ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​៖ ការ​ស្នើ​បង្កើត​ច្បាប់ ​ការពារ​នាយករដ្ឋមន្ត្រី​ពេល​ចប់​អាណត្តិ អាច​ជា​ឧបាយកល​ទុច្ចរិត

ភ្នំពេញ ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសា​ស​ន៍​ថា ច្បាប់​មិន​អាច​ធ្វើ​ក្នុង​បំណង​សម្រាប់​ការពារ​តែ​បុគ្គល​ណាមួយ​នោះ​ឡើយ ដូច្នេះ​ការចង់​ឲ្យ​មានច្បាប់​ ការពារ​នាយករដ្ឋមន្ត្រី​អស់ពី​តំណែង មិន​បម្រើ​ផល​ប្រ​យោ​ជ​ន៍​រួម​របស់​ប្រជាជន​ទេ ហើយក៏​ផ្ទុយ​ពី​ខ្លឹមសា​រដ្ឋធម្មនុញ្ញ​ផងដែរ។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​បែបនេះ បន្ទាប់ពី​លោក​ព្រឹទ្ធាចារ្យ លី ឡាយស្រេង អតីត​អ្នកនយោបាយ​ជើងចាស់ ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​សរសេរ​លិខិត​ចំហ​ចំនួន​២​ផ្សេងគ្នា ទី​១. ដាក់ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទី​២. ដាក់ជូន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លិខិត​ទាំងពីរ​នេះ បាន​ស្នើ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​ គ្រប់រូប​នៅ​ពេល​ផុត​អាណត្តិ ដោយ​សំអាង​ថា អ្វីៗ​ដែល​ខ្មែរ​ធ្លាក់ខ្លួន​របៀប​នេះ គឺ​ដោយសារ​សង្គ្រាម​មិន​ឈប់ ហើយ​ទាំងនេះ​បណ្តាល​មក​ពី ​បញ្ហា​ចម្បងៗ​ដូចជា “ខ្មែរ​មិនចេះ​អនុគ្រោះ​ឲ្យ​ខ្មែរ​ដូចគ្នា និង​ការដណ្តើម​អំណាច​គ្នា​ជាដើម”។

ឆ្លើយតប​នឹង​បំណង​នេះ លោក សុខ ឥសាន បាន​មាន​ប្រសា​ស​ន៍​ថា៖ “​ជា​គោល​ការណ៍ គោលបំណង​និង​សំណូមពរ ​នៃ​ការធ្វើ​ច្បាប់​ណាមួយ គឺ​ដើម្បី​បម្រើ​តម្រូវ​ការ​រួម​របស់​ស​ង្គ​ម និង​ប្រយោ​ជ​ន៍​ប្រជាជន​ទូទៅ​។ ច្បាប់​មិន​អាច​ត្រូវ​ធ្វើ ​ក្នុង​បំណង​ការពារ​ដោយឡែក​ សម្រាប់​តែ​បុគ្គល​ណាមួយ​ឡើយ​។ បើ​ពុំ​នោះ​ទេ វា​នឹង​មិនមាន​ភាពស្មើគ្នា ​ចំពោះ​មុខ​ច្បាប់​សម្រាប់​ប្រជាពលរដ្ឋ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះឡើយ​។ ដូច្នេះ​ ការចង់​ឲ្យ​មានច្បាប់​ការពារ ​នាយករដ្ឋមន្ត្រី​អស់ពី​តំណែង មិន​បម្រើ​ផល​ប្រ​យោ​ជ​ន៍​រួម​របស់​ប្រជាជន​ទេ ហើយ​ផ្ទុយ​ពី​ខ្លឹមសា​រដ្ឋធម្មនុញ្ញ​ផង​”។

តាម​លោក សុខ ឥសាន ការ​ចង់​បាន​នេះ អាចជា​ឧបាយកល​ទុច្ចរិត ឲ្យ​ប្រជាជន​មើល​ឃើញ​ដោយ​ច្រឡំ​ថា នាយករដ្ឋមន្ត្រី​ក្នុង​តំណែង​បច្ចុប្បន្ន បាននឹងកំពុង​ធ្វើ​ខុស​អ្វីមួយ​យ៉ាង​ធ្ងន់ធ្ងរ ទើប​បាន​ជា​ចង់​ឲ្យ​មាន​ច្បាប់​បែបនេះ ក្នុងពេលដែល​កំពុង​កសាង​ស្នាដៃ​ធំៗ​ជាច្រើន ជា​ប្រវត្តិសាស្ត្រ​ជូន​ជាតិ​មាតុភូមិ រួមមាន រំដោះ​ប្រទេស​ជាតិ​ និង​ប្រជាជន​ឲ្យ​រួច​ផុត ​ពី​គ្រោះ​មរណៈ​នៃ​របប​ប្រល័យ​ពូជ​សាស​ន៍ ផ្តួចផ្តើម​នយោបាយ​បង្រួបបង្រួម​ជាតិ​ នាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព ​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣ តុលា ១៩៩១ ដាក់​ចេញ​នយោបាយ​ឈ្នះ​ឈ្នះ នាំមក​នូវ​សន្តិភាព​ពេញលេញ​ ជូន​ជាតិ​មាតុភូមិ កសាង​និង​អភិ​វ​ឌ្ឍន៍​ប្រទេស​រីកចម្រើន កែប្រែ​ជីវភាព​រស់នៅ​ របស់​ប្រជាជន​សម្បូរ​ធូរធារ​ដូច​សព្វថ្ងៃ ធ្វើ​ឲ្យ​ប្រទេសជាតិ​លេច​មុខ​មាត់​ ខ្ពស់ត្រដែត​លើ​ឆាក​អន្តរជាតិ រឿង​អី​ត្រូវ​ការពារ មានតែ​ត្រូវ​បាន​ប្រជាជន​អបអរសាទរ និង​គាំទ្រ​ថែម​ទៀតផង។

ដូច្នេះ​ការ​ចង់​ឲ្យ​មានច្បាប់​ ការពារ​នាយករដ្ឋមន្ត្រី​អស់ពី​តំណែង អាច​ចាត់ទុកថា ជា​ការ​ស្រមើស្រមៃ​របស់​មនុស្ស​ចាស់​ វង្វេង​សតិ​តែប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ លោក​ព្រឹទ្ធាចារ្យ លី ឡាយស្រេង ដែល​ជា​អតីត​ អ្នកនយោបាយ​ជើងចាស់​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​សរសេរ​លិខិត​ចំហ​ចំនួន​២​ផ្សេងគ្នា ដាក់ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ដាក់​ជូន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

​នៅ​ក្នុង​លិខិត​ដែល​ដាក់ជូន​លោក កឹម សុខា លោក លី ឡាយស្រេង លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ យើង​តាំងពីដើម​រៀងមក ជួបតែ​សង្គ្រាម គ្មាន​ស្រាក​ស្រាន្ត តាំងពី​អាណាចក្រ​មហានគរ​ខ្មែរ ឬ​មហាអំណាច​ ប្រែក្លាយជា​ប្រទេស​មួយ​ គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត​។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់តែ​ថ្កុំថ្កើង​រុងរឿង ក៏​ក្លាយ​ជា​ជន​ក្រីក្រ​តោកយ៉ាក ព្រមទាំង​បាន​ធ្វើ​ចំណាកស្រុក ដើម្បី​ប្រកបរបរ​ចិញ្ចឹមជីវិត អស់​មួយ​ចំនួនធំ​ថែម​ទៀត​ផង​។ ទាំងនេះ គឺ​បណ្តាល​មក​ពី​បញ្ហា​ចម្បងៗ​ដូចជា ខ្មែរ​មិនចេះ​អនុគ្រោះ​ខ្មែរ​ដូចគ្នា និង​ចេះតែ​ដណ្តើម​អំណាច​គ្នា​ជា​បន្តបន្ទាប់​។ ជា​គំនិត​របស់​លោក​ផ្ទាល់ លោក​គិត​ថា បើ​ចង់​ឲ្យ​ប្រទេសជាតិ​រួច​ផុតពី​សង្គ្រាម និង​ការ​កាប់សម្លាប់​គ្នា​នោះ គួរតែ​ខ្មែរ​ទាំងអស់គ្នា​ឈប់​ឈ្លោះ​គ្នា ចេះ​អធ្យាស្រ័យ និង​យោគយល់​គ្នា​ទៅវិញទៅមក ហើយ​ដើម្បី​រក្សា​សន្តិភាព ​ជូន​ប្រទេសជាតិ​ឲ្យ​បាន​ស្ថិតស្ថេរ​ជា​និរន្តរ​នោះ លោក​ស្នើសុំ​លោក កឹម សុខា ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ទៅ​រដ្ឋសភា​ឲ្យ​បង្កើត​ច្បាប់​មួយ ដើម្បី​ការពារ​នាយករដ្ឋមន្ត្រី​គ្រប់ៗ​រូប​ ទាំងអស់​ដែល​ផុត​អាណត្តិ​របស់​ខ្លួន ​មាន អភ័យឯកសិទ្ធិ និង​ដំឡើង​គោរមងារ​ជា វីរៈបុរស​ជាតិ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ ចំពោះ​គុណបំណាច់​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ក្នុង​អាណត្តិ​របស់​ខ្លួន​កន្លង​មក​។ លោក​ជឿជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ពិតជា​អបអរសាទរ និង​គាំទ្រ ដោយ​អស់ពី​ចិត្ត​ពី​ថ្លើម​ថែម​ទៀតផង។

ដោយឡែក​នៅ​លើ​លិខិត​ផ្ញើ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន លោក​ព្រឹទ្ធាចារ្យ លី ឡាយស្រេង លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​តាំង​ពី​ដើម​រៀងមក ជួបតែ​សង្គ្រាម​គ្មាន​ស្រាកស្រាន្ត តាំងពី​អាណាចក្រ មហានគរ​ខ្មែរ រហូតដល់​មហាអំណាច​ខ្មែរ និង​បាន​ប្រែក្លាយ​ទៅជា​ប្រទេស​តូច​មួយ ​គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត​។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់តែ​ថ្កុំថ្កើង​រុងរឿង ក៏​ក្លាយ​ជា​ជនក្រីក្រ​តោកយ៉ាក ព្រមទាំង​បាន​ធ្វើ​ចំណាកស្រុក ដើម្បី​ប្រកបរបរ​ចិញ្ចឹម ជីវិត​អស់​មួយ​ចំនួនធំ​ថែមទៀត​ផង។

តាម​លោក​ព្រឹទ្ធាចារ្យ លី ឡាយស្រេង “​បញ្ហា​ទាំងនេះ គឺ​បណ្តាល​មក​ពី​បញ្ហា​ចម្បងៗ ​ដូចជា​ខ្មែរ​មិន​ចេះ​អនុគ្រោះ​ខ្មែរ​ដូចគ្នា និង​ចេះតែ​ដណ្តើម​អំណាច​គ្នា​ជា​បន្តបន្ទាប់​។ ជា​គំនិត​របស់​ខ្ញុំបាទ​ផ្ទាល់ ខ្ញុំបាទ​គិតថា បើ​ចង់​ឲ្យ​ប្រទេសជាតិ​រួច​ផុត​ពី​សង្គ្រាម និង​ការកាប់សម្លាប់​គ្នា​នោះ គួរតែ​ខ្មែរ តែ​ខ្មែរ​ទាំងអស់គ្នា​ឈប់​ឈ្លោះ​គ្នា ចេះ​អធ្យាស្រ័យ និង​យោគយល់​គ្នា​ទៅវិញទៅមក​។ ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ ស្រុក​យើង​បាន​សន្តិភាព​រហូតដល់​សព្វថ្ងៃ គឺជា​ស្នាដៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រកែក​បាន​ឡើយ​។ ដូច្នេះ​ដើម្បី​រក្សា​សន្តិភាព​ជូន​ប្រទេសជាតិ ​ឲ្យ​ស្ថិតស្ថេរ​ជា​និរន្តរ​នោះ ខ្ញុំ​បាន​ស្នើ​សុំ​សម្តេច​តេ​ជោ ក្នុងនាម​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា ស្នើ​ទៅ​រដ្ឋសភា​ឲ្យ​បង្កើត​ច្បាប់​មួយ ដើម្បី​ការពារ​នាយករដ្ឋមន្ត្រី​គ្រប់ៗ​រូប​ទាំងអស់ ដែល​ផុត​អាណត្តិ​របស់​ខ្លួន ឲ្យ​មាន​អភ័យឯកសិទ្ធិ និង​ដំឡើង​គោរមងារ​ជា​វីរៈបុរស​ជាតិ ដើម្បី​ជា​ការ​លើកទឹកចិត្ត ចំពោះ​គុណបំណាច់​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ ក្នុង​អាណត្តិ​របស់​ខ្លួន​កន្លង​មក​។

ការ​បង្កើត​ច្បាប់​នេះ​ឡើង ខ្ញុំបាទ​ជឿជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ​ពិតជា​អបអរសាទរ និង​គាំទ្រ​ដោយ​អស់ពី​ចិត្ត ​ពី​ថ្លើម​ថែម​ទៀត​ផង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684