ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ​ត្រូវគេ​បាញ់​ចំក្បាល​ស្លាប់​​នៅលើ​ផ្លូវលំ ​សង្ស័យជា​ករណី​ប្លន់​យក​រថយន្ត

​កំពង់ឆ្នាំង ​៖ សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​ឃាតករ​បាញ់ចំក្បាល​ស្លាប់​ រួចសែង​ចេញ​ពីលើ​រថយន្ត​យកមក​បោះចោលនៅលើ​ផ្លូវលំ ក្បែរផ្លូវ​ជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧០ និង​៧១ ស្ថិតនៅក្នុងភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សពជនរងគ្រោះ ត្រូវបានគេប្រទះឃើញ​ នៅវេលា​ម៉ោង​៧​ និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧​។


​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ ​ស្រុក​រលាប្អៀរ​ បានឱ្យដឹង​ថា​ សព​បុរសខាងលើ ​ស្លៀកខោ​វែង​ការ៉ូពណ៌​សាច់ ពាក់អាវ​ខ្លី​ការ៉ូ​ពណ៌​ស មានអាយុប្រមាណ​ជាង​៤០​ឆ្នាំ រាង​ធាត់ មាឌធំ ​មាន​ទម្ងន់​ប្រមាណ​ជាង​ ៧០គីឡូ ត្រូវបាន​ឃាតករ​បាញ់​ចំក្បាល​ពីក្រោយ ធ្លាយ​មក​ថ្ងាស​ខាងស្តាំ ស្លាប់ ហើយ​នៅលើ​ខ្លួន​សព ​ពុំមាន​ឯកសារ​អ្វី​បញ្ជាក់ ​ពីអត្តសញ្ញាណ​ឡើយ​។ នៅ​កន្លែងកើតហេតុ​ សមត្ថកិច្ច​ពិនិត្យឃើញមាន​សំបក ​កំប៉ុង​ស្រា​បៀរ​អាន់​ឆើ១​កំប៉ុង​ នៅលើ​មាត់​លូទឹកក្បែរ​សាកសព និង​សំបក​កំប៉ុង​អាន់​ឆើ​៤​កំប៉ុង​ ផ្សេងទៀត ​ច្រក​ស្បោង​បោះចោល​ នៅ​មាត់​លូទឹក​ម្ខាង​ទៀត និង​ពិនិត្យ​ឃើញមាន​ស្នាម ​កង់រថយន្ត​ជាន់​ហ្វ្រាំង​នៅលើ​ផ្លូវលំ​ គ្រួស​ក្រហម​ជាប់​ផ្លូវជាតិ​។

​សមត្ថកិច្ច​បានបញ្ជាក់ឱ្យដឹងថា​ មុ​នពេល​ភ្ញាក់ផ្អើល​រឿងនេះ គឺមាន​ស្ត្រី​ម្នាក់បា​ន​ជិះ​ម៉ូតូ​ពី​ត្បូង​មក​ជើង ​(​ពី​ភ្នំពេញ ​ទៅ ​កំពង់ឆ្នាំង​) ពេលមកដល់ចំណុចកើតហេតុ​ នៅ​ម៉ោង​ប្រមាណ​៧​ និង​១០​នាទី​យប់​ ថ្ងៃទី១៦ ខែកក្កដា បានឃើញ​រថយន្ត​ពណ៌​ខ្មៅ​ ១​គ្រឿង​មិន​ស្គាល់​ម៉ាកបានឈប់ និង​បានឃើញ​គេ​សែង​សព​ពីលើ​រថយន្ត ​យកមក​បោះចោលនៅ​ចំណុ​ច​ខាងលើ ហើយ​គេ​បាន​បើករ​ថយន្ត​ចេញទៅ​ទិសខាងជើង​ (​កំពង់ឆ្នាំង​) ​បាត់ទៅ។ បន្ទាប់ម​កនាង​ក៏បាន​និយាយហេតុការណ៍​ ដែល​នាង​បានឃើញ​ប្រាប់​គេឯង​តាមផ្លូវ ក្រោយមកទើប​ដំណឹង​នេះ​ បានដឹង​ដល់​សមត្ថកិច្ច។

​​សមត្ថកិច្ច​ក៏​សូម​អំពាវនាវ​ផងដែរ ដល់​ក្រុមគ្រួសារ​ និង​សាច់ញាតិ​របស់សព ដែលមាន​ភិនភាគ​ដូចខាងលើ​នេះ សូម​មក​ទាក់ទង​ជាមួយអធិការដ្ឋាន ​នគរបាល​ស្រុក​រលាប្អៀ​រ​ ដើម្បី​ទទួលយក​សពជនរងគ្រោះ និង​ផ្តល់ព័ត៌មាន​មួយចំនួន​ដល់​សមត្ថកិច្ច​ ទាក់ទង​នឹងការបាត់​ខ្លួន និង​ការស្លាប់​របស់​ជនរងគ្រោះ​។ ដោយឡែក​ក្នុងករណីឃាតកម្ម​ ខាងលើនេះ ត្រូវបាន​គេ​ដាក់​ការសង្ស័យ​ភាគច្រើន​ថា ជាការ​សម្លាប់​ប្លន់​យក​រថយន្ត​តាក់ស៊ី ឬ​ជា​ករណី​សម្លាប់​ក្នុង​រឿង​គំនុំ​អ្វីមួយ ដែល​ជនរងគ្រោះ​អាចជា​អ្នក​នៅក្រៅ​ខេត្តកំពង់ឆ្នាំង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684