយ​ជា​ភាសា​អេ​ស្ប៉ា​ញ​ នៅក្នុង​វីដេអូ​បង្ហោះនៅ​តាម Twitter របស់​ក្លិប Pachuca ​ថា លោក​ទើបតែ​បាន​ចុះហត្ថលេខា​ជាមួយ​ក្លិប ហើយ លោក​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​។​

សូមបញ្ជាក់ថា កីឡាករ Honda មានវ័យ​ ៣១​ឆ្នាំ លេង​បាន​ ៨៦​ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិជប៉ុន ​ដោយ​រកបាន ​៣៦​គ្រាប់ ហើយ​​ជា​កីឡាករ​ជប៉ុន​តែ​ម្នាក់គត់ ​ដែល​អាច​រក​គ្រាប់​បាល់​បាន​នៅ​ការប្រកួត World Cups ២ ​លើក​ដាច់ដោយឡែក​ពីគ្នា ពោលគឺ​លោក​រកបាន​គ្រាប់​បាល់​ទាំង​នៅ​ការប្រកួត​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១៤​។​

លោក​បាន​ចូល​លេង​ជាមួយ​ក្លិប​អ៊ីតាលី​ AC Milan កាលពី​ខែមករា ឆ្នាំ​២០១៤ ក្នុងតម្លៃ​ ២០​លាន​អឺរ៉ូ ដោយ​ផ្ទេរ​ចេញពី​ក្លិប CSKA Moscow ប៉ុន្តែ​លោក​លេង​មិន​បានជា​ផ្លែផ្កា​ឡើយ ជាមួយ​ក្លិប​យក្ស​មួយ​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684