ព័ត៍មានទាន់​ហេតុការណ៏
Search

ឯម ឡេង​លី ឈ្នះ Khumkrabie ឯ ឡៅ ចន្ទ្រា​ឈ្នះ Petchphumpharn ដោយ​ពិន្ទុ​ដូចគ្នា​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ឯម ឡេង​លី ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​និង​ឡៅ ចន្ទ្រា អ្នក​ប្រដាល់​ជើង​ខ្លាំង ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១ ប្រកួត​ឈ្នះ​ថៃ​ដោយ​ពិន្ទុ​ដូចគ្នា ក្នុង​ការជួប​ប្រកួត​គ្នា កាលពី​យប់​ថ្ងៃអាទិត្យ ទី​១៦​ ខែកក្កដា ឆ្នាំ២០១៧ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

ឯម ឡេង​លី ដែល​ទើបតែ​ប្រកួត​បាន ​១៧​លើក ឈ្នះ​ ១៥​លើក ចាញ់​ ២​លើក និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​ ១៥​លើក​នោះ លើក​នេះ​គេ​បាន​វាយ​ឈ្នះ Khumkrabie ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។

Khumkrabie ដែលមាន​កំនត់ត្រា​ប្រកួត​ដល់​ទៅ​ ៧១​លើក បាន​ត្រូវ​ឡេង​លី វាយ​ឲ្យ​ដួល​នៅក្នុង​ទឹក​ទី​៤ ដោយសារ​កណ្តាប់ដៃ​ដាល់​ចំ​ចុងដង្ហើម ប៉ុន្តែ​ក្រោយ​អាជ្ញាកណ្តាល​រាប់​ដល់​៨ Khumkrabie គេ​បាន​បន្ត​ការប្រកួត​ទៀត ហើយ​ប្រកួត​រហូតដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​ឡេង​លី​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។ ពួកគេ​ទាំងពីរ​នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៦៩​គីឡូក្រាម។

Khumkrabie គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​ហើយ កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៧ ដោយ​វាយ​ស្មើ​ជាមួយ​ម៉ឺន សុភា អ្នក​ប្រដាល់​ជើង​ខ្លាំង​សមាគម​កីឡា​ក្រសួងការពារជាតិ ដូច្នេះ​គេ​មិនធម្មតា​នោះឡើយ​។ តែ​មក​លើក​នេះ​ធ្វើ​អ្វី​ឯម ឡេង​លី អត់​បាន ថែមទាំង​ត្រូវ​ឡេង​លី​វាយ​រាប់​ម្តង​ថែមទៀត ។​

ចំណែក​អ្នក​ប្រដាល់​ជើង​ខ្លាំង ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ក៏បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Petchphupharn ដោយ​ពិន្ទុ​ដែរ បន្ទាប់ពី​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។ ​ពួកគេ​ទាំងពីរ​នាក់​នេះ ប្រកួត​ក្នុង​ទម្ងន់ ​៦៥ គីឡូក្រាម។​

ឡៅ ចន្ទ្រា ឡើង​ប្រកួត​ជាមួយ ​Petchphupharn​ លើក​នេះ គឺ​វាយ​អត់​មាន​ផ្លែ​ល្អ​សោះ ដែល​ធ្វើ​អោយគេ​ឈ្នះ​ត្រឹម​ពិន្ទុ​នោះ។ ​ឡៅ ចន្ទ្រា ដែលមាន​កំនត់ត្រា​ប្រកួត​រហូតដល់​ ៩៥​លើក ឈ្នះ​៨៦​លើក ចាញ់​០៦​លើក និង​ស្មើ​០៣​លើក​នោះ ក៏​មិនអាច​ផ្តួល Petchphupharn​ ដែលមាន​ប្រវត្តិ​ប្រកួត​ត្រឹម ៦៥​លើក ឈ្នះ​៤១​លើក ចាញ់​២៤​លើក មុន​ចប់​ទឹក​៥​បានដែរ។

​ដោយឡែក ការប្រកួត​រវាង​ខ្មែរ​ និង​ខ្មែរ​វិញ រិ​ទ្ធ អាទិត្យ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​ប្រកួត​ឈ្នះ​ម៉ន ភី​រម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ពិន្ទុ ដែល​ធ្វើ​ឲ្យគេ​សងសឹក​បានសម្រេច។ ​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៥៤ គីឡូក្រាម។

​ការប្រកួត​គ្នា​លើក​មុន ម៉ន ភី​រម្យ វាយ​ឈ្នះ​រិ​ទ្ធ អាទិត្យ ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ ។​តែ​ការជួបគ្នា​លើក​ទី​២​នេះ រិ​ទ្ធ អាទិត្យ​គេ​វាយ​ប្តូរ​កែង​ជង្គង់​គ្នា​តាំងពី​ក្នុង​ទឹក​ទី​១​ទៅ​ម្ល៉េះ ដែល​ធ្វើអោយ​ចប់​ការប្រកួត រិ​ទ្ធ អាទិត្យ​ឈ្នះ​ម៉ន ភី​រម្យ ដោយ​ពិន្ទុ​។​ទោះជា​យ៉ាងណា អាទិត្យ បាន​សងសឹក ម៉ន ភី​រម្យ បានសម្រេច​ហើយ។

•​ ​ចៅ ផល​ឌឿ ចាញ់ វ៉ាន់ ចាន់​វ៉េ​ត ខ​ណៈសំអាង ឌុន ផ្តួល​សុខ​ចិន្តា​ទឹក​១
​វ៉ាន់ ចាន់​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​យកឈ្នះ​ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ ក្រោយពី​វាយ​គ្នា​ ៥​ទឹក​ពេញ នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០១៧​។​

ចៅ ផល​ឌឿ ចាញ់​ពិន្ទុ​វ៉ាន់ ចាន់​វ៉េ​ត​នេះ ដោយសារតែ​គេ​ទាប​ពិបាក​វាយ​ធ្វើអោយ​ចាញ់​ប្រៀប ​ចាន់​ វ៉េ​ត សឹងតែ​គ្រប់ទឹក។ តែ​យ៉ាងណា ផល​ឌឿ បាន​ឆ្មក់​ត្រូវ​ ចាន់ ​វ៉េ​ត​ មួយ​ដៃៗ​ដែរ ដែល​មួយ​ដៃៗ​នេះ ធ្វើឲ្យ​ចាន់​វ៉េ​ត​ចង់​បះជើង​ម្តងៗ​ដែរ។ ជាការ​ជួបគ្នា​លើកដំបូង សម្រាប់​ពួកគេ​ទាំងពីរ​នាក់​នេះ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ទម្ងន់ ​៦៥​គីឡូក្រាម។​

ប៉ុន្តែ​យ៉ាងណា ចៅ ផល​ឌឿ ដែលមាន​ចិត្ត​ប្រដាល់​ធំ គេ​មិនចេះ​ខ្លាច​នរណា​នោះទេ ឲ្យ​តែមាន​ទម្ងន់​ស្មើគ្នា គេ​វាយ​ទាំងអស់​មិន​ថា​ខ្ពស់​ឬ​ទាប ឬមួយ​ខ្លាំង​អ្វី​ណោះ​ឡើយ។ ដោយសារតែ​យ៉ាងនេះ​ហើយ ចៅ ផល​ឌឿ​ឡើង​ប្រកួត​មិនសូវ​ដែល​ឈ្នះ​នរណា​ទេ ព្រោះតែ​ចាញ់​កម្ពស់​នោះ។

ចំណែក អ្នក​ប្រដាល់​សុខ ចិន្តា ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ត្រូវ​សំអាង ឌុន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ប្រើ​កណ្តាប់ដៃ​ដាល់​ដាល់​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១។​ ពួកគេ​ប្រកួត​ក្នុង​ទម្ងន់ ​៦៥​គីឡូក្រាម ។​

សំអាង ឌុន គ្រាន់តែ​ចាប់ផ្តើម​ទឹក​១​ភ្លាម គេ​សម្រុក​វាយ​ទៅលើ​សុខ ចិន្តា ដោយ​ប្រើ​ជើង​ទាត់​ផង ជង្គង់​ផង និង​ចុងក្រោយ​ប្រើ​កណ្តាប់ដៃ​ដាល់​ចំ​ចង្កា​មួយ​ដៃ ជាហេតុ​បណ្តាល​ចិន្តា ដួល​ដេក​វង្វេងស្មារតី ទោះបី​អាជ្ញាកណ្តាល​រាប់ដប់​ហើយ ក៏​គេ​មិនអាច​ក្រោក​បន្ត​ការប្រកួត​ទៀត​បានដែរ។

យ៉ា​ម រ៉េត អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា បាន​ប្រកួត​ចាញ់ ឃឹម ពេជ្រ​ចិន្តា អ្នក ប្រកួត​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា ​៥​ទឹក​ពេញ​នោះ។​ ពួកគេ​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៦៥​គីឡូក្រាម​ដែរ ។​

រីឯ ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​ប្រកួត​ឈ្នះ ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី​ដោយ​ពិន្ទុ​ដែរ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ទម្ងន់​ ៦០​គីឡូក្រាម។ ឈាន រស្មី បាត់​មុខ​ពីស​ង្វៀន​មួយឆ្នាំ​ហើយ ដូច្នេះហើយ​ទើប​ចាញ់​ជើង​ថ្មី​ចាន់ វ៉ា​រិ​ទ្ធ នោះ។

•​ ​មួន មូល ជា​ម្ចាស់​ពានរង្វាន់​បាយ័ន​ទម្ងន់ ​៦០​គីឡូក្រាម​

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ ៦០​គីឡូក្រាម ៤​រូប ដែល​ឡើង​ប្រកួត​ដណ្តើម​ពានរង្វាន់​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន ក្នុង​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម កាលពី​ល្ងាច​ថ្ងៃ​សៅ​រិ៍​ ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៧ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នោះ ទីបំផុត​បាន​ទៅ​អ្នក​ប្រដាល់ ស្រករ​ក្រោយ​មួន មូល ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្រោយពី​គេ​បាន​ផ្តួល​លួ​ន សុខ​ខេង ជើងចាស់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ក្នុង​ទឹក​ទី ១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​។​

មួន មូល ក្នុងការ​ប្រកួត​ជម្រុះ​ដំបូង គេ​បាន​វាយ​ឈ្នះ​ជើងចាស់​ន​ន់ ជំនិត ​ក្លិប​នាគរាជ​មានជ័យ​ដោយ​ពិន្ទុ ឯ លួ​ន សុខ​ខេង គេ​ប្រកួត​ឈ្នះ​ឈួន រិទ្ធី សមាគម​កីឡា​ក្រសួងការពារជាតិ​ក្នុង​ទឹក​ទី​២។ ពួកគេ​ទាំង​ ៤​នាក់​នេះ ត្រូវ​ប្រកួត​ទៅតាម​រូបមន្ត​ជា​ Marathon គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រកឃើញ​អ្នកឈ្នះ​ម្ចាស់​ពានរង្វាន់​ក្នុងពេល​តែមួយ។​

​គួរ​បញ្ជាក់ថា ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី សម្រាក ​២​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​វាយ​៥​ទឹកតែ​មួយ​ទឹក​វាយ​តែ​២​នាទី​ប៉ុណ្ណោះ។​

​គួរ​រម្លឹក​ឲ្យដឹង​ដែរ​ថា កាលពី​ប្រកួត​ដណ្តើមពាន​រង្វាន់​បាយ័ន​ទម្ងន់ ​៦០​គ​.​ក្រ កាលពី​ ២៩​-មេសា-​២០១៧ កន្លងមក​នោះ គឺ​បាន​ទៅលើ​អ្នក​ប្រដាល់​ព្រឿង សុជាតិ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ។​

ដោយឡែក គូប្រកួត​ក្រៅពី​គូ​ដណ្តើមពាន​នេះ ម៉ន ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កង​ទ​ព័​ជើងគោក ដែល​ឡើង​ប្រកួត​សងសឹក​វឿន សា​វិ​ន អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​នោះ គឺ​មិន​ប្រកាស​លទ្ធផល​នោះទេ បន្ទាប់ពី​ពួកគេ​ទាំងពីរ ប្រកួត​គ្នា​មិន​អស់ពី​សមត្ថភាព ត្រូវគេ​បញ្ឈប់​លែងឲ្យ​ប្រកួត​ក្នុង​ទឹក​ទី​២៕

​ ​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684